រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​បានឱ្យ​ដឹង​ថា នៅ​រ​សៀ​ល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨​នេះ លោក អ៊ី ឋា​វរៈ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះ​លែង បុរស​ជា​ប្តី​ដែល​វាយ​ប្រពន្ធ​ខ្លួនឯង​ខៀវ​ភ្នែក ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយ​ដាក់​ជន​ត្រូវ​ចោទ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

លោក ងិ​ន ពេជ្រ ជា​តំណាង​អយ្យការ​បាន បានឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​នេះ​ថា ក្រោយ​ពី​ពិនិត្យ​សំណុំរឿង លោក​បាន​បើក​ការ​ស៊ើបសួរ ដោយ​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ សរ ច​ន្នី​រឹទ្ធ ភេទ​ប្រុស​ពី​បទ អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ ឬ​អ​នីតិ​សង្វាស​ជន ប្រព្រឹត្ត​កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨​ យោង​តាម​មាត្រា២២៤ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី២​ឆ្នាំ ទៅ​៥​ឆ្នាំ ។

លោក​ព្រះរាជអាជ្ញា​រង ងិ​ន ពេជ្រ បន្តថា ​លោក​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ ចៅក្រម​ស៊ើបសួរ ដោយ​ស្នើ​សុំ​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ ប៉ុន្តែ​បើ​ចៅក្រម​ស៊ើបសួរ មិន​ឃុំខ្លួន​ជន​នោះ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ។

លោក​បន្ថែម​ថា មក​ដល់​ពេល​នេះ ​លោក​មិន​ទាន់​បាន​ទទួល​សេចក្តីជូនដំណឹង​ពីចៅក្រម​ស៊ើបសួរ អំពី​ការ​សម្រេច​មិន​ឃុំខ្លួន​ ជន​ត្រូវ​ចោទ​ខាងលើ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ទំពុន​ទី​២ ​បាន​ឃាត់ខ្លួន ជន​ត្រូវ​ចោទ​ឈ្មោះ សរ ច​ន្នី​រឹទ្ធ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ម្សិលមិញ តាម​បញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

គួរ​រំលឹក​ថា កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ សរ ច​ន្នី​រឹទ្ធ ជា​ប្ដី​បាន​ប្រើ​ហិង្សា វាយ​ប្រពន្ធ​ខ្លួន​ខៀវ​ភ្នែក​។ បន្ទាប់​មក ប្រពន្ធ​បាន​ទៅ​ប្តឹង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ទំពុន​ទី​២ និង​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ផ្អើល​ដល់ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​នាក់ ៕

Comments

comments