ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​មាន​វត្ត​មាននៅ​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់វិបត្តិ​នយោបាយ​នៅ​កម្ពុជា ព្រមាន​ជា​ថ្មី​ម្តងទៀត​ថា ចលនា​ងើប​បះបោរ​នឹង​កើត​មាន​ឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្សប្រឆាំង នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ ខែកក្កដា ខាង​មុខ​នេះ​ទេ​។ លោក សម រ​ង្ស៊ី ប្រាប់​កាសែត​អន​ឡាញ Tempo របស់​ឥណ្ឌូ​នេ​ស៊ី​ថា ជា​រឿង​ចម្លែក​ដែល​ការ​បោះ​ឆ្នោត ធ្វើ​ឡើង​ដោយ​ពុំ​មាន​វត្តមាន​របស់​គណបក្សប្រឆាំង​។

លោក​បន្ត​ថា បើ​ទោះបីជា​គណបក្ស​របស់​លោក ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​មែនពិត ក៏​ប៉ុន្តែ​ស្មារតី​នៃ​ការ​ស្រលាញ់​គណបក្ស​នេះ នៅ​តែ​មាននៅ​ក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជា​ដដែល​។ លោក​ទាមទារ​ឲ្យ​របប​ក្រុង ភ្នំពេញ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​។

លោក សម រ​ង្ស៊ី ព្រមាន​ថា ហេតុផល​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ចលនា​ងើប​បះបោរ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​ដោយសារ​តែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ប្រកាន់​យក​របប​ផ្ដាច់​ការ​និយម ដែល​មិនមែន​ជា​របប​ប្រជាធិបតេយ្យ តួយ៉ាង​ដូច​អ្វី​ដែល​កំពុង​តែ​កើត​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ស៊ី​រី និង​ប្រទេស​លី​ប៊ី បច្ចុប្បន្ន​នេះ​។

លោក សម រ​ង្ស៊ី នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ​ឲ្យ​សោះ ប្រ​សិន បើ​គ្មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹក​ឆ្នោត​។

ចំណែក​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក​សុខ ឥ​សាន ត្រូវ​បាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ស្រង់​សម្តី​លោក​ចុះ​ផ្សាយ​ដោយ​បញ្ជាក់​ថា “​ទ​ង្វើ​និង​សកម្មភាព​បំផ្លាញ​ជាតិ និង​សេចក្តីសុខ​របស់​ប្រជាជន នឹង​មិន​អាច​បាន​សម្រេច ផល​ជា​ដាច់ខាត ។ ប្រជាជន​កម្ពុជា បាន​និង​កំពុង​សាមគ្គី​គ្នា ជា​ធ្លុង​មួយ​ការពារ​សន្តិភាព និង​ការ​សប្បាយ​រីករាយ ក្នុង​ពិធី​អំណរ​សាទរ ទទួល​ទេវតា​ឆ្នាំ​ថ្មី មិន​បាន​ខ្វល់ នឹង​ក្រុម​ជន​ក្បត់ជាតិ មួយ​ក្តាប់​តូច ដែល​បាន និង​កំពុង​ធ្វើ​សកម្មភាព បំផ្លាញ​ជាតិ និង​សេចក្តីសុខ របស់​ប្រជាជន​ឡើយ​”៕

Comments

comments