ពិធី​ការិនី​គង់ សុ​ជាតិ បាន​សម្រេចចិត្ត​ដើរ​ចេញពី​ប៉ុស្តិ៍ MyTV ទៅ​ចូល​ហង្ស​មាស ជាមួយ​ស្វាមី លោក​ជា វិបុល ដោយ​ថែម​ទាំង​មានការ​ចុះ​កុងត្រា​ជា​ច្រើន​ឆ្នាំ​ទៀត​ផង​ ។

ការ​ទៅ​ដល់​ហង្ស​មាស របស់​អ្នក​នាង​សុ​ជាតិ ធ្វើអោយមហាជន​បាន​លើក​ឡើង​ថា នឹង​ធ្វើ​ឱ្យ​ទូរទស្សន៍​នេះ កាន់តែ​ខ្លាំង​ថែម​ទៀត​ជា​មិន​ខាន​ឡើយ ព្រោះថា អ្នក​នាង​គង់ សុ​ជាតិ មានបទពិសោធន៍​ជា​ពិធី​ការិនី និង​ជោគជ័យ​ជាង​២ទស​វត្ស​មក ដែល​ឈរ​ក្នុង​តំណែង​ជូរ​មុខ​ដូច​គ្នា​ទៅ​នឹង​អ្នក​នាង​យុគ ចិន្តា ដែរ​ ។ ប៉ុន្តែ ទស្សនិកជន​រង់ចាំ​មើល​ថា តើ​អ្នក​នាង​សុ​ជាតិ នឹង​អាច​ឆក់​បានការ​កាន់​កម្មវិធី​ធំ​ៗ ដែល​នៅ​ក្នុង​កណ្តាប់ដៃ​នាង​ចាន់ កែវ​និមល ដែរ​ឬទេ នា​ពេល​ខាង​មុខ​នេះ ?

ក្នុង​ជំនួប​ជាមួយ​អ្នក​នាង​គង់ សុ​ជាតិ កាលពី​ពេល​ថ្មី​ៗ​នេះ ថៅកែ​ហាង កែ​សម្រស់​ល្បីឈ្មោះ​រូប​នេះ បាន​អះអាង​ថា អ្នក​នាង​ពិតជា​ទៅ​ចូល​ទូរទស្សន៍​ហង្ស​មាស ប្រាកដ​មែន ព្រោះថា កុងត្រា​របស់​អ្នក​នាង​ជាមួយ MyTV ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ ​។

កាលពី​ពេល​ថ្មី​ៗ​នេះ ​មាន​ព័ត៌មាន​ថា អ្នក​នាង​សុ​ជាតិ បាន​ដើរ​ចេញពី​ប៉ុស្តិ៍ MyTV ចូល​ហង្ស​មាស ទៅ​ហើយ ព្រោះ​មក​ពី​អ្នក​នាង សុ​ជាតិ ចង់ទៅ​ទ្រនំ​ជាមួយ​ស្វាមី ងាយស្រួល​ឃ្លា​ល​ស្វាមី​ក្មេង បន្ទាប់​ពី​មុន​នេះ​មាន​ព័ត៌មាន​លេចឮ​លើ​បណ្តាញ​សង្គម​ដ៏​រសើប​ថា លោក​វិបុល ហាក់​បង្ហាញ​ភាព​ស្និទ្ធស្នាល​ចម្លែក​ជាមួយ​ដៃគូ អ្នក​នាង​ចាន់ កែវ​និមល ទើប​ធ្វើ​ឱ្យ​សុ​ជាតិ ប្រចណ្ឌ​ប្តី​ក្មេង ​។

ប្រភព​បានឱ្យ​ដឹង​ដែរ​ថា អ្នក​នាង​គង់ សុ​ជាតិ ក៏​ចង់​កាន់​កម្មវិធី​ជាមួយ​ស្វាមី​នាង លោក​ជា វិបុល ផង​ដែរ ពេល​ដែល​នៅ​ទ្រនំ​ជាមួយ​គ្នា​នេះ​ ។

