យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​៣០​នាក់ ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​អះអាង​ថា​បាន​ពុល​ទឹក នៅ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បើ​តាម​សមត្ថកិច្ច ករណី​ពុល​ទឹក​នេះ​បាន​កើតឡើង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១៤​នាក់ រង​នូវ​អាកា​រៈ​ក្អូ​ត​ចង្អោរ នៅ​ព្រឹក​នេះ​កើនឡើង​ដល់​ជាង​៣០​នាក់​។

ប្រភព​បន្ត​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​១៤​នាក់​នោះ ក្រោយ​ពី​មានការ​ជួយ​សង្គ្រោះ ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ហើយ​ក្នុង​នោះ មាន​ប្រជាពលរដ្ឋ​ចំនួន​០៦​នាក់ មាន​អាកា​រៈ​ធូរស្បើយ​ហើយ អាច​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។ នៅ​សល់​០៨​នាក់​ទៀត កំពុង​តែ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​បង្អែក​ស្រុក​ស្នួល ខេត្តក្រចេះ​។

ករណី​ពុល​នេះ​ដែរ ពី​ខេត្តក្រចេះ​នោះ​វិញ គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយ​សង្ស័យ​ពុល នៅ​ខេត្តក្រចេះ បាន​កើន​ដល់​១៤​នាក់​ហើយ ក្នុង​នោះ​មាន​ស្រី​៩​នាក់ និង​ជន​រង​គ្រោះ​ចំនួន​ជាង​២០០​នាក់​ទៀត​កំពុងធ្វើការ​សង្គ្រោះ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ និង​មន្ទីរពេទ្យ​កាល់់​ម៉ែ​ត រាជធានី​ភ្នំពេញ ។

ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្រែ​ន​ន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​រោគ​សញ្ញា​ដូច​ជា ឈឺពោះ​, ក្អួតចង្អោរ​, ឈី​ក​, អស់កម្លាំង​, ទន់