លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​មោទនភាព​ដោយ​ថា ប្រទេស​កម្ពុជា​បាន​រួច​ផុត​ពី​ភាព​ក្រីក្រ និង​ត្រូវ​បាន​គេ​ស្គាល់​និង​ចាត់ទុកជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី ។

បើ​តាម​លោក ហ៊ុន សែន នៅ​ឆ្នាំ​២០៣០​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​ឆ្នាំ​២០៥០ កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​តែ​ម្តង​។

ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០១៧ និង​ការ​វាយតម្លៃ​ស​មិ​ទ្ឋ​ផល​៥​ឆ្នាំ នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ។

ពាក់​ព័​ន្ឋ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ខាងលើ​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន EMC លោក ងែ​ត ជូ បាន​មាន​ប្រសាសន៍​ថា ប្រទេស​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ខ្លា​សេដ្ឋកិច្ច គឺ​ទាល់តែ​មាន​លក្ខណៈ​ជឿនលឿន​ផ្នែក​ឧស្សាហកម្ម​ខ្លាំង ជាង​កម្ពុជា​បច្ចុប្បន្ន​។

បើ​តាម លោក ងែ​ត ជូ បាន​ប្រាប់ RFI ថា ការ​រំពឹង​ដែល​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ហើយ​ឆ្នាំ​២០៥០ កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​តែ​ម្តង ទំនងជា​មិន​អាច​ទៅ​រួច​នៅឡើយ​ទេ ខណៈ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​។ បញ្ហា​ប្រឈម​ទាំងនោះ​មាន​ដូច​ជា​កង្វះ​ធនធានមនុស្ស និង​បញ្ហា​សេដ្ឋកិច្ច​ផុយ​ស្រួយ​។ លើស​ពី​បញ្ហា​ទាំងនេះ បញ្ហា​នយោបាយ​ក៏​អាច​ជះ​ឥទ្ធិ​ពលរដ្ឋ​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ​។ នេះ​បើ​តាម លោក ងែ​ត ជូ​។

កាលពី​ថ្ងៃ​ទី​១១​ខែមេសា​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ព្យាករណ៍​ថា សេ​ដ្ច​កិច្ច​កម្ពុជា​នឹង​កើនឡើង​ក្នុង​កម្រិត ៧​ភាគរយ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ប៉ុន្តែ ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​នានា​ដែល​អាច​បំផ្លាញ​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​នេះ​។

បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បង្ហាញ​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​ភូមា និង​ឡាវ​ដែល​មាន​កំណើន ៦.៨​ភាគរយ​ដូច​គ្នា ខណៈ​ដែល​ប្រទេស​ថៃ ត្រូវ​បាន​ព្យាករណ៍​ថា មាន​កំណើន​ត្រឹមតែ ៤​ភាគរយ​ប៉ុណ្ណោះ​៕

Comments

comments