ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា និង​ភរិយា ព្រមទាំង​មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ក្នុង​បរិវេណ​ស្ថានទូត​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ ។

នៅ​ក្នុង​ពិធី​ដែល​មាន​អ្នកចូលរួម​ពី​មន្ត្រី​ក្នុង​និង​ក្រៅ​ស្រុក​ប្រមាណ​ជិត​៣០០​នាក់ ក៍​មានការ​សម្តែង​វគ្គ​មួយ​ក្នុង​រឿង «​ទុំ​ទាវ​» ដែល​សម្តែង​ដោយ​លោក William (​ឬ Bill) A. Heidt និង​ភរិយា​ជា​ជនជាតិ​ខ្មែរ ។
ក្រៅពី​នេះ​ក៍​មានការ​សម្តែង​របាំ​រស្មី​ដួង​ចន្ទ និង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេង​ៗ​ផង​ដែរ ។

លោក William (​ឬ Bill) A. Heidt បាន​ទទួល​ការ​យល់ព្រម ពី​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លើ​ការ​តែងតាំង​រូប​លោក ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៥ ហើយ​បាន​ស្បថ​ចូល​បំពេញការងារ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥​។

មុន​ពេល​ទទួល​បានការ​យល់ព្រម ពី​ព្រឹទ្ធសភា​លើ​ការ​តែងតាំង​រូប​លោក លោក​ឯកអគ្គរដ្ឋទូត Heidt ដែល​មាន​អាជីព នៅ​ក្នុង​ផ្នែក​កិច្ចការបរទេស បាន​ធ្វើ​ជា​ប្រធាន​បុគ្គលិក​របស់​ឧបការី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កំណើនសេដ្ឋកិច្ច ថាមពល និង​បរិស្ថាន នៅ​ក្នុង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។ នៅ​ក្នុង​តួនាទី​នេះ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ជួយ​កំណត់​ការ​ពាក់ព័ន្ធ របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​ពិភពលោក លើ​បញ្ហា​បរិស្ថាន ថាមពល និង​សេដ្ឋកិច្ច​អន្តរជាតិ ដែល​រួម​មាន​ផង​ដែរ នូវ​គំនិត​ផ្តួចផ្តើម របស់​លោក​រដ្ឋមន្ត្រី​ស្តី​ពី​ការ​ជួញដូរ​សត្វព្រៃ ការ​អភិរក្ស​ផ្នែក​សមុទ្រ ការទូត​ទាក់ទង​នឹង​សេដ្ឋកិច្ច​។

ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ធ្វើ​ជា​អនុប្រធាន​ទូត​សហរដ្ឋអាមេរិក នៅ​ក្នុង​ទីក្រុង​វ៉ា​សូ​វី នៃ​ប្រទេស​ប៉ូ​ឡូញ​។ នៅ​ទីក្រុង​វ៉ា​សូ​វី លោក​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បញ្ជាការដ្ឋាន​ប្រចាំ​នៅ​អឺរ៉ុប ដើម្បី​បង្កើត​វត្តមាន​យោធា​អចិន្ត្រៃយ៍ របស់​សហរដ្ឋអាមេរិក​លើក​ដំបូង នៅ​ប្រទេស​ប៉ូ​ឡូញ បាន​ដឹកនាំ​ការ​រៀបចំ​សំរាប់​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Obama និង​បាន​ចាត់ចែង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចំពោះ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​របស់​ប្រធានាធិបតី​ប៉ូ​ឡូញ ប្រកបដោយ​សោកនាដកម្ម នៅ​ក្នុង​ឆ្នាំ ២០១០​។

ការងារ​ដទៃ​ទៀត របស់​លោក​ឯកអគ្គរដ្ឋទូត Heidt នៅ​បរទេស​រួម​មាន​ការងារ​នៅ​ទីក្រុង Jakarta នៃ​ប្រទេស​ឥ​ណ្តូ​នេ​ស៊ី រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា និង​ទីក្រុង Poznan នៃ​ប្រទេស​ប៉ូ​ឡូញ​។ បន្ទាប់​ពី​បាន​បំពេញការងារ​នៅ​រាជធានី​ភ្នំពេញ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ទទួល​រង្វាន់ “​ភាពល្អ​ប្រពៃ​ក្នុង​កិច្ច​ការទូត​ទាក់​នឹង​ការងារ​” (Excellence in Labor Diplomacy) ដែល​ត្រូវ​បាន​ផ្តល់​អោយ​រួម​គ្នា ដោយ​ក្រសួងការបរទេស​និង​ក្រសួង​ការងារ​របស់​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០០០ ចំពោះ​ស្នាដៃ​ឆ្នើម​របស់​លោក​ដើម្បី​សិទ្ធិ​របស់​កម្មករ និង​សហជីព​ឯករាជ្យ នៅ​ប្រទេស​កម្ពុជា​។

លោក​ថែម​ទាំង​បាន​បំពេញ​កិច្ចការ ក្នុង​ប្រទេស​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​ញូយ៉ក ដោយ​បាន​ធ្វើ​ជាទី​ប្រឹក្សា​សំរាប់​កិច្ចការ​សង្គមកិច្ច និង​សេដ្ឋកិច្ច នៅ​ក្នុង​បេសកកម្ម​របស់​សហរដ្ឋអាមេរិក នៅ​ឯ​អង្គការសហប្រជាជាតិ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០០៩ ដោយនៅ​ពេល​នោះ លោក​បាន​ធ្វើ​ជា​តំណាង​របស់​សហរដ្ឋអាមេរិក លើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​សាកលលោក​។

លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ទទួល​សញ្ញាប័ត្រ​បរិ​ញ្ញា​ផ្នែក​កិច្ចការបរទេស និង​នយោបាយ​អន្តរជាតិ ពី​សាកលវិទ្យាល័យ​រដ្ឋ Pennsylvania State University និង​សញ្ញាប័ត្រ​អនុ​បណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សាកលវិទ្យាល័យ George Washington University ។ លោក​បាន​រៀន​ចប់​វគ្គ​បណ្តុះបណ្តាល ផ្នែក​សេដ្ឋកិច្ច​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក សំរាប់​ក្រុម​អ្នករៀន​សូត្រ​ពិសេស ហើយ​ចេះ​និយាយ​ភាសា​ប៉ូ​ឡូញ ភាសា​ខ្មែរ ភាសា​ឥ​ណ្តូ​នេ​ស៊ី និង​ភាសា​អា​ឡឺ​ម៉​ង់​។ លោក​បាន​កើត​និង​រស់នៅ​ក្នុង​ទីក្រុង Erie នៃ​រដ្ឋ Pennsylvania ហើយ​បាន​រៀប​ការ និង​មាន​បុត្រា​ម្នាក់​។

លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ក៍​ធ្លាប់​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​និង​វាយប្រហារ​ចំ​ៗ​ជា​ច្រើន​ដង តែ​ការ​រិះគន់​នោះ​លោក​ក៍បាន​ឆ្លើយ​តប​វិញ ធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​ពី​លោក ហ៊ុន សែន ផង​ដែរ ៕

 


Comments

comments