កងកម្លាំង​ទ័ពអាកាស​ស៊ី​រី​បាន​បាញ់​ទម្លាក់​កាំជ្រួច​១៣​ដើម ដែល​ត្រូវ​បាន​បាញ់​ចូល​មក​នៅ​ក្នុង​ការ​វាយប្រហារ​ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​កមក​លើ​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ មេ​សា ២០១៨​នេះ បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ស៊ី​រី ។

ទូរទស្សន៍​រដ្ឋ​ស៊ី​រី បាន​និយាយ​ថា មីស៊ីលដែលជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ស៊ី​រី បាន​បាញ់​មី​ស៊ី​ល​១៣​គ្រាប់ នៅ​តំបន់ Kiswah ភាគ​ខាងត្បូង ក្រុង​ដា​ម៉ាស ជាកន្លែង​ដែល​​កងកម្លាំង​ចម្រុះ​មាន​សហរដ្ឋអាមេរិក អង់​ភ្លេ​ស​និង​បារាំង​បើក​ការ​វាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ (​ម៉ោង​នៅ​ក្នុងស្រុក​ខ្មែរ​) ។

បើ​យោង​តាម​មន្ទីរ​បញ្ច​កោណ បានអោយ​ដឹង​ថា ការ​វាយប្រហារ​ដោយ​សហរដ្ឋអាមេរិក​មាន​កាំជ្រួច​ប្រហែល​១២០​គ្រាប់ ។ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក James Mattis បាន​ពណ៌នា​ចំនួន​គ្រាប់​មី​ស៊ី​ល​ដែល​បាន​បាញ់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​លើ​ប្រទេស​ស៊ី​រី ។ ការ​វាយប្រហារ តាម​អាកាស​នេះ គឺ​មាន​បំណង​វាយប្រហារ​ពហុ​គោលដៅ និង​មានការ​ប្រើប្រាស់​មី​ស៊ី​ល Tomahawk ។

ទោះជា​យ៉ាងណា អ្នករាយការណ៍​ព័ត៌មាន​ក្នុង​ប្រទេស​ស៊ី​រី បានអោយ​ដឹង​ថា មូលដ្ឋាន​និង​ទីតាំង​ដែល​រង​ការ​វាយប្រហារ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ស៊ី​រី ជម្លៀស​មនុស្ស​ចេញ​រួច​ជា​មុន​អស់​ទៅ​ហើយ ៕

Comments

comments