អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​គូប្រជែង​នយោបាយ​នឹង​បក្ស​កាន់​អំណាច ហើយ​ត្រូវ​បាន​រំលាយ​ចោល​នោះ​បាន​ប្រកាស​ត្រៀមខ្លួន​បោះពុម្ព​ខិត្តប័ណ្ណ​ឲ្យ​បាន ១០ ម៉ឺន​សន្លឹក​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ប្រាប់​គាត់​កុំទៅ​បោះ​ឆ្នោត​នា​ខែកក្កដា​ក្រោយ​ការ​អំពាវនាវ​របស់​អតីត​ប្រធាន​គណបក្ស លោក សម រ​ង្ស៊ី ប្រសិនបើ​គ្មាន​វត្តមាន​សង្គ្រោះ​ជាតិ​ចូលរួម​។

ប៉ុន្តែ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) និង​សមត្ថកិច្ច​រាជរដ្ឋាភិបាល កាលពី​ម្សិលមិញ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​អតីត​ប្រធាន​គណបក្សប្រឆាំង​មួយ​នេះ​គឺ លោក សម រ​ង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ចំពោះ​ការ​អំពាវនាវ និង​ការ​បោះពុម្ព​ខិត្តប័ណ្ណ​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​ខាង​មុខ​។

មន្ត្រី​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ខ្លួន​ត្រៀមខ្លួន​រួច​ហើយ​ដើម្បី​បោះពុម្ព​ខិត្តប័ណ្ណ​ទាំងនេះ​ឲ្យ​បាន ១០ ម៉ឺន​សន្លឹក ហើយ​ចែក​ជូន​ពលរដ្ឋ​ដោយ​ប្រាប់​ពួក​គាត់​កុំទៅ​បោះ​ឆ្នោត​។ លោក​បន្ថែម​ថា​ដំណើរការ​នៃ​ការ​បោះពុម្ព​ខិត្តប័ណ្ណ​នេះ​នឹង​ធ្វើ​ឡើង បន្ទាប់​ពី​ឱសានវាទ​នៃ​ការ​ចុះ​ឈ្មោះ​បក្សនយោបាយ​ត្រូវ​ផុតកំណត់ ហើយ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​។

លោក​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖ «​ខ្ញុំ​នឹង​ត្រៀម​បោះ​ខិត្តប័ណ្ណ ១០ ម៉ឺន​សន្លឹក​ចែក​នៅ​ខេត្តស្វាយរៀង​ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ អត់​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៩ កក្កដា ខាង​មុខ​នេះ​បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​រំលាយ​ដោយ​រដ្ឋាភិបាល​ភ្នំពេញ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​រំពឹង​ថា​ការ​បោះ​ឆ្នោត​នឹង​ឆាចោល​»​។

លោក សម រ​ង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​ចែកចាយ​ខិត្តប័ណ្ណ​អម​ដោយ​ខ្លឹមសារ «​អត្ថន័យ​ពិតប្រាកដ​នៃ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​រៀបចំ​ដោយ​អំណាច​ផ្ដាច់​ការ​ថ្ងៃ​ទី ២៩ កក្កដា ២០១៨»​ដោយ​ផ្តល់​ជម្រើស​តែ ២ គត់​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គឺ​មិន​ទៅ​បោះ​ឆ្នោត និង​ទៅ​បោះ​ឆ្នោត​។

លោក​ក៏​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា​លោក​បាន​ត្រៀម​រួចរាល់​ហើយ​អាច​នឹង​បោះពុម្ព​នៅ​បន្ទាប់​ពី​កាលបរិច្ឆេទ​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ គ​.​ជ​.​ប​. បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ១៤ ឧសភា ខាង​មុខ​ប្រសិនបើ​គ្មាន​វត្តមាន​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ​។

លោក​បន្ថែម​ថា​៖ «​យើង​ត្រៀម​ប្រសិនបើ​ករណី​ហ្នឹង​វា​កើតឡើង​មែន​ប្រសិនបើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​ប្រកួតប្រជែង​ទេ​…​យើង​គ្រាន់តែ​ត្រៀម ប្រសិនបើ​មាន​ករណី​សង្គ្រោះ​ជាតិ​មិន​បាន​ចូលរួម​នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា​ខាង​មុខ​នេះ​»​។

លោក​មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី គ​.​ជ​.​ប​. និង​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ ដោយ​ថា​ការ​អំពាវនាវ​របស់​ខ្លួន​គឺ​សំដៅលើ​អ្នកគាំទ្រ​របស់​ខ្លួន​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា​៖ «​អ្វី​ដែល​យើង​អំពាវនាវ គាត់​គំរាមកំហែង​មិន​ឲ្យ​យើង​ចែក​ខិត្តប័ណ្ណ បើ​និយាយ​ពី​សិទ្ធិ​យើង​មាន​សិទ្ធិ​ធ្វើ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​…​ពាក់ព័ន្ធ​នឹង​ការ​ហាមប្រាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​យើង​អំពាវនាវ​តែ​ទៅ​លើ​អ្នក​ដែល​គាំទ្រ​គណបក្សប្រឆាំង​កន្លង​មក​អំពាវនាវ​លើ​អ្នក​ពេញចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ បើ​គាត់​គាំទ្រ​កន្លង​មក​។ បើសិន​គាត់​គាំទ្រ​បក្ស​ប្រជាជន គេ​ទៅ​បោះ​ទៅ បើ​គេ​គាំទ្រ​បក្ស​សង្គ្រោះ​កុំទៅ​បោះ​ទៅ​»​។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង​នៃ គ​.​ជ​.​ប​. កាលពី​ម្សិលមិញ​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​លោក សម រ​ង្ស៊ី ដែល​លោក​ចាត់​ទុក​ថា បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា ៣៤ និង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​បញ្ញត្តិ​មាត្រា ១៤២ ជាដើម​។

