វៀតណាម ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ មេ​សា ២០១៨ ប៉ូ​លី​ស​ព្រហ្មទណ្ឌ​នៅ​ខេត្ត​ដា​កណុង បាន​ឃុំខ្លួន​មនុស្ស​៥​នាក់ បន្ទាប់​ពី​ស៊ើបអង្កេត​រួច​លើ​ករណី​ពួក​គេ​យក​កាក​សំណល់​ថ្មពិល ដើម្បី​យក​ធ្យូង​នៅ​ក្នុង​ស្នូល​ថ្ម​(​ម្សៅ​ខ្មៅ​) មក​ដុត​លាយ​ជាមួយ​កាហ្វេ ហើយ​ខ្ចប់​លក់​នៅ​លើ​ទីផ្សារ ។

ប៉ូ​លី​សបាន​និយាយ​ថា​អ្នកស្រី Nguyen Thi Thanh Loan ម្ចាស់​ហាង​កាហ្វេ​ក្នុងស្រុក ជាមួយ​ប្តី រួម​នឹង​បុគ្គលិក​ម្នាក់​និង​មនុស្ស​២​នាក់​ផ្សេង​ទៀត កំពុង​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សង្ស័យ​ថា ពួក​គេ​បាន​រំលោភ​លើ​ច្បាប់​សុវត្ថិភាព​ចំណីអាហារ ។ ឧក្រិដ្ឋកម្ម​នេះ​អាច​ត្រូវ​ជាប់គុក​រហូត​ដល់​២០​ឆ្នាំ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​វៀតណាម ។

កាហ្វេ​មាន​សារធាតុ​ផ្សំ​ចេញពី​ថ្មពិល​នេះ បាន​ល្បី​ពេញ​បណ្ដាញ​សង្គម ក្រោយ​ក្រុម​ប៉ូលិស​វៀតណាម បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ផលិត​កាហ្វេ​មួយ​កន្លែង​របស់​ឈ្មោះ Nguyen Thi Thanh Loan នៅ​ក្នុង​ខេត្ត Dak Nong កាលពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​មុន (​ថ្ងៃ​ទី​១៦ មេ​សា​) ។

ក្រោយ​ការ​ចុះ​បង្ក្រាប ប៉ូលិស​បាន​រក​ឃើញ​សារធាតុ​រាវ​៤០​លី​ត្រ កាក​សំណល់​កាហ្វេ​ជាង​២១​តោន និង​បំណែក​នៃ​ថ្មពិល​ចាស់​ៗ ជាង​២០០​គីឡូក្រាម នៅ​ក្នុងផ្ទះ​របស់​នាង​មួយ​កន្លែង​ទៀត ដែល​ស្ថិត​ក្នុង​ខេត្ត Dak Nong ។

ស្ត្រី​ជា​មេ​ក្លោ​ង Loan បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​បើក​ដំណើរ​ទីតាំង​ផលិត​កាហ្វេ​ខាងលើ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​លក់​កាហ្វេ​នោះ អស់​ជាង​៣​តោន​រួច​មក​ហើយ បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ​២០១៨ មក​៕

សូម​រម​លឹ​កថា ទីតាំង​ផលិត​កាហ្វេ​មួយ​កន្លែង នៅ​ខេត្ត​ដា​កណុង ប្រទេស​វៀតណាម ជា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​ផង​នោះ ត្រូវ​បាន​មន្ត្រី​នាយកដ្ឋាន​បរិស្ថាន​ខេត្ត​ដា​កណុង សហការ​ជាមួយ​កងកម្លាំង​ប៉ូលិស​ដែល​ពាក់ព័ន្ធ ឆ្មក់​ចូលចាប់​កន្លែង​កែ​ច្នៃ​កាហ្វេ​មួយ ដោយ​លាយ​ជាមួយ​ម្សៅ​ខ្មៅ​នៅ​ក្នុង​ស្នូល​ថ្មពិល ។

កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ប្រធាន​នាយកដ្ឋាន​បរិស្ថាន​ខេត្ត​ដា​កណុង ទទួល​បាន​ប្រភព​ព័ត៌មាន​មួយ​ដែល​ផ្ដល់​ដោយ​អធិការដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ ថា​រោងចក្រ​កែ​ច្នៃ​កាហ្វេ​របស់​លោកស្រី Nguyen Thi Thanh Loan នៅ​ឃុំ​ដាក់​វ៉ឺ ក្នុង​ខេត្ត​ដា​កណុង មាន​ស្តុក​កាហ្វេ​កខ្វក់​រាប់​សិប​តោន​លាយ​ជាមួយ​ម្សៅ​ធ្យូង​ស្នូល​ថ្មពិល ៕

Comments

comments