ភ្នំពេញ ៖ អ្នកលេង​គុន​ខ្មែរ​ជួរ​មុខ​មួយ​ចំនួន​រួម​មាន​កីឡាករ ធឿ​ន ធា​រ៉ា​, កែវ រំ​ចង់ និង រឿង សោ​ភ័​ណ្ឌ ជាដើម​បាន​នាំ​គ្នា​សរសេរ​សារ ក៏​ដូច​ជា​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឆ្លើយ​តមនឹង​កីឡាករ​ថៃ Saensatharn P.K.Saenchai ដែល​បាន​ចេញ​វី​ដេ​អូ​ដឺ​ដង​កាលពី​ពេល​ថ្មី​ៗ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៨ មេ​សា កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​ចេញ​វី​ដេ​អូ​ដោយ​បបួល​ឲ្យ​កីឡាករ​ថៃ Saensatharn មក​វាយ​ជាមួយ​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា ។

បន្ទាប់​ពី​មានការ​ឌឺដង​ដាក់​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​វាង​អ្នក​ប្រដាល់​ថៃ Saensatharn P.K.Saenchai ជាមួយ​អ្នក​ប្រដាល់​ជួរ​មុខ​កម្ពុជា​រួច​មក ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ មេ​សា ២០១៨​នេះ​ថា លោក​មាន​គម្រោង កោះហៅ​កីឡាករ​កម្ពុជា មក​ណែនាំ និង​ពន្យល់​ពី​អត្ថន័យ​កីឡា​ដល់​ពួក​គេ ។

គម្រោង​កោះហៅ​នេះ ត្រូវធ្វើ​ឡើង​ក្រោយ​មាន​ពាក្យ​សម្តី​វាយប្រហារ​ឌឺដង​គ្នា​រវាង​កីឡាករ​ថៃ សែន​ស្ថាន និង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា ដូច​ជា កែវ រំ​ចង់​, រឿង សោ​ភ័​ណ្ឌ​, ម៉ឺន សុភា និង ធឿ​ន ធា​រ៉ា ជាដើម​ធ្វើ​អ្នក​និយម​លេង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចាប់អារម្មណ៍​ជា​ខ្លាំង ។

តាម​សម្ដី​របស់​លោក តែម ម៉ឺន ក៏​បាន​លើក​ឡើង​ថា «​កីឡាករ​អត់​មាន​វិន័យ អត់​មាន​ក្រមសីលធម៌ អត់​មាន​លក្ខណៈ​ជា​អ្នកកីឡា យើង​ត្រូវ​តែ​ធ្វើការ​ណែនាំ​» ។ លោក​បន្ត​ថា «​កីឡាករ​ណា​ក៏​ដោយ មិន​ថា កីឡាករ​ក្នុងស្រុក ឫ​ក្រៅ​ស្រុក​ក៏​ដោយ បើ​មានការ​អួតអាង​បែប​ហ្នឹង គឺ​មិន​ស័ក្តិ​សមជា​កីឡាករ​ទេ ព្រោះថា កីឡា​មាន​និយម​ន័យ​របស់​គេ ដែល​យើង​ត្រូវ​ដឹង តួយ៉ាង​កីឡាករ ត្រូវ​ហ្វឹកហាត់​សម្រាប់​ប្រកួត​មិត្តភាព សាមគ្គីភាព សុខភាព កិត្តិយស និង​ប្រាក់​ចំណូល​ផង​ដែរ​» ។

ខណៈ​លោក តែម ម៉ឺន មាន​គម្រោង​ហៅ​ទៅ​ណែនាំ ស្រាប់តែ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ប្រកាស​ផ្តល់​រង្វាន់​៥​ពាន់​ដុល្លារ ដល់​កីឡាករ​ប្រដាល់​ខ្មែរ​ណា ដែល​ផ្តួល​កីឡាករ​ប្រដាល់​ថៃ​ម្នាក់ ដែល​បាន​បង្ហាញ​ឫកពា​ក្អេងក្អាង ប្រមាថ​ដល់​អ្នក​ប្រដាល់​ខ្មែរ ទៅ​វិញ ។

ក្នុង​នោះ​លោក ពេជ្រ ស្រស់ បាន​ប្រកាស​មិន​ខ្វល់​ពី​វិន័យ និង​ក្រមសីលធម៌​របស់​កីឡាករ​នោះ​ឡើយ ដោយ​លោក​សរសេរ​ថា «​បើ​មាន​កីឡាករ​គុន​ខ្មែរ​ណាមួយ ផ្តួល​កីឡាករ​សៀម​នេះ​បាន (​ចោរ​សៀម​) ខ្ញុំ​ជូន​ថវិកា​លើកទឹកចិត្ត​៥​ពាន់​ដុល្លារ ។ ពូជខ្មែរ​ជា​ពូជ​ប្រយុទ្ធ​មិន​អាច​ឱ្យ​ជនបរទេស​ណាមួយ មើលងាយ​បាន​ឡើយ​។ យើង​រួម​គ្នា​លើក​គុណ​តម្លៃ​វិស័យ​គុន​ខ្មែរ​» ។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៨ មេ​សា អ្នកលេង​កណ្តាប់ដៃ រឿង សោ​ភ័​ណ្ឌ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង បាន​បង្ហោះ​វី​ដេ​អូ​សកម្មភាព​ហ្វឹកហាត់​ជាមួយ​ពាក្យ​សម្តី ដោយ​បបួល​អ្នក​ប្រដាល់​ថៃ​ខាងលើ ឲ្យ​មក​ប្រកួត​នៅ​កម្ពុជា ។

ក្នុង​វី​ដេ​អូ​មាន​រយៈពេល​២៤​វិនាទី កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «Saensatharn បើ​ឯង​ចង់​ខ្លាំង ឯង​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​មក អា​ពៅ​» ។ ការ​ចេញ​វី​ដេ​អូ​របស់​កីឡាករ​កម្ពុជា​រូប​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដឺ​ដង​របស់​អ្នក​ប្រដាល់​ថៃ Saensatharn ដែល​បាន​បង្ហោះ​វី​ដេ​អូ​ជា​ភាសា​ថៃ រៀបរាប់​ឈ្មោះ​កីឡាករ​កម្ពុជា​ដែល​រូបគេ​ចង់​ប្រកួត​ជាមួយ ។

ចំណែក​កីឡាករ កែវ រំ​ចង់ ឯណេះ​វិញ ក្រោយ​បានឃើញ​វី​ដេ​អូ​ដែល Saensatharn ចង់​ជួប​ជាមួយ​ខ្លួន​បាន​ឆ្លើយ​តប​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា «​យល់ព្រម Saensatharn! ខ្ញុំ​កំពុង​រង់ចាំ​អ្នក​។ អ្នក​ស្គាល់​ខ្ញុំ​ឲ្យ​ច្បាស់ ខ្ញុំ​មិន​ដែល​ខ្លាច​នោះ​ទេ​» ។

តាម​រយៈ​សារ​ឆ្លើយ​តប​នេះ កែវ រំ​ចង់ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​សំណាក់​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់ ។ លើស​ពី​នេះ​ពួក​គេ​ចង់​ឲ្យ កែវ រំ​ចង់ ជួប​អ្នក​ប្រដាល់​ថៃ​ខាងលើ​ឆាប់​ៗ​ថែម​ទៀត​ផង ៕

Comments

comments