ជាថ្មីម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ថាលោក​នឹង​មិន​លើកលែងទោស​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ ដោយសារតែ​មេ​បក្ស​រូប​នេះ ធ្លាប់​បាន​ដឹកនាំ​បា​តុ​ម្ម​ផ្តួលរំលំ​របប​ដឹកនាំ​ស្រប​ច្បាប់​របស់​លោកមិន​បាន​សម្រេច​។

បើ​ទោះបីជា​លោក ហ៊ុន សែន ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ក៏​ដោយ ប៉ុន្តែអ្នកវិភាគយល់ថា មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពេល​នេះ គឺ​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា​។

លោក កឹ​ម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំខ្លួន ជាង​៧​ខែ​មក​ហើយដោយចោទ​ពីបទ «​ក្បត់ជាតិ​»​ ប៉ុន្តែសហ​គន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប​ជាដើម បាន​ជំរុញ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ដោយ​ថា ចំណាត់ការ​នេះ ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​ផ្ទុយ​ពី​យន្តការ​ប្រជាធិបតេយ្យ​។

ថ្លែងចេញពីខេត្តស្វាយរៀង ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង លោក ហ៊ុន សែន បានបញ្ជាក់ថានេះ មេ​បក្ស​ប្រឆាំង​ ធ្លាប់​មក​ទម្លាយ​ទ្វារ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តស្វាយរៀង​នេះ ដើម្បី​កៀរគរ​កម្មករ​ឲ្យ​ទៅ​ធ្វើ​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល​។ លោក​ថា ដូចនេះ គ្មាន​ថ្ងៃ​ត្រូវ​លោក​លើកលែងទោស​ឲ្យ​បក្ស​ប្រឆាំង​នេះ​ទេ​។

បើតាមបុរសខ្លំាង ហ៊ុន សែន  «​មេ​បក្ស​ប្រឆាំង បាន​ចូល​មក​តាម​រោងចក្រ​នៅ​ខេត្តស្វាយរៀង ដើម្បី​រុញ​ឲ្យ​កម្មករ​​កម្ម​ការិនី ឲ្យ​ទៅ​ចូលរួម​ផ្តួលរំលំ​រដ្ឋាភិបាល​ ។ អីចឹង !ការ​ជាប់គុក​របស់​អ្នកឯង [​លោក កឹ​ម សុខា​] គឺជា​រឿង​ត្រឹមត្រូវ​ណាស់ មិន​អាច​លើកលែង​ឲ្យ​អ្នកឯង​បាន​ទេ នេះជា​ផែនការ​ផ្តួលរំលំ ដែល​បក្ស​អ្នកឯង​ងាប់(គណបក្សសង្រ្គោះជាតិ«CNRP») មិន​បាន​ចូលរួម​បោះ​ឆ្នោត គឺ​ឯង​ក្លាយជា​ខ្មោច​រួច​ទៅ​ហើយ​»​។

អ្នក​តាមដាន​មួយ​ចំនួន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា កម្តៅ​នយោបាយ​ពេល​នេះ ប្រឈម​នឹង​បែកបាក់​ជាតិ បើ​គ្មាន​ដំណោះស្រាយ​នយោបាយ ដោយ​ថា បក្ស​ប្រឆាំង​ដែល​បាន​រំលាយ​ទៅ​មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស​។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ វិភាគ​ថា របទ​នយោបាយ​ពេល​នេះ អាច​វិល​ទៅ​រក​របប​ឯក​បក្ស បើ​គ្មាន​អ្វី​ប្រែប្រួល​។ ករណី​នេះ លោក វិទូ រំឭក​ឲ្យ​អ្នកនយោបាយ​ខ្មែរ ពិសេស​បក្ស​កាន់​អំណាច ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ជាង​កម្ទេច​ដៃគូ​ប្រកួត ព្រោះតែ​ប្រយោជន៍​បក្ខពួក​និង​គ្រួសារ​និយម​។

លោក​ថា​៖ «​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា គាត់​លេងបៀ​មួយ​សន្លឹក​នេះ ជា​បៀ​មួយ​ប្រថុយប្រថាន ហើយ​គ្រោះថ្នាក់​មែនទែន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស បើសិនជា​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ អាច​ខូច​ឈ្មោះ​ក្នុង​រយៈពេល​វែង នេះ​លទ្ធផល​ដែល​គាត់​បាន​ប្រើប្រាស់​នូវ​មួយ​ស្នៀត​ហ្នឹង វា​អាច​ប៉ះពាល់​ជា​អវិជ្ជមាន ក្នុង​រយៈពេល​វែង​»​។

ក្រុម​ប្រទេស​លោក​សេរី បាន​ថ្កោលទោស​បក្ស​កាន់​អំណាច​ទាក់ទិន​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ឃុំខ្លួន​លោក កឹ​ម សុខា ជាដើម និង​បាន​គំរាម​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច បើ​រដ្ឋាភិបាល​មិន​ស្តា​ប្រជាធិបតេយ្យ​​ឡើង​វិញ​។

យ៉ាងណា​ក៏​ដោយនៅ​ថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហ​ម្តងទៀត​ថា លោក​នៅ​បន្ត​កាន់​អំណាច​១០​ឆ្នាំ​ទៀត ដើម្បី​ទប់ទល់​នឹង​ក្រុមប្រឆាំង ដែល​លោក​ថា ដើម្បី​ការពារ​សន្តិភាព​៕

Comments

comments