កំណាត់​ផ្លូវដែក​ប្រវែង​ប្រមាណ ៦៥​គីឡូម៉ែត្រ​នេះ​ពី​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដល់​ក្រុង​បាត់ដំបង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ផ្លូវការ​ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវដែក​ខាងលើ​ត្រូវ​ចំណាយ​ថវិកា​ជួសជុល និង​សាងសង់​ឡើង​វិញ​ជិត ៧៧​លាន​ដុល្លារ​អា​មេ​រិ​ក​។

ផ្លូវដែក​ចាប់ពី​សិរី​សោភ័ណ​-​បាត់ដំបង មាន​១០​ស្ថានីយ រួម​មាន​៖ សិរី​សោភ័ណ មង្គល​បូ​រី ចំការ​ចេក ភ្នំ​តូច ទួល​សំរោង ជ្រោយ​ស្តៅ ជណ្តើរស្វា អូរ​តា​គី សៀម និង​បាត់ដំបង ។

កំណាត់​ផ្លូវដែក​នេះ​មាន​ផ្លូវ​ឆ្លងកាត់​សរុប​ចំនួន ១១៣​កន្លែង ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ ពី​សិរី​សោភ័ណ មក​បាត់ដំបង មាន​ផ្លូវដែក​ប្រវែង​២៨ គីឡូម៉ែត្រ មាន​ផ្លូវ​ឆ្លងកាត់​ចំនួន​៥០ (៤១ ជា​ផ្លូវ​ឆ្លងកាត់​ផ្លូវការ និង​៩ ជា​ផ្លូវ​សាងសង់​ក្នុង​លក្ខណៈ​ឯកជន មិន​មាន​ទទួលស្គាល់​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​)​។ ក្នុង​ទឹកដី​ខេត្តបាត់ដំបង មាន​ប្រវែង ៣៧​គីឡូម៉ែត្រ មាន​ផ្លូវ​ឆ្លងកាត់​ចំនួន​៦៣ (៥០​ជា​ផ្លូវ​ឆ្លងកាត់​ផ្លូវការ និង​១៣ ជា​ផ្លូវ​សាងសង់​ក្នុង​លក្ខណៈ​ឯកជន​)។

សូម​បញ្ជាក់​ថា ផ្លូវដែក​ដែក​ពី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត (​ព្រំដែន​កម្ពុជា​-​ថៃ​) មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ ហើយ​បាន​សាងសង់​ឡើង​អំឡុង​ឆ្នាំ​១៩២៩ ដល់​១៩៤២ តែ​ផ្លូវដែក​របស់​កម្ពុជា ត្រូវ​បាន​អាក់ខាន​ប្រើប្រាស់​ទៅ​វិញ ដោយសារ​រង​ការ​ខូចខាត​ដោយ​អន្លើ​ព្រោះតែ​ភ្លើងសង្គ្រាម​។ បច្ចុប្បន្ន​ផ្លូវដែក​ត្រូវ​បាន​ជួសជុល និង​ស្តារ​ឡើង​វិញ ដើម្បី​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​។

ក្នុង​នោះ​កំណាត់​ផ្លូវដែក​ប៉ោយ​ប៉ែ​ត មក​កាន់​ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ហើយ​កំណាត់​ផ្លូវ​ពី​ខេត្ត​ភ្ជាប់​ទៅ​កាន់​ខេត្តពោធិ៍សាត់ រហូត​ដល់​រាជធានី​ភ្នំពេញ ក៏​កំពុង​សាងសង់​បន្ត​ផង​ដែរ ជាមួយ​ការ​រំពឹង​អាច​ដាក់​ឲ្យ​ដំណើរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​៕

 

Comments

comments