ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់ស្ពឺ លោកទេស​រដ្ឋមន្ត្រី អៀង មូលី បាន​​ប្រាប់​​ពលរដ្ឋ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ប្រសិនណា ​បើ​ពួក​គាត់​មិន​ព្រមទៅ​បោះ​ឆ្នោត​ទេ នឹង​មានឈ្មោះ​ថា ជា​អ្នក​ដែល​គាំទ្រ​ទៅ​លើ​ក្រុម​ពួក​ឧទ្ទាម​ដែល​ក្បត់ជាតិ​ ។

​លោក អៀង មូលី ថ្លែងខាងលើបែប​នេះ បានធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាលជាមួយ​កម្មករ កម្មការិនី ជាង២ពាន់នាក់ នៅ​ឃុំ​ភា​រី​មាន​ជ័យ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក​ អៀង ម៉ូលី ដែលគេស្គាល់ថាជាអតីតសមាជិកជាន់ខ្ពស់របស់គណបក្សសេរីនិយមព្រះពុទ្ឋសាសនារបស់​សម្តេចបវរសេដ្ឋា សឺន សាន​ បានបញ្ជាក់យ៉ាងដូច្នេះ « បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ បាន​ន័យ​ថា អ្នក​ស្រឡាញ់​របប​ផ្តាច់​ការ ម្រាមដៃ​អ្នក​មិន​មាន​ជ្រលក់​ទឹកខ្មៅ ធ្វើ​ឱ្យ​គេ​ស្រួល​សម្គាល់ថា ជា​អ្នកគាំទ្រ​ពួក​ឧទ្ទាម​ក្បត់ជាតិ » ។

ទាក់ទិនទីនឹងការលើកឡើងរបស់លោក អៀង ម៉ូលី ខាងលើ​នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល ដែល​ជា​ស្ថាប័ន​ធ្វើ​ការងារ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅកម្ពុជាបាន​មាន​ប្រសាសន៍​ថា ការ​មិន​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះ​ឆ្នោត​គឺជា​ការ​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ។

លោក​លើក​ឡើង​ថា អាជ្ញាធរ ឬ​អ្នកមាន​អំណាច​មកពីណា​ក៏​ដោយ ពួក​គេ​គ្មាន​សិទ្ធិក្នុង​ការ​រារាំង ឬ​ក៏​គម្រាម​កំហែង​​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ ។

លោក​ គល់ បញ្ញា បញ្ជាក់យ៉ាងដូច្នេះ « បាន​ទៅ​បោះ​ឆ្នោត ឬ មិន​បាន​ទៅ​បោះ​ឆ្នោតឲ្យគណបក្ស​នយោបាយ​ណាមួយ​ វា​ជាសិទ្ធិ​និង​ឆន្ទៈ​ស្ម័គ្រចិត្ត​ស្រប​តាម​ច្បាប់​មាន​បច្ចុប្បន្ន​ ។ មន្ត្រី​រដ្ឋាភិបាល​និង​អាជ្ញាធរ​ណា​គំរាម​កំហែង​ថា​អ្នកបោះឆ្នោត​ណា​មិន​បាន​ទៅ​បោះ​ដោយ​ចោទ​ថា​គាំទ្រ​”​បក្ស​ក្បត់ជាតិ​” ការ​គំរាមកំហែង​នោះ​ជា​ការ​រំលោភច្បាប់​និង​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ » ។

ស្រ​ដៀង​គ្នា​នឹង​លោក គល់ បញ្ញា ដែរ លោក សម រ​ង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅប្រទេស​លើក​ឡើង​ថា ការ​ទៅ​បោះ​ឆ្នោត គឺជា​សិទ្ធិ របស់​ពលរដ្ឋ​ម្នាក់​ៗ តែ​ការ​មិន​ទៅ​បោះ​ឆ្នោត ក៏​ជា​សិទ្ធិ របស់​ពលរដ្ឋ​ម្នាក់​ៗ​ដែរ​។

លោក សម រ​ង្ស៊ី បាន​អះអាង​ថា មិន​មានច្បាប់​ណា តម្រូវ ឬ បង្ខំឲ្យ​ពលរដ្ឋ​ម្នាក់​ៗ ទៅ​បោះ​ឆ្នោត​ឡើយ​។ លោក​លើក​ឡើង​ថា កាលពី​បោះ​ឆ្នោត​មុន​ៗ ម្តង​ៗ មាន​ពលរដ្ឋ​រាប់​លាន​នាក់ ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត ហើយ​ក៏​គ្មាន​នរណា​បាន​មក​រករឿង​ពួក​គាត់​ដែរ​។

