ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៊ី​រី បាន​រិះគន់​ការ​វាយប្រហារ​របស់​លោក​ខាងលិច កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៤ ខែមេសា (​ម៉ោង​នៅ​កម្ពុជា​) ជា​អំពើ​ខុសច្បាប់ ហើយ​នឹង​ត្រូវ​វិនាស​ខ្លួនឯង បន្ទាប់​ពី​សហរដ្ឋអាមេរិក បារាំង​និង​អង់គ្លេស បាន​ចាប់ផ្តើម​ប្រតិបត្តិការ​រួម​គ្នា​ប្រឆាំង​រដ្ឋាភិបាល​ដា​ម៉ាស់ ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ SANA បាន​និយាយ​ថា «​ការ​ឈ្លានពាន​នេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ជាក់ស្តែង នៃ​ច្បាប់​អន្តរជាតិ ដែល​ជា​ការ​រំលោភ​លើ​ឆន្ទៈ​សហគមន៍​អន្តរជាតិ ហើយនឹង​ត្រូវ​បរាជ័យ​» ។

ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ធំ ​ត្រូវ​បាន​គេ​រាយការណ៍​កើតមាន​នៅ​ជុំវិញ​ក្រុង​ដា​ម៉ាស់​ នៅ​​ថ្ងៃ​សៅរ៍នេះ ​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​, បារាំង​ និង​អង់គ្លេស ​បាន​ប្រកាស​ថា ​ពួក​គេ​កំពុង​វាយលុក​បំបាត់​អាវុធ​គីមី​របស់​ប្រទេស​ស៊ី​រី​។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ AFP ប្រចាំ​នៅ​ក្រុង​ដា​ម៉ាស់ ប្រទេស​ស៊ី​រី បាន​និយាយ​ថា ការ​បំផ្ទុះ​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​គេ​ឮ​ នៅ​វេលា​ម៉ោង​៤​ព្រឹក ម៉ោង​ក្នុងស្រុក ហើយ​បន្ទាប់​មក​សំឡេង​យន្តហោះ ដែល​កំពុង​ហោះហើរ អាច​ត្រូវ​បាន​គេ​ឮផងដែរ​ ខណៈ​ភ្លើងនិង​ផ្សែង​ កំពុង​លេចឡើង​នៅ​ភាគ​ខាងជើង និង​ខាងកើត នៃ​រដ្ឋធានី​ដា​ម៉ាស​របស់​ស៊ី​រី ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ SANA បាន​បង្ហោះ​រូបភាព​នៃ​ផ្សែង​ពណ៌​ក្រហម​លើ​រដ្ឋធានី​ដា​ម៉ាស ដែល​រូបភាព​នោះ​ជា​ការ​ការពាររបស់កងកម្លាំង​យោធា​ស៊ីរីការពារ​ដែន​អាកាស ត្រូវ​បាន​គេ​ធ្វើ​សកម្មភាព ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​នេះ ។

SANA បាន​រាយការណ៍​ថា ប្រតិបត្តិការ​រួម​គ្នារបស់លោកខាង​លិច​ បាន​វាយប្រហារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ នៅ​ភាគ​ឦសាន នៃ​រដ្ឋធានី ព្រមទាំង​មូលដ្ឋាន​យោធា​នៅ​ដា​ម៉ាស ។ សេចក្តីរាយការណ៍ បន្ត​ថា គ្រាប់​មី​ស៊ី​ល​សំដៅ​ទៅ​លើ​ឃ្លាំង​កងទ័ព​មួយ ត្រូវ​បាន​ស្ទាក់​ចាប់ ។

សូម​រង់ចាំ អង្រុត​នឹង​តាមដាន និង​រាយការណ៍​ជូន​ពី​ការ​វិវត្តន៍​ដ៏​គួរ​អោយ​បារម្ភ​នេះ !

Comments

comments