កណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​និង​សមត្ថកិច្ច ខេត្តកណ្តាល​បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង B-Smart មួយ​កន្លែង​ស្ថិត​នៅ​ឃុំ ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​សង្ស័យ​ផលិត​ពុំ​បាន​អនុលោម​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​(​រោងចក្រ​) ហើយ​ពុំ​មាន​អនាម័យ​ត្រឹមត្រូវ​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ​នេះបើយោងតាម​គេហ​ទំព័រ​នគរបាល​ជាតិ ។

ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត និង​នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្តាល និង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ហេង ផេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​។

លោក ម៉ាត់ យូ​សុះ នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា បាន​ឲ្យ​ដឹង​ថា​ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង បានឃើញ​ថា​រោងចក្រ​ខាងលើ​បាន​ធ្វើការ​ផលិត​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ដែល​មាន​ម៉ាក​ដូច​ជា B-Smart Grean Tea, Honey, Strawberry, Energy Drink​ ប៉ៃ​តង Energy Drink​ ខៀវ​ដែល បាន​ផលិត​ពុំ​អនុលោម​ត្រឹមត្រូវ​តាម​ការ​ចុះបញ្ជី​ច​.​ប​.​ផ​.​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នោះ​ឡើយ​ព្រម​ជាមួយ​ទី តាំង​ពុំ​បាន​រៀបចំ​តាម​បទដ្ឋាន​ត្រឹមត្រូវ​និង​ខ្វះ​អនាម័យ​ថែម​ទៀត​ផង​ ។

តែ​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​ពុំ​បាន​ធ្វើការ​បិទ​រោងចក្រ​នោះ​ឡើយ​គ្រាន់តែ​ណែនាំ​ឲ្យ​ម្ចាស់​សិប្បកម្ម​ធ្វើ​ឲ្យ​ស្រប​តាម​ស្តង់ដា​និង​អនាម័យ​ប៉ុណ្ណោះ​ ។

លោក ម៉ាត់ យូ​សុះ​បាន​បន្ថែម​ថា​យោង​តាម​ការ​សម្របសម្រួល​របស់​លោក ហេង ផេង ព្រះ​រា​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​ធ្វើការ​កែ តម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​និង​អនាម័យ​ត្រឹមត្រូវ ព្រមទាំង​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ដែល​មានឈ្មោះ​ង​ន សុគន្ធ ទៅ​សាកសួរ​បំភ្លឺ​បន្ថែម​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ដើម្បី​បន្ត​តាម​នីតិវិធី​ ៕

Comments

comments