ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចូល​មក​កម្សាន្ត​និង​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ជាង ១​លាន​នាក់ កើនឡើង​១១​ភាគរយ ខណៈ​ដែល​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ទទួល​បាន ៤៨ ២៥៥ ៣១៩ (​សែសិប​ប្រាំបី​លាន​ពីរ​សែន​ប្រាំ​ម៉ឺន​ប្រាំ​ពាន់​បី​រយ​ដប់​ប្រាំបួន​) ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០១៨​នេះ កើន​២៣% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។

បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​នៅ​ឆ្នាំ​២០១៧ បាន​ជាង​១០៧​លាន​ដុល្លា​អា​មេ​រិ​ក ដែល​កើនឡើង​ជាង​៧២​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​ក្នុង​នោះ​ភ្ញៀវ​បរទេស​បាន​ជាង​២​លាន​៤​សែន​នាក់ ដែល​កើន​លើស​ឆ្នាំ​២០១៦ ជិត​១២​ភាគរយ​។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដកហូត​អង្គរវត្ត​ពី​ការ​គ្រប់គ្រង​ដោយ ក្រុមហ៊ុន​លោក សុខ គង់ មក​វិញ​ចាប់ពី​ថ្ងៃ​ទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៧ នោះ ការ​អនុវត្តន៍​តម្លៃ​ថ្មី​នៃ​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ដ​បាន​កើនឡើង​។ តម្លៃ​ថ្មី​នៃ​សំបុត្រ​ចូល​ទស្សនា​មួយ​ថ្ងៃ​តម្លៃ​៣៧​ដុល្លារ បី​ថ្ងៃ​តម្លៃ​៦២​ដុល្លារ និង​៧​ថ្ងៃ​តម្លៃ​៧២​ដុល្លារ ខណៈ​តម្លៃ​ចាស់​នោះ​គឺ មួយ​ថ្ងៃ​តម្លៃ​២០​ដុល្លារ បី​ថ្ងៃ​៤០​ដុល្លារ និង​មួ​យស​ប្ដា​ហ៍​៦០​ដុល្លារ​ ។

គ្រឹះស្ថាន​អង្គរ មិន​បាន​បញ្ជាក់​ពីមូលហេតុ​លម្អិត​នៃ​ការ​ដំឡើង​ថ្លៃ​ប័ណ្ណ​នោះទេ តែ​បាន​បញ្ជាក់​ថា ​នឹង​ដក​យក ២ ដុល្លារ​រាល់​សំបុត្រ​លក់​ចេញ​នីមួយៗ ​ដើម្បី​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

Comments

comments