ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ដេក​ឱប​សព​ប្រពន្ធ​នៅ​ក្នុង​មុង ទាំង​ស្ថានភាព​ស្រវឹង ដែល​ធ្វើ​ឱ្យ​មហាជន និង​សមត្ថកិច្ច​សង្ស័យ​ថា បុរស​នេះ​ជា​ឃាតករ​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង ការ​ពិត​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ មិនមែន​ជា​ករណី​ឃាតកម្ម​ទេ ។

ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​អោយ​ដឹង​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឃិ​ន វ​ណ្ណា អាយុ​៣៧​ឆ្នាំ និង​បុរស​ជា​ប្តី​នោះ​ឈ្មោះ អ៊ុ​ក ចាន់​សី អាយុ​៣៨​ឆ្នាំ ជា​អ្នក​រកស៊ី​ចាប់​ម៉ូយ​ដាក់​រថយន្ត​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មានកូន​ស្រី​ម្នាក់​អាយុ​៣​ឆ្នាំ​ជា​ចំណងដៃ ។

ក្រោយ​មានការ​ភ្ញាក់ផ្អើល​ថា បុរស​ជា​ប្តី​សម្លាប់​ប្រពន្ធ​ហើយ មាន​អ្នក​យក​ព័ត៌មាន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យក​ទៅ​ផ្សព្វផ្សាយ​តាម​គ្នា ស្រប​ពេល​ដែល​ឃើញមនុស្ស​ក៏​ផ្អើល​ចោមរោម​មើល​យ៉ាង​កកកុញ ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទៀត​​ឃើញ​ថា សព​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ គឺ​មាន​សភាព​ហើម​ទៅ​ហើយ ដោយ​មិនដឹង​ថា ស្លាប់​តាំងពី​ពេល​ណា​ទេ និង​មាន​ស្លាកស្នាម​ហើម​ជាំ​ខ្មៅ​ពេញ​ផ្ទៃ​មុខតែ​ម្តង ហើយ​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​មើល បើក​មុង​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ហើយ​បុរស​ជា​ប្តី​ដេក​ឱប​សព​ប្រពន្ធ​ទាំង​ស្រវឹង​ជោកជាំ​សួរ​លែង​ដឹង​អី ។ ភ្លាម​​នោះដែរដោយសារ​លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​មិន​ទាន់​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា ជា​អំពើ​ឃាតកម្ម ប្តី​សម្លាប់​ប្រពន្ធ ទើប​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​រង​ភាព​អាម៉ាស់ និង​ជាប់​បណ្តឹងអាជ្ញា ទាំង​គ្មាន​ដឹង​អី ។

ដើម្បី​កុំអោយ​ដាក់ទោស​ខុស​មនុស្ស នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា នេះ​សមត្ថកិច្ច​ជំនាញ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ណ៌​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត រួម​ទាំង​គ្រូពេទ្យ​បាន​ចុះ​បើក​ការ​ស៊ើប​អ​ង្គេ​ត​ក្នុង​ករណី​មួយ​នេះ ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​យ៉ាង​ល្អិតល្អន់​រួម​មក ដោយ​រក​ឃើញ​ថា ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ដោយសារ​ជម្ងឺ​ពិតប្រាកដ​មែន មិនមែន​ប្តី​សម្លាប់​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រុក​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ បាន​ចេញ​មុខ​បកស្រាយ​ប្រាប់​សមត្ថកិច្ច​គ្រប់​ៗ​គ្នា​ថា បុរស​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះជា​មនុស្ស​ស្អាតស្អំ​ទេ ព្រោះ​ពួក​គាត់​ឃើញ​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ណាស់ រហូត​ពេល​ខ្លះ​បញ្ចុក​បាយ និង​ងូតទឹក​ឲ្យ​ប្រពន្ធ​ថែម​ទៀត​ផង ។

បើ​តាម​ប្រភព​អ្នកស្រុក ដែល​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ខាងលើ បានឱ្យ​ដឹង​ថា គ្រួសារ​ខាងលើ ទើបតែ​មក​រស់នៅ​បាន​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ មុន​កើតហេតុ គេ​បានឮ​សំឡេង​ទាំង​២​នាក់ ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង លាន់ឮ​ក្តុងក្តាំង​ពេញ​ផ្ទះ​ទៀត​ផង តែ​គ្មាន​អ្នក​ចាប់អារម្មណ៍ ។ លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ឃើញ​ប្រពន្ធ​ស្លាប់ ហើយ​ប្តី​ដេក​ឱប​សព ។

ក្រោយ​កើតហេតុ ជនសង្ស័យ បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ខ្លួន​មិន​បាន​សម្លាប់​ប្រពន្ធ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ព្រោះ​យប់​ថ្ងៃ​ទី​៣ មេ​សា ប្រពន្ធ​ឈឺ ហើយ​បៅ​រូប​គាត់​ឲ្យ​កោសខ្យល់​ឲ្យ បន្ទាប់​មក​លើក​ប្រពន្ធ​ទៅ​ងូតទឹក និង​ផ្លាស់​សម្លៀក​បំពាក់​ឲ្យ ។ ក្រោយមក​ប្រពន្ធ បាន​ប្រាប់​ថា ឃ្លាន​ផឹកស្រា ខ្លួន​ក៏​ទិញ​ស្រាថ្នាំ​១​លី​ត្រ ឲ្យ​ប្រពន្ធ​ផឹក​រួម​ទាំង​រូប​គាត់​ផង​ដែរ ផឹក​ទាំង​២​នាក់ លុះ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា បានដឹង​ថា​ប្រពន្ធ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ជនសង្ស័យ​ជា​ប្តី បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ប្រពន្ធ​ស្លាប់ រូប​គាត់​មិន​ហ៊ាន​ប្រាប់​នរណា​ទេ សុខចិត្ត​ដេក​ឱប​សព​ប្រពន្ធ ព្រោះ​មិន​ចង់​ឲ្យ​នាង​ទៅ​ណា​ឆ្ងាយ​ពី​ខ្លួន ហើយ​ពេល​បើក​មឈូស​មើល​មុខ​ប្រពន្ធ​ខ្លួន​ថែម​ទាំង​បង្ហូរទឹកភ្នែក និង​បាន​ថើប​សព​ក្នុង​មឈូស​នៅ​វត្ត​ឃោ​ស្ថា​រាម ហៅ​វត្ត​ត្រាច ខេត្តបន្ទាយមានជ័យ ។

ប៉ុន្តែ​ក្រោយមក​សមត្ថកិច្ច​យក​ត្រឡប់​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​វិញ​ដោយ​លោក ព្រំ ពិសិដ្ឋ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា រង​ចាំ​គោល​ការ​ណ៌​ពី​លោក​ព្រះរាជអាជ្ញា​សិន​បើ​ឲ្យ​បញ្ជូន​គឺ​បញ្ជូន​បើ​ឲ្យ​ដោះ​លែង​គឺ​ដោះ​លែង ៕

ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​របស់​សព​ស្ត្រី​រង​គ្រោះ ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​រក​មូលហេតុ ទើប​ដឹង​ការ​ពិត នៃ​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក ព្រំ ពិសិដ្ឋ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត រង​ចាំ​គោល​ការ​ណ៌​ពី​លោក​ព្រះរាជអាជ្ញា​សិន ទើប​អាច​ដោះ​លែង​ដោះ​លែង​បាន ៕