រដ្ឋាភិបាល​គ្រោង​បង្កើត​តំបន់​ជ្រៃ​ធំ​ជាទី​ក្រុង​ថ្មី​មួយ ស្ថិត​នៅ​ព្រំប្រទល់​ប្រទេស​វៀតណាម ដើម្បី​ពង្រីក​សក្តានុពល​និង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​នា​ពេល​ខាង​មុខ​។

លោក​បណ្ឌិត​វ៉ា​ន់ វ៉ា​ត​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកណ្តាល​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា រដ្ឋាភិបាល​គ្រោង​បង្កើត​តំបន់​ជ្រៃ​ធំ ស្ថិត​ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ជាទី​ក្រុង​ថ្មី​មួយ ដោយសារ​ប្លង់​គោល​តំបន់​នេះ​បាន​រៀបចំ​រួច​ហើយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ ធ្វើ​ឡើង​តាម​គោលការណ៍​ប្រើប្រាស់​ដី​ឲ្យ​មាន​និរន្តរភាព​។

លោក​បន្ត​ថា រដ្ឋាភិបាល​មិន​ត្រឹមតែ​គ្រោង​រៀបចំ​តំបន់​នេះ​ជាទី​ក្រុង​ទេ តែ​គ្រោង​បង្កើត​ទីក្រុង​ថ្មី​ៗ​នៅ​តាម​បណ្តា​ស្រុក​និ​មួយ​ៗ​ផង​ដែរ​។

លោក​បន្ត​ថា “​ការ​បង្កើត​ទីក្រុង​នៅ​តំបន់​ជ្រៃ​ធំ ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ ក៏​ដូច​ជា​ដើម្បី​ការពារ​បូរណភាព​ដែនដី និង​ដែន​អធិបតេយ្យភាព​កម្ពុជា​ផង​ដែរ​”​។

លោក​បណ្ឌិត​វ៉ា​ន់ វ៉ា​ត​បាន​បន្ត​ថា ការ​បង្កើត​ទីក្រុង​កាន់តែ​ច្រើន​ជា​រឿង​ល្អ​ប្រសើរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រោះ​នៅ​ពេល​មានការ​រៀបចំ​ជាទី​ក្រុង និង​មានការ​អភិវឌ្ឍ​និង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​សម​ស្រប ដើម្បី​ក្លាយជា​ទីក្រុង​មួយ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ​។

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​រឿង​នេះ ដោយ​លោក​បាន​ថ្លែង​ថា ក្រសួងមហាផ្ទៃ​នឹង​រៀបចំ​ទីក្រុង​នៅ​តាម​ទីប្រជុំជន​ស្រុក និង​បណ្តា​ឃុំ​ដែល​មានការ​រីក​ចម្រើន​នានា​ឲ្យ​ក្លាយជា​ទីក្រុង ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន ក៏​ដូច​ជា​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ព្រោះ​ការ​រៀបចំ​ជាទី​ក្រុង នឹង​ធ្វើ​ឲ្យ​តំបន់​នោះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ពី​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​នានា​។

លោក​ប្រមុខ​មហាផ្ទៃ​បាន​បន្ត​ថា “​ការ​រៀបចំ​ទីក្រុង​នៅ​តាម​បណ្តា​ស្រុក និង​ឃុំ​មួយ​ចំនួន ក៏​ជា​ការ​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ងាយស្រួល​ផង​ដែរ​”​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា លោក​យល់​ស្រប​នឹង​ការ​មាន​ផែនការ​ពង្រីក​ទីក្រុង​របស់​រដ្ឋាភិបាល​នៅ​តាម​មូលដ្ឋាន​នានា ព្រោះ​វា​នឹង​ជួយ​ឲ្យ​តំបន់​នោះ​មាន​ភាព​រីក​ចម្រើន ហើយនឹង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អ្នក​វិនិយោគ​លំនៅ​ដ្ឋា​ន ក៏​ដូច​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​៕

 

Comments

comments