ទីបំផុត​ទៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​ក្មួយ​ប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ផ្កាយ​៣ ហ៊ុន ជា ដាក់​ពន្ធនាគារ​ព្រៃ​សរ​ចំនួន​១៨​ខែ ពាក់ព័ន្ធ​នឹង​ការ​ចោត​ថា លោក ហ៊ុន ជា បាន​បាញ់បោះ​សេរី នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ ។

ប្រភព​ពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ទៀត​ថា កា​រស​ម្រ​ចនេះ​ធ្វើ​ឡើង​ក្នុង​អង្គ​ជំនុំជម្រះ​អស់​រយៈពេល​ជិត​៥​ម៉ោង ដែល​គេ​អះអាង​ថា ជា​ករណី​ជាក់ស្តែង ហើយ​សន​វនា​ការ​នេះ​មាន​លោក ហ៊ឹង ប៊ុ​ន​ថន ជា​តំណាង​អយ្យការ និង​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជម្រះក្តី​ដ៍​កក្រើក​សម្រាប់​ថ្ងៃ​ទី​០២ ឧសភា​នេះ ។ ដោយ​ចោទ​២​បទល្មើស ទី​១ ចោទ​ពី​បទ «​គំរាមកំហែង​ថា​នឹង​សម្លាប់​» និង​ទី​២ ចោទ​ពី​បទ «​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​» តាម​មាត្រា​២៣៣​និង​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក ហ៊ុន ជា ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​មក​តុលាការ​កាលពី​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃ​ពុធ​ទី​២ ខែឧសភា តាម​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​សរ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-9882 ហើយ​លោក​ក៏​ត្រូវ​បញ្ជូន​ចេញពី​តុលាការ នៅ​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច ឆ្ពោះទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​សរ តាម​រថយន្ត​ដដែល​ផង​ដែរ ។

គួ​បញ្ជាក់​ថា ក្មួយ​ប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឧត្តមសេនីយ៍​ផ្កាយ​៣ ហ៊ុន ជា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ក្រសួងមហាផ្ទៃ ក្រោយ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន បន្ទាប់​ពី​លោក ហ៊ុន ជា ត្រូវ​បាន​គេ​អះអាង​ថា​បាន​បាញ់​ជាង​១០​គ្រាប់ កាលពី​យប់មិញ​(​ថ្ងៃ​ទី​០១ ឧសភា ២០១៨) ។

រឿងហេតុ​នេះ​ត្រូវ​បាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​លោក ហ៊ុន ជា បាន​បាញ់បោះ​នោះ​រួច​មក ទាំង​ចៅហ្វាយខណ្ឌ និង​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ មាន​ប៉េ​អឹ​ម និង​ប៉ូលិស ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ត្រឹម​ឈរ​មើល​ពី​ចម្ងាយ មិន​ហ៊ាន​ចូល​ទៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​មាន​ករណី​ផ្ទុះអាវុធ​ជាង​១០​គ្រាប់ ហើយ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ ។

បើ​តាម​សេ​ក្ដី​រាយការណ៍ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ជាប់​ៗ​គ្នា​តែ​ម្ដង ចេញពីផ្ទះ​លេខ​១១ បើក​អាជីវកម្ម​វេរ​លុយ​យីហោ True Money នៅ​តាម​បណ្ដោយ​ផ្លូវ​១០៨ កែង​ផ្លូវ​៥១ ស្ថិត​ក្នុងភូមិ​១១ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ។

អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​នោះ ក្រោយ​ពី​ឮ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទួន​ៗ គេ​សង្កេត​ឃើញ​វត្តមាន​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ និង​កងកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន មាន​ទាំង​កម្លាំង​នគរបាល​ខណ្ឌដូនពេញ និង​ទាំង​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចុះ​ទៅ​ក្បែរ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដូច​ជា​មិន​ហ៊ាន​ចូល​ទៅ​សាកសួរ និង​រំខាន​ផ្ទះ​កើតហេតុ​នោះ​ទេ បាន​ត្រឹមតែ​ដឹង និង​ឈរ​មើល​ពី​ចម្ងាយ​ប៉ុណ្ណោះ ។

ករណី​ផ្ទុះអាវុធ ជន​បង្ក​បាញ់​លើស​ពី​១០​គ្រាប់ «​អង្រុត​»​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ហ៊ុន ជា បាន​នៅឡើយ​ទេ ។

មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ លោក ថោ​ង ពិសិដ្ឋ បាន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​ណាមួយ​ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ ដោយ​លោក​អះអាង​ថា បាន​សុំ​ច្បាប់​ទៅ​ធ្វើបុណ្យ​នៅ​ខេត្ត ។ លោក​មិន​បានដឹង​នោះ​ទេ ។

ទោះបីជា​បែប​ណា វរសេនីយ៍ឯក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ទទួលស្គាល់​ថា ពិតជា​មាន​ករណី​បាញ់បោះ​សេរី​នៅ​ចំណុច​កើតហេតុ​ខាងលើ​ប្រា​ដម​មែន ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​បង្ក​ឡើយ ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ណា​គេ​ហ៊ាន សួរ​ដូច​ពើ​ចឹ​ង” ៕

សូមរម្លឹកថា នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​នាំ​ខ្លួន ហ៊ុន ជា ទៅ​តុលាការ រឿង​បាញ់​ជាង​១០​គ្រាប់ យប់មិញ

Comments

comments