ទោះជា​យ៉ាងណា គង់ សុ​ជាតិ បាន​បញ្ជាក់​ថា “​ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បងប្អូន​បានដឹង​ច្បាស់​គ្រប់​គ្នា​ថា ខ្ញុំ​ចូល​ហង្ស​មាស នេះ មិនមែន​មក​តាម​ប្តី ដោយសារ​ប្តី​នៅ​ហ្នឹង មក​តាម​ប្តី តែ​អត់​ទេ​ ។ ខ្ញុំ​ក៏​គ្មាន​គម្រោង​ថា អូ​! ត្រូវ​តែ​ធ្វើ​កម្មវិធី​ជាមួយ​ប្តី ជាមួយ​អ្នក​ផ្សេង ខ្ញុំ​មិន​ធ្វើ​អី គឺ​មិន​អ៊ីចឹង​ទេ ​។ ដៃគូ​ណា​ក៏​បាន​ដែរ ឱ្យ​តែ​អ្នកគ្រប់គ្រង​តម្រូវ ខ្ញុំ​ធ្វើ​បាន​ទាំងអស់ ហើយ​ខ្ញុំ​មក​ហង្ស​មាស ព្រោះថា ឥឡូវនេះ​គាត់​មានកម្ម​វិធី​ច្រើន ហើយ​ជា​ធម្មតា​ទេ ការ​ធ្វើការ​កន្លែង​ណា​ក៏​គេ​មាន​កុងត្រា​ដែរ ដូច​ជា​ពេល​ដែល​ខ្ញុំ​នៅ MyTV អ៊ីចឹង ពេល​ដែល​ខ្ញុំ​ចប់​កុងត្រា ទើប​យើង​អាច​មក​ហង្ស​មាស ហ្នឹង​បាន តែ​ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​ថា យើង​មាន​កុងត្រា​ជាមួយ​គ្នា​ប៉ុន្មាន​ឆ្នាំ​នោះ​ ។ សម្រាប់​ខ្ញុំ​យល់​ថា យើង​មានបទពិសោធន៍​ការងារ​អ៊ីចឹង​ហើយ យើង​ទៅ​ណា​ក៏​មាន​គេ​រីករាយ​ទទួល​យើង​ធ្វើការ​ដែរ ឱ្យ​តែ​យើង​ធ្វើ​ជា​មនុស្ស​ល្អ មិន​ខ្វះ​ទេ​ការងារ​ធ្វើ​”​ ។

អ្នក​នាង​គង់ សុ​ជាតិ បន្ថែម​ថា « ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​បាន​មក​ចូល​ហង្ស​មាស បាន​ធ្វើការ​ជាមួយ​ហ៊ា (​ថៅកែ​ហង្ស​មាស​) ជា​ថ្មី​។ តាម​ពិត មាន​ប៉ុស្តិ៍​ផ្សេង​ៗ គេ​ទាក់ទង​មក​ខ្ញុំ​ច្រើន​ដែរ តែ​ខ្ញុំ​សម្រេចចិត្ត​ជ្រើស​យក​ការ​ចូល​មក​ហង្ស​មាស ព្រោះតែ​ខ្ញុំ​តិ​ត​ថា ពេល​នេះ​គាត់​មានកម្ម​វិធី​ច្រើន គឺ​មិនមែន​ខ្ញុំ​មក​តាមដាន​ប្តី ងាយស្រួល​ឃ្លា​ល​ស្វាមី​ ឫចង់​កាន់​កម្មវិធី​ជាមួយ​ប្តី​អី​ទេ កុំច្រឡំ! ធ្វើការ​ជាមួយ​ពិធីករ​ណា​ក៏​បាន​ដែរ ព្រោះ​យើង​សុទ្ធតែ​មាន​សមត្ថភាព​ដូច​គ្នា​ហ្នឹង​ » ​។

សូមរម្លឹកឡើងវិញថា គង់ សុ​ជាតិ ដែល​បែកបាក់​ស្វាមី​ម៉ៅ សាល់​ភាព នោះ បាន​បន្សល់​ចំណងដៃ​កូន​២នាក់ (​ស្រី១)​។ អ្នក​នាង​សុ​ជាតិ ប​នា​ដឹក​ដៃ​លោក​ជា វិបុល ចូល​រោងការ​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​ពេល​នេះ ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ដ៏​ស្រស់​ស្អាត ឈ្មោះ​ជា សុ​ជាតិ​នារី ហៅ​ដូ​រី អាយុ​ជាង​កន្លះ​ឆ្នាំ​ ។ សុ​ជាតិ ត្រូវ​បាន​ស្វាមី​លោក​វិបុល រំអុក​ចង់​យក​កូនប្រុស​ម្នាក់​ទៀត តែ​ដោយសារ​តែ​មមាញឹក​ទាំង​ការងារ​សិល្បៈ និង​ការ​គ្រប់គ្រង​មុខ​ជំនួញ​ហាង​រក្សា​សម្រស់ “​សុ​ជាតិ​” ដែល​មាន​៣ទីតាំង​នោះ ទើប​ធ្វើ​ឱ្យ​ពិធី​ការិនី​ល្បីឈ្មោះ​រូប​នេះ​សម្រេចចិត្ត​ពន្យារ​យក​កូន​ថែម​ទៀត មួយអន្លើ​សិន​ ​៕

Comments

comments