លោក​ថ្លែង​ថា​៖ «​ចំណុច​នេះ​គឺ​កំពុង​តែ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ផង​ហើយ​រំលោភ​លើ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ខ្ញុំ​គិត​ថា គ​.​ជ​.​ប នឹង​មាន​វិធានការ​ចំពោះ​សកម្មភាព​ដ៏​ល្មើស​នេះ​ដែល​លោក សម រ​ង្ស៊ី បាន​ធ្វើ​មក​លើ​ប្រទេស​ជាតិ​យើង​»​។

លោក​បន្ត​ថា​៖ «​វិធានការ​ទី ១ គឺ​យើង​អាច​ធ្វើ​ជា​លិខិត​ដើម្បី​ឲ្យ​អ្នក​ដែល​ធ្វើ​សកម្មភាព​នោះ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​ក្នុង​ករណី​ដែល​មិន​បញ្ឈប់​ទេ​នោះ​យើង​នឹង​ប្ដឹង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​រាល់​សកម្មភាព​ទាំងឡាយ​ដែល​រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​»​។

ជាង​នេះ​ទៀត​លោក​ថា​ចំពោះ​អ្នកលេង​បណ្ដាញ​សង្គម​ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន​ផង​ដែរ​។ លោក​ថ្លែង​ថា​៖ «​អានេះ​ក៏​ពាក់ព័ន្ធ​បញ្ហា​ផ្លូវច្បាប់​ដែរ ប៉ុន្តែ គ​.​ជ​.​ប​. គ្មាន​វិធានការ​គ្រប់គ្រង​ហ្វេ​ស​ប៊ុ​ក ឬ​អ្នកលេង​អ៊ីនធឺណិត​ទេ​យើង​មាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់វិធានការ​បាន​។

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ថ្លែង​ថា លោក​រវល់​ប្រជុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​អង្គារ​ថ្លែង​ថា អ្នក​ប្រព្រឹត្ត​នឹង​ទទួល​បាន​ផល​ដែល​គេ​ធ្វើ​។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ថ្លែង​ថា​វា​អាស្រ័យ​លើ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់វិធានការ​តាម​សំណើ​របស់ គ​.​ជ​.​ប​.​។ ទោះ​យ៉ាងណា​លោក ផៃ ស៊ី​ផា​ន ចាត់​ទុក​សកម្មភាព​របស់​លោក សម រ​ង្ស៊ី ថា​ជា «​ការ​បះបោរ​» ដោយ​កត់សម្គាល់​ទៅ​ដល់​សម័យ​ខ្មែរក្រហម​ដែល​បាន​ធ្វើ​ពហិការ​ក្នុង​ការ​បោះ​ឆ្នោត​។

លោក​ថ្លែង​ថា​៖ «​វា​ជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ ប៉ុន្តែ​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំ​ចូលរួម​ការ​បោះ​ឆ្នោត​គឺជា​ការ​ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​គោលការណ៍​ប្រជាធិបតេយ្យ​។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក សម រ​ង្ស៊ី បាន​ថ្លែង​ថា​៖ «​ខិត្តប័ណ្ណ​ត្រូវ​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​រួច​ហើយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​ខ្ញុំ​មាន​អ្នក follow ពិតប្រាកដ​ចំនួន ៤,៦ លាន​។ ចំពោះ​ការ​ចែក​ខិត្តប័ណ្ណ​ផ្ទាល់ សហការី​របស់ខ្ញុំ និង​ខ្ញុំ​នឹង​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​យើង​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​»​។

លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា ការ​ធ្វើ​ពហិការ​របស់​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត ប្រសិនបើ​ជោគជ័យ​វា​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​អាច​ជឿជាក់​បាន​នៃ​ការ​បោះ​ឆ្នោត និង​ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​។

លោក​ថ្លែង​ថា​៖ «​វា​គួរ​ជា​ចំណាត់ការ​ផ្លូវច្បាប់​ដែល​អាច​យល់​បាន​ដែល​ចាត់​ទុក​ថា​ប្រឆាំង​នឹង​អ្នក​ដែល​អំពាវនាវ​ឲ្យ​មានការ​ធ្វើ​ពហិការ​។ គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​វិនិច្ឆ័យ ហើយ​វា​ស្របច្បាប់​សម្រាប់​ការ​ធ្វើ​ដូច្នេះ​»៕

ប្រភព៖ P Post

Comments

comments