​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ទៀតថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​គាត់ ជា​អ្នក​បំផ្លាញ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ក្រោយ​ពី​ពួក​គេ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កុំ​ឲ្យ​គណបក្ស​នេះ ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​។ ដូច្នេះ លោក​ថា ប្រជាពលរដ្ឋ មាន​សិទ្ធិ​មិន​ទទួលយក​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ ដោយ​មិន​ទៅ​បោះ​ឆ្នោត​តែ​ម្តង​។

ផ្ទុយ​ពី​លោក សម រ​ង្ស៊ី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក​បាន​ព្រមាន​ថា ការ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋធ្វើ​ពហិការ​មិនទៅបោះ​ឆ្នោត គឺជា​ទ​ង្វើ​ខុសច្បាប់ ។ មន្ត្រី​រដ្ឋាភិបាល​បាន​ព្រមាន​ចាត់ការ​លើ​អ្នក​បន្ត​អំពាវនាវ​អោយ​ពលរដ្ឋ​ពហិការ​បោះ​ឆ្នោត ។

កាលពី​ថ្ងៃ​ទី​២ ខែ ឧសភា លោក សម រ​ង្ស៊ី បាន​បង្ហោះ​ខិត្ត​ប័ណ្ណ​ចំនួន​១​សន្លឹក ដែល​និយាយ​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។ លោក សម រ​ង្ស៊ី បាន​បង្ហោះ​សារ​លើ​ខិត្តប័ណ្ណ​នេះ ដោយ​ការ​ទទូច​ស្នើ​សុំ​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​នោះ អោយ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ខិត្ត​ប័ណ្ណ​ទាំងនេះ ដល់​ពលរដ្ឋ​អោយ​ចូលរួម​ពហិការ​បោះ​ឆ្នោត ។

នៅក្នុង​ខិត្ត​ប័ណ្ណ​ដែលលោក សម រង្ស៊ី បង្ហោះនោះមាន​ខ្លឹមសារ​ថា «អត្ថន័យ​ពិតប្រាកដ​នៃ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ រៀបចំ​ដោយ​អំណាច​ផ្ដាច់​ការ នៅ​ថ្ងៃ​ទី​២៩ កក្កដា​។ ថ្ងៃ​ទី​២៩ ខែកក្កដា ពលរដ្ឋ​មាន​ជម្រើស​ពីរ ទី​១​ មិន​ទៅ​បោះ​ឆ្នោត គឺ​មាន​ន័យ​ថា គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិក្នុង​ចិត្ត ហើយ​ចង់ឱ្យ​គណបក្ស​នេះ​មក​ដឹកនាំ​ប្រទេស​ដើម្បី​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​។

ចំណែកឯ​ទី​២ វិញ លោក សម រ​ង្ស៊ី បង្ហាញ​ក្នុង​ខិត្ត​ប័ណ្ណ​ថា គឺ​ទៅ​បោះ​ឆ្នោត ទោះបីជា​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ណា​ក៏​ដោយ គឺ​មាន​ន័យ​ការ​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ចង់ឱ្យ​គណបក្ស​នេះ ដឹកនាំ​ប្រទេស​តទៅ​ទៀត​ដូច​សព្វថ្ងៃ ។

ក្រោយ​ការ​អំពាវនាវ មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ពួក​គេ​បាន​បោះ​ពុ​ម្ភ​ខិត្ត​ប័ណ្ណ​នេះ​ជាង​១០​ម៉ឺន​សន្លឹក​ដើម្បី​ចែកចាយ​ដល់​ពលរដ្ឋ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ថា បើ​ពួក​គេ​ហ៊ាន​ធ្វើ រដ្ឋាភិបាល​នឹង​ចាប់​វ៉ៃ​ខ្នោះ ភ្លាម។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុ​ភ័​គ្រ បាន​មាន​ប្រសាសន៍​បែប​ព្រមាន​រួច​ជា​ស្រេច​ថ្មី​ៗ​នេះ​ថា បើ​រដ្ឋាភិបាល​បានឃើញ​ថា មន្ត្រី​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​ហ៊ាន​ធ្វើ​ដូច​លោក សម រ​ង្ស៊ី ប្រកាស​អំពាវនាវ​មែន នឹង​ចាត់ការ​តាម​វិធី​ច្បាប់ ។ លោក​អះអាង​ថា ឃើញ​មួយ​ចាត់ការ​មួយ ឃើញ​ពីរ​ចាត់ការ​ពីរ ៕

Comments

comments