ភ្នំពេញ ៖ បេក្ខជន​ គ្រី ថៃ​ពៅ ក្លាយជា​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​៣ សម្រេច​ដូច​ក្តី​ស្រមៃ ក្រោយ​ពីបាន​យកឈ្នះ​បេក្ខភាព សៀ​ក ញញឹម មក​ពី​ខេត្តកណ្តាល ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​រាត្រី​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨​ ។

នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ប្រលង​ចម្រៀង Cambodian Idol រដូវ​កាល​ទី​៣ ដែល​ក្រុមហ៊ុន​ហង្ស​មាស ទិញ​សិទ្ធិ (License) ពី​អា​មេ​រិ​ក​នេះ មាន​បេក្ខភាព​៤​រូប គឺ​កញ្ញា​ឈាង សុ​វ​ណ្ណា​វី មក​ពី​ខេត្តបន្ទាយមានជ័យ​, កញ្ញា​ចែ​ម ស្រី​លក្ខណ៍ មក​ពី​ខេត្តតាកែវ​, លោក​សៀ​ក ញញឹម មក​ពី​ខេត្តកណ្តាល និង​គ្រី ថៃ​ពៅ មក​ពី​ខេត្តកំពង់ចាម​។

បន្ទាប់​ពី​បេក្ខភាព​នីមួយ​ៗ បាន​បកស្រាយ​ម្នាក់ ៣​បទ​រួច​ហើយ នៅ​ពាក់កណ្តាល​កម្មវិធី អ្នកគ្រប់គ្រង​តម្រូវ​ឱ្យ​ជម្រុះ​បេក្ខជន​២​រូប ចេញពី​កម្មវិធី ដើម្បី​យក​តែ​២​រូប​ប៉ុណ្ណោះ ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ជា​លទ្ធផល ហង្ស​មាស បាន​ប្រកាស​ថា សៀ​ក ញញឹម និង​គ្រី ថៃ​ពៅ ជាប់​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​មាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន ចំណែក​បេ​ក្ខ​នារី​ឈាង សុ​វ​ណ្ណា​វី និង​ចែ​ម ស្រី​ល័​ក្ខ ត្រូវ​ធ្លាក់​ចេញ​ដោយ​ស្វ័យប្រវត្តិ​ ។

អ្នក​ទស្សនា​ផ្ទាល់ និង​តាម​គេហដ្ឋាន មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះថា បេ​ក្ខ​នារី សុ​វ​ណ្ណា​វី និង​ស្រី​ល័​ក្ខ សុទ្ធតែ​មាន​សមត្ថភាព​ច្រៀង​បាន​ល្អ និង​គ្មាន​ការ​ភ្លាត់ស្នៀត​នូវ​ចំណុច​ណាមួយ​ឡើយ បែរជា​មិន​អាច​ឈាន​ទៅ​វគ្គ​ដែល​ត្រូវ​លើក​ពាន​បាន​ទៅ​វិញ ចំណែក​អ្នក​ដែល​បាន​ឈាន​ទៅ​វគ្គ​ទី​២ ផ្តាច់ព្រ័ត្រ សុទ្ធតែ​ជា​បេក្ខជន​ដែល​មាន​សំឡេង​ធម្មតា ហើយ​ច្រៀង​ភ្លាត់​ច្រើន និង​ភ្លេច​ប៉ា​រ៉ូ​ល​ចម្រៀង​ជា​ញយ​ៗ ជា​ពិសេស​នោះ គឺជា​បេក្ខជន​ដែល​ត្រូវ​មហាជន​បោះ​ឆ្នោត​ជម្រុះ​ទៅ​ហើយ តែ​ត្រូវ​បាន​គណៈកម្មការ​ជួយ​សង្គ្រោះ (Save) មក​វិញ​ ។

ទស្សនិកជន​មួយ​ចំនួន បាន​បញ្ចោ​ញ​យោបល់ (Comments) ជា​ច​ម្ង​ល់​ថា កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol នេះ ជ្រើស​យក​សំឡេង ឬ​ជ្រើស​យក​អ្វី​ ? បានជា​បេ​ក្ខ​នារី​ដែល​មាន​សំឡេង​ល្អ បែរជា​ត្រូវ​បាន​ជម្រុះ​ចោល​អស់​ទៅ​វិញ ? ហេ​ស ! ហេ ! នេះ​ហើយ Cambodian Idol ?

ទោះជា​យ៉ាងណា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​៣ លោក​គ្រី ថៃ​ពៅ ក៏​ធ្វើ​បាន​ល្អ​ដែរ ពិសេស​ការ​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​លោក​ព្រាប សុវត្ថិ បទ “​ស្នាម​ទឹកភ្នែក​កាត់​អក្សរ​ស្នេហ៍​” នោះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន តាម​រយៈ​ការ​ហ៊ោកញ្ជ្រៀវ​ពេញ Studio ហង្ស​មាស នៅ​ផ្សារ​ទំនើប​អ៊ី​អន ជាន់​ទី​៤​ ។ ដោយឡែក បទ​ចម្រៀង​ផ្សេង​ទៀត ដែល​គ្រី ថៃ​ពៅ បាន​យក​ច្រៀង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ឈ្នះ​គូប្រជែង រហូត​បាន​លើក​ពាន​នេះ មាន​ដូច​ជា​បទ “​ដួងខែ​រនោច​”, “​មាន​សង្សារ ដូច​អត់​សង្សារ​” និង​បទ “​ត្រូវ​ម៉ក់​”​។

អ្នក​រៀបចំ​កម្មវិធី បានឱ្យ​ដឹង​ថា កម្មវិធី Cambodian Idol រដូវ​កាល​ទី​៣​នេះ មានការ​រៀបចំ​រយៈពេល​ជិត​៧​ខែ ទើប​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨ ដោយ​ជ្រើស​បាន​គ្រី ថៃ​ពៅ ជា​ម្ចាស់​ពាន​នេះ ហើយ​កម្មវិធី​នេះ​សុក្រឹត​ណាស់ ព្រោះថា មហាជន​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​ឱ្យ​បេក្ខជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ក្លាយជា​ម្ចាស់​ពាន​…​។ ​ហេ​ស ! ហេ ! ម្ចាស់​ពាន Cambodian Idol ច្រៀង​ភ្លេច​ប៉ា​រ៉ូ​ល អាច​លើក​ពាន​បាន​ដែរ​!… ៕

Comments

comments