អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ពី​គ្រោះថ្នាក់​ដល់​សុខភាព​ដោយសារ​ការ​ទទួល ទាន​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​បារាំង​ឈ្មោះ​ថា គ្រាប់​អាល់​ម៉ុ​ន និង អែប​ព្រី​ខ​ត (Bitter Almonds AB Apricot) បន្ទាប់​ពី​ស្ថាប័ន​ជំនាញ​មួយ​របស់​ប្រទេស​បារាំង​បាន​រក​ឃើញ​សា​ធាតុគីមី​។

នេះ​បើ​យោង​តាម​សេ​ក្ដី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កាលពី​ថ្ងៃ​ទី​២៧ ខែ មេ​សា ឆ្នាំ​២០១៨ ។

ការ​ប្រកាស​ជា​សាធារណៈ​របស់​ស្ថាប័ន​ជំនាញ​ខាងលើ​របស់​ប្រទេស​ខ្មែរ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ប្រទេស​បារាំង​បាន​ជូនដំណឹង​ពី​ការ​ប្រមូល​ត្រឡប់​វិញ​នូវ​គ្រាប់​អាល់​ម៉ុ​ន និង អែប​ព្រី​ខ​ត ដែល​មាន​ម៉ាក​យីហោ UBERTI ពី​ទីផ្សារ​ប្រទេស​បារាំង បន្ទាប់​ពី​រក​ឃើញ​មាន​ចម្លង​ចូល​សារធាតុ​គីមី Prussic Acid Content លើស​កំណត់​ច្រើន​ជាង ២០​មី​លី​ក្រាម ក្នុង​មួយ​គីឡូ​ផលិតផល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​។

បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​កាំ​កុង ការ​ទទួលទាន​ផលិតផល​ម្ហូបអាហារ​ដែល​មាន​ចម្លង​ចូល​សារធាតុ​ខាងលើ លើស​ពី​កម្រិត​កំណត់ បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សរីរាង្គ​ក្រ​ពេញទី​រូ​អ៊ី​ត និង​ប្រព័ន្ធ​សរសៃប្រសាទ ដែល​នឹង​បង្ក​ជំងឺ​នានា​ដូច​ជា ជំងឺ​រលាក​សរសៃប្រសាទ ជំងឺ​កង្វះ​ឈាម ដោយ​កង្វះ​ជីវជាតិ​វីតាមីន បេ ១២​។

សេចក្តីជូនដំណឹង​ដដែល​ក៍បាន​បន្ត​ថា នៅ​ពេ​ើ​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​និង​កំពុង​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​តាម​រយៈ​ការ​រាំង​ខ្ទប់​មិន​ឲ្យ​នាំ​ចូល​ផលិតផល​ទាំងនោះ និង​ផ្ដល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​នាំ​ចូល អាជីវករ​លក់ដុំ និង​រាយ ក្នុង​ករណី​មាន​នាំ​ចូល​លើ​ទីផ្សារ និង​ការ​ត្រួតពិនិត្យ​នៅ​តាម​ទីផ្សារ​ធំ តូច ផ្សារ​ទំនើប ដើម្បី​សម្រួល និង​មាន​វិធានការ​តាម​នីតិវិធី​បើសិន​មានការ​ដាក់​តាំង​លក់ ។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក៏​អំពាវនាវ​ឲ្យ​សាធារណជន កុំ​ទិញ​ផលិតផល​ខាងលើ ហើយ​សហការ​ផ្ដល់​ព័ត៌មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​តាម​រយៈ​លេខ​ទូរ​សព្ទ ៣​ខ្សែ ០១២ ២៧ ៨៧ ៨៩ លេខ ០៩២ ៩៩៩ ៨៦៧ និង លេខ ០១២ ៩៨ ៥៥ ៧៧ ក្នុង​ករណី​ពលរដ្ឋ​ជួប​ប្រទះ​ផលិតផល​ដែល​មាន​សារធាតុ​ដែល​ហាមឃាត់​ខាងលើ ៕

 

Comments

comments