យ៉ាង​ហោច​ណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម និង​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង​ប្រមាណ​ជា ១២ ពាន់​គី​ឡួ​បាន​ងាប់​ក្នុង​រយៈពេល ៣ ថ្ងៃ ព្រោះតែ​ទឹកបាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការ​រៀបរាប់​របស់​ប្រជា​នេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា ៧០ គ្រួសារ​។

អ្នកស្រី វ៉ា​ន ស្រី​អែម បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា តំណាង​ប្រជា​សហគមន៍​នេសាទ​ទាំងនោះ​ដោយសារ​តែ​ជម្រៅ​ទឹកទន្លេ​បាន​ស្រក​ចុះ​មក​នៅ​ក្នុង​ចន្លោះ​ពី ១,៥ ម៉ែត្រ​ទៅ ៣ ម៉ែត្រ​រួម​ជាមួយនឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​បាន​ធ្វើ​ឲ្យ​ត្រី​ដែល​ពួក​គាត់​ចិញ្ចឹម​នៅ​ក្នុង​បែ​ត្រី​ក្នុង​ដង​ទន្លេ​នេះ​បាន​ពុល​ងាប់​ជា​បន្តបន្ទាប់ ដែល​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​គ្រួសារ​ងាប់​ត្រី​អស់​ប្រមាណ​ពី ១០០ គីឡូក្រាម​ទៅ ២០០ គីឡូ​ហើយ​ត្រី​ដែល​ពួក​គាត់​ចិញ្ចឹម​បាន​ប្រឈម​នឹង​ការ​ងាប់​ជា​បន្តបន្ទាប់​នា​ពេល​ថ្មី​ៗ​នេះ​គឺជា​ប្រភេទ​ត្រី​ខ្យា ត្រី​ប្រា ត្រី​ព្រលូង និង​ត្រី​កាហែ ជាដើម ពោល​គឺជា​ប្រភេទ​ត្រី​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ប្រភេទ​ត្រី​ទាំងនេះ​អាច​លក់​ចេញ​នៅ​ក្នុង​តម្លៃ​មិន​ក្រោម ៥ ដុល្លារ​ទេ​ក្នុង​មួយ​គីឡូក្រាម​។ ការ​ពុល​ងាប់​ត្រី​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បាន​ធ្វើ​ឲ្យ​ពួក​យើងខ្ញុំ​មានការ​ខាតបង់​ប្រាក់​ចំណូល​យ៉ាងច្រើន​គឺ​ក្នុង​មួយ​គ្រួសារ​អាច​ខាតបង់​ចន្លោះ​ពី ៥០០ ដុល្លារ ទៅ ១ ០០០ ដុល្លារ​»​។

ប្រជា​នេសាទ​ម្នាក់​ទៀត​លោក ហេង អៀង រស់នៅ​ភូមិ​-​ឃុំ​ផ្សារឆ្នាំង អះអាង​ថា ត្រី​របស់​គាត់​ងាប់​អស់​រហូត​ដល់ ៣០០ គីឡូ ហើយ​សុទ្ធតែ​ជា​ប្រភេទ​ត្រី​ខ្យា និង ត្រី​ព្រលូង​ដែល​កាលពី​ឆ្នាំ​មុន​ៗ នៅ​ពេល​រដូវ​ទឹកសម្រក​ខ្លាំង​ដូច​ជា​ពេល​នេះ​ពួក​គាត់​បាន​នាំ​គ្នា​ចល័ត​បែ​ត្រី និង​ផ្ទះ​បណ្ដែត​ទឹក​របស់​ពួក​គាត់​ចុះ​មក​សំចត​ជា​បណ្ដោះអាសន្ន​នៅ​មុខ​កំពង់​ផែ​ក្រុង​កំពង់ឆ្នាំង ជា​តំបន់​ដែល​មាន​ជម្រៅ​ទឹក​ជ្រៅ ប៉ុន្តែ​នៅ​ពេល​នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ទេ ដោយ​តំបន់​នោះ​កំពុងធ្វើការ​អភិវឌ្ឍ​ពង្រីក​កំពង់​ផែ​។

លោក អៀង ថ្លែង​ថា​៖ «​ពេល​នេះ​ពួក​យើង​គ្មាន​មធ្យោបាយ ដើម្បី​ការពារ ឬ​បង្ការ​ទប់ស្កាត់​មិន​ឲ្យ​ត្រី​ងាប់​នោះ​ទេ បើសិនជា​អាជ្ញាធរ​នៅ​តែ​ពុំ​អនុញ្ញាត​ឲ្យ​ពួក​យើង​ធ្វើការ​ចល័ត​បែ​ត្រី​ទៅ​កាន់​តំបន់​ខាង​មុខ​កំពង់​ផែ​ក្រុង​កំពង់ឆ្នាំង​ជា​បណ្ដោះអាសន្ន​នោះ​ទេ ហើយ​ពួក​យើង​នឹង​ត្រូវ​ប្រឈម​ការ​ខាតបង់​ច្រើន​ជាង​នេះ ខណៈ​អាកាសធាតុ​នៅ​តែ​បន្ត​ក្ដៅ​ហួតហែង ហើយ​ត្រី​នៅ​តែ​បន្ត​ងាប់​»​។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ [​ម្សិលមិញ​] នេះ​ថា​ក្រុមការងារ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​អំពី​ស្ថានភាព​របស់​ប្រជា​សហគមន៍​នេសាទ​ដែល​មាន​បញ្ហា​ត្រី​ងាប់​ទាំងនោះ​រួច​ហើយ និង​បាន​ជួយ​ពន្យល់​ណែនាំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​មិន​ឲ្យ​ត្រី​ងាប់​បន្ត​ទៀត​ដល់​អ្នក​ភូមិ​ទាំងនោះ​ផង​ដែរ​។ ហើយ​បញ្ហា​ដែល​បាន​បណ្ដាល​ឲ្យ​ត្រី​ក្នុង​បែ​របស់​ពួក​គាត់​ងាប់​នា​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ គឺ បណ្ដាល​មក​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង គឺ​ឡើង​ដល់​កម្រិត​ជិត ៤០ អង្សា​សេ ខណៈ​ជម្រៅ​ទឹកទន្លេ​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​រស់នៅ និង​ចិញ្ចឹម​ត្រី​នោះ​បាន​ស្រក​មក​នៅ​ត្រឹម​ចន្លោះ​ពី ១,៥ ម៉ែត្រ​ទៅ ៣ ម៉ែត្រ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ទឹក​ឡើង​កំ​ដៅ និង​កង្វះ​ខ្យល់​អុក​ស៊ី​សែន​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​យើង​បាន​ផ្ដល់​ដំណោះស្រាយ​ចំនួន ៣ ចំណុច​ដល់​ពួក​គាត់ ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​ងាប់​ត្រី​ក្នុង​បែរ​របស់​ពួក​គាត់​ដែល​ក្នុង​នោះ​ពួក​គាត់​ត្រូវ​ចាប់​ត្រី​លក់​ចេញ​ខ្លះ ឬ​ចាប់​រំលែក​ដាក់​បែ​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ចង្អៀត​គ្នា និង​ត្រូវ​បង្កើត​អុក​ស៊ី​ហ្ស៊ែ​ន ដោយ​បង្កើត​ជា​កង្ហារ​បក់​ទឹក​ឲ្យ​វិល​ដាក់​ទៅ​លើ​ត្រី និង​ត្រូវ​អូស​បែ​ទៅ​រក​ទឹក​ជ្រៅ​»​។ លោក​បន្ត​ថា​ភ្លៀង​មួយ​មេ​ធំ​កាលពី​ម្សិលមិញ​រួច​ហើយ បើសិនជា​ភ្លៀង​អាច​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃ​ទី ២ ខែឧសភា ត្រី​របស់​ពួក​គាត់​នឹង​មិន​ងាប់​ទៀត​ទេ​៕
ប្រភព៖ P Post

 

Comments

comments