​សេ​អ៊ូ​ល ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គី​ម ជុង​អ៊ុ​ន និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក មូ​ន ជែ​អ៊ី​ន បាន​ជួប​គ្នា​នៅ​តំបន់​គ្មាន​យោធា ​កាន់​ដៃ​គ្នាដោយ​ស្នាមញញឹម នៅ​ថ្ងៃ​សុក្រ ទី​២៧ មេ​សា ២០១៨​នេះ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​សម្រាប់​កូរ៉េ​ទាំង​ពីរ ដែល​ខកខាន​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មកហើយ ។

លោក​មូ​ន បាន​ស្វាគមន៍​លោក​គី​ម នៅ​បន្ទាត់​កំណត់ព្រំដែន​យោធា នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក (​ម៉ោង​៧​និង​៣០ នាទី​ព្រឹក​ម៉ោង​នៅ​ប្រទេស​កម្ពុជា​) ដែល​ធ្វើ​ឱ្យ​លោក​គី​ម មេដឹកនាំ​កូរ៉េ​ខាងជើង​ដំបូង​គេ ដែល​បាន​ដើរទៅ​ភាគ​ខាងត្បូង ចាប់តាំងពី​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ (​ឆ្នាំ​១៩៥០-១៩៥៣) ។

លោក​គី​ម បាន​អញ្ជើញលោក មូ​ន ឱ្យ​បោះ​ជំហាន​ឆ្លងកាត់​បន្ទាត់​កំណត់ព្រំដែន ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​សិន មុន​ពេល​មេដឹកនាំ​ទាំង​ពីរ បាន​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ ដោយ​កាន់​ដៃ ។

លោក​គី​ម បាន​និយាយ​ថា «ក្នុង​ជំនួប​នៅ​កន្លែង​ប្រវត្ដិសាស្ដ្រ​នេះ ខ្ញុំ​មានការ​រំភើប នៅ​ពេល​ដែល​លោក​មូ​ន ធ្វើ​ដំណើរ​មក​តាម​បន្ទាត់​ខណ្ឌសីមា ដើម្បី​ស្វាគមន៍​ខ្ញុំ​ដោយ​ផ្ទាល់​» ។

អ្នក​ទាំង​ពីរ ត្រូវ​បាន​ស្វាគមន៍​ដោយ​កុមារ​កូរ៉េ​ខាងត្បូង​ពីរ​នាក់ ដែល​ជា​អ្នក​ភូមិ​ក្នុង​តំបន់​ដែល​គ្មាន​យោធា ហើយ​បាន​ជួបជុំ​គ្នា​នៅ​លើ​កម្រាលព្រំ​ក្រហម ដោយ​មាន​អ្នកគាំទ្រ​កិត្តិយស​របស់​កូរ៉េ​ខាងត្បូង ក្នុង​សំលៀក​បំពាក់​ប្រវត្តិសាស្ត្រ អម​ដោយ​តន្ត្រី​ប្រពៃណី​របស់​កូរ៉េ ។

នៅ​ប៉ុន្មាន​នាទី មុន​ពេល​លោក​គី​ម ចូល​ក្នុងផ្ទះ​សន្តិសុខ ក្រុម​ឆ្មាំ​សន្តិសុខ​កូរ៉េ​ខាងជើង ធ្វើការ​រាវរក​គ្រឿងផ្ទុះ និង​ឧបករណ៍​ស្តាប់​សំឡេង ហើយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ម្យ៉ាង​ទៅ​ក្នុង​បរិយាកាស ទៅ​លើ​កៅអី និង​នៅ​លើ​សៀវភៅ​ភ្ញៀវមួយក្បាល ។

លោក​គី​ម បាន​សរសេរ​ជា​ភាសា​កូរ៉េ នៅ​ក្នុង​សៀវភៅ​ភ្ញៀវ​មួយ នៅ​ឯ​ផ្ទះ​សន្តិភាព មុន​ពេល​កិច្ច​ពិភាក្សា​បាន​ចាប់ផ្តើម ។

មេដឹកនាំ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​មួយ ដោយ​បាន​ព្រមព្រៀង​គ្នា​ស្តី​ពី «​ការ​ធ្វើ​ឱ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ នៃ​ឧបទ្វីប​កូរ៉េ​» ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​របស់​ខ្លួន ភាគី​ទាំង​ពីរ​បាន​ប្រកាស​ថា ពួក​គេ​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​សន្តិភាព “​អចិន្ត្រៃយ៍​” និង “​រឹង​មាំ​” នៅ​លើ​ឧបទ្វីប​កូរ៉េ​នេះ ។

ការ​ប្រកាស​រួម​បញ្ចូល​ទាំង​ការ​សន្យា​ក្នុង​ការ​កាត់​បន្ថយ​អាវុធ យោធា បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ហើយ​បង្វែរ​ប៉ុស្តិ៍​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ពួក​គេ ទៅ​ជា​តំបន់​សន្តិភាព និង​ស្វែងរក​កិច្ច​ពិភាក្សា​ពហុភាគី ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ដូច​ជា​សហរដ្ឋអាមេរិក​ជាដើម ។

រូបភាព នៃ​លោក​មូ​ន និង​លោក​គី​ម ដែល​និយាយ​លេង (និយាយ​បែប​កំប្លែង​ក្នុង​កិច្ចប្រជុំ​ឯកជន​មួយរបស់​ពួក​គេ) និងដើរ​ជាមួយ​គ្នា បាន​ធ្វើ​ឱ្យ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ ចំពោះ​ការ​ធ្វើតេស្ត​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង កាលពី​ឆ្នាំ​មុន និង​ការ​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត ដែល​បាន​នាំ​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ និង​ការ​ភ័យ​ខ្លាច​នៃ​ជម្លោះ​ថ្មី​មួយ​នៅ​លើ​ឧបទ្វីប​កូរ៉េ ។

មានការ​សង្ស័យ​ជា​ទូទៅ​ថា តើ​លោក​គី​ម ត្រៀមខ្លួន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ដែល​ប្រទេស​របស់​លោក​បាន​ការពារ​និង​អភិវឌ្ឍ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍មក​ហើយ​ឫ ? ក៏​ប៉ុន្តែ​ អាច​និយាយ​បាន​ថា នេះ​ជា​ការ​រារាំង​ចាំបាច់​មួយប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​អា​មេ​រិ​ក ។ ព្រោះថា កិច្ចប្រជុំ​កំពូល​ចំនួន​២​លើក​មុន រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ទីក្រុង​ព្យុ​ង​យ៉ាង ក្នុង​ឆ្នាំ២០០០ និង២០០៧ ត្រូវបរាជ័យ​ក្នុង​ការ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។

បែរទៅមើល សេត​វិមាន បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ខណៈ​ពេល​ដែល​លោក គី​ម ជុង​អ៊ុ​ន និង​លោក មូ​ន ជែ​អ៊ី​ន​បាន​ចាប់ផ្តើម​ជំនួប​កំពូល​របស់​ខ្លួន គឺ​សហរដ្ឋអាមេរិក​សង្ឃឹមថា កិច្ចចរចា​នឹង​ធ្វើ​ឱ្យ​ជឿនលឿន​ទៅ​មុខ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព និង​វិបុលភាព ។

សេត​វិមាន​ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្លួន​ទន្ទឹងរង់ចាំ​បន្ត​ការ​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងត្បូង ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​រវាង​លោក ត្រាំ និង​លោក​គី​ម នៅ​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ ៕

                           

Comments

comments