ខាងលើ​នេះ ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ ក៍​ដូច​ជា​អ្នកវិភាគ​មួយ​ចំនួន ខណៈ​ដែល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ព្រឹក​ថ្ងៃ​សុក្រ ០៦​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ មុន​ពេល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក តា​រ៉ូ កា​ណូ (Taro Kono)​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ខែមេសា​នេះ​។

យ៉ាងណា​ក៍ដោយ គិត​ត្រឹម​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ មិន​ទាន់​មាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បញ្ជាក់​លម្អិត​អំពី​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​០៤​ថ្ងៃ​របស់​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នេះ​នៅឡើយ​ទេ គ្រាន់តែ​បញ្ជាក់​ថា​តាម​គម្រោង​ព្រះ​អង្គ​នឹង​យាង​និវត្តន៍​មក​កាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែមេសា ដើម​ស​ប្តា​ហ៍​ក្រោយ​នេះ​ប៉ុណ្ណោះ ។

បើតាមផេកហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះអង្គយាងទៅប្រទេសជប៉ុននាពេលនេះ គឺដើម្បី​ចូលរួម​សម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ នៅព្រះរាជាណាចក្រជប៉ុន ។

មិន​ទាន់​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បាន​លើក​ឡើង​ក្រោយ​ជំនួប​រវាង​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន លោក កេ​នតា​រ៉ូ សូ​នូ​រ៉ា និង​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨​នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក តា​រ៉ូ កា​ណូ នឹង​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នា​ខែមេសា​ខាង​មុខ ដើម្បី​រឹតចំណង​ការទូត​ប្រទេស​កម្ពុជា​-​ជប៉ុន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ អំឡុង​ពេល​ទស្សនកិច្ច​នោះ កម្ពុជា​-​ជប៉ុន នឹង​ចុះហត្ថលេខា​លើ​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​បន្ថែម​ទៀត ។ ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ក៏​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​ខួប ៦៥​ឆ្នាំ នៃ​ចំណង​ការទូត​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

យ៉ាងណា​ក៍ដោយ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​ជប៉ុន​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​និង​តាមដាន​នយោបាយ​មួយ​ចំនួន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ លោក តា​រ៉ូ កា​ណូ អាច​នឹង​លើក​ឡើង​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ព្រោះ​ជប៉ុន​ជា​ប្រទេស​ផ្តល់​ជំនួយ​យ៉ាងច្រើន​ដល់​កម្ពុជា​ចាប់តាំងពី​មុន​និង​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ហើយ​ជប៉ុន​ក៍​ធ្លាប់​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ឲ្យ​មានការ​ផ្សះផ្សា​នយោបាយ ក្រោយ​ពេល​មេដឹកនាំ​នយោបាយ​ខ្មែរ​ឈ្លោះ​គ្នា​នា​ពេល​កន្លង​មក​ដែរ ។

ទោះ​យ៉ាងណា​ក្តី អ្នក​នាំពា​ក្យ្​ក្រសួងការបរទេស លោក ជុំ​សុន្ទរី បាន​បញ្ជាក់​ថា ជប៉ុន​តែង​ប្រកាន់​គោលការណ៍ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​បាន​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា នឹង​បន្ត​ស្ថិត​ក្នុង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ ទាំង​ទ្វេភាគី និង​ទាំង​នៅ​លើ​ឆាក​អន្តរជាតិ ។

ដំណើរ​យាង​ទៅ​កាន់​ប្រទេស​ជប៉ុន​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ជប៉ុន និង​ប្រមុខ​ការទូត​ជប៉ុន លោក តា​រ៉ូ កា​ណូ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នា​ពេល​ខាង​មុខ​នេះ បាន​កើតឡើង​ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​និង​កំពុង​អួរ​អាប់​យ៉ាង​ខ្លាំង ក្រោយ​ការ​ចាប់​និង​ឃុំខ្លួន​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អវត្តមាន​លោក សម រ​ង្ស៊ី នៅ​ក្នុង​ប្រទេស​ក្រោយ​រង​បណ្តឹង​ជា​ច្រើន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាមឃាត់​មន្ត្រី​គណបក្សប្រឆាំង​ជាង​១០០​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ និង​ចុង​ក្រោយ​តុលាការ​កោះហៅ​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​៦​រូប រាប់​ទាំង​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៍​មាន​ប្រជាប្រិយភាព ពាក់​ព័​ន្ឋ​នឹង​ការ​ធ្វើ​សកម្មភាព​នយោបាយ ផ្ទុយ​ពី​ការ​ហាមឃាត់​របស់​ច្បាប់ ។

អ្នក​តាមដាន​និង​អ្នកវិភាគ​បាន​លើក​ឡើង​ថា ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​មុន​ៗ តែ​យ៉ាងនេះ​ក្តី​ក៍​គេ​មាន​ជំនឿ​ថា​នយោបាយ​ខ្មែរ​នឹង​មានការ​ប្រែប្រួល ព្រោះ​កន្លង​មក​ករណី​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ​ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ជា​ច្រើន​ឆ្នាំ​ពាក់​ព័​ន្ឋ​នឹង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​បង្ហូរឈាម​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៥-៦ កក្កដា ១៩៩៧ និង បណ្តឹង​របស់​លោក ញឹក ប៊ុ​ន​ឆៃ ពាក់​ព័​ន្ឋ​នឹង​ការ​លក់​ទីស្នាក់ការ​បក្ស​នៅ​ជ្រោយចង្វារ​ក្តី ក៍​សម្តេចក្រុមព្រះ​បាន​យាង​ចូល​ប្រទេស​វិញ​ក្រោយ​ព្រះមហាក្សត្រ​លើកលែងទោស​តាម​សំណើ​បុរស​ខ្លាំង ហ៊ុន សែន និង​បន្ត​ធ្វើ​នយោបាយ​ជា​បន្តបន្ទាប់​រហូត​ទាល់តែ​រលាយ​បក្ស ។

ចំណែក​លោក សម រ​ង្ស៊ី​នោះ​វិញ ក៍​ធ្លាប់​ត្រូវ​បាន​ចោទ​ពី​ទោស​ក្បត់ជាតិ​ដូច​ពេល​បច្ចុប្បន្ន ហើយ​អំឡុង​ពេល​ចោទ​នោះ សូ​ម្បី​តែ​នៅ​តាម​មហាវិទ្យាល័យ​និង​ក្រសួង​ស្ថាប័នរដ្ឋ និង​ឯកជន​មួយ​ចំនួន ក៍បាន​សរសេរ​បដា​ថា​លោក សម រ​ង្ស៊ី ជា​ជន​ក្បត់ជាតិ តែ​ទីបំផុត​លោក សម រ​ង្ស៊ី មិន​ខុស​ពី​សម្តេចក្រុមព្រះ​គឺ​វិល​ចូល​ប្រទេស​និង​ធ្វើ​នយោបាយ​វិញ ហើយ​មាន​សកម្មភាព​និង​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ។

ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ច្រើន​ដង​មក​ហើយ​ថា លោក​នឹង​មិន​លើកលែង​ឲ្យ​លោក សម រ​ង្ស៊ី និង​មិន​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក សម រ​ង្ស៊ី ជា​ដាច់ខាត រហូត​លោក​ហ៊ាន​ប្រកាស​កាត់​ដៃស្តាំ​លោក​ចោល​ប្រសិនបើ​លោក​លើកលែង​ឲ្យ​លោក សម រ​ង្ស៊ី​ម្តងទៀត ។

រីឯ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៍​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន​នោះ​វិញ ក៍បាន​លើក​ឡើង​ដែរ​ថា «​ខ្មោច​ងាប់​ហើយ មិន​អាច​រស់​ឡើង​វិញ​បាន​ទេ​»​ដែល​លោក​ចង់​សំដៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​ប្រកាស​រំលាយ​ហើយ ស្មើនឹង​ងាប់​គឺ​មិន​អាច​រស់​និង​ធ្វើ​សកម្មភាព​ឡើង​វិញ​បាន​ទេ ។

យ៉ាងណា​ក៍ដោយ រង់ចាំ​តាមដាន​កា​រវិ​វត្ត​នយោបាយ​ជាមួយ​«​អង្រុត​»​បន្ត​ទៀត តើ​អាច​នឹង​មាន​អ្វី​កើតឡើង​ក្រោយ​ព្រឹ​ត្ត​ការណ៍​ដ៍​សំខាន់​ទាំង​ពីរ​ខាងលើ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៦ កាន់តែ​ខិតចូល​មក​ដល់ ទន្ទឹម​នឹង​គណបក្សប្រឆាំង​ដែល​គេ​គិត​ថា​ជា​ដៃគូ​ដ៍​សក្តិ​សម​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នៅ​មិន​ទាន់​កើតឡើង​នៅឡើយ ។

គេ​ស​ង្សឹ​ម​ថា បើ​អ្នក​ន​យោ​យ​បាយ​ខ្មែរ ប្រកាន់​យក​យក​ផលប្រយោជន៍​ជាតិ​ជា​ធំ នោះ​ការ​ផ្សះ​ផ្សាយ​នយោបាយ​មួយ​ទំនងជា​នឹង​ចេញ​រួច ព្រោះ​សូ​ម្បី​តែ​បុរស​ខ្លាំង ហ៊ុន សែន ក៍​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ច្រើន​ដង​មក​ហើយ​ថា «​គ្មាន​អ្នក​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះ​ទេ​»៕

Comments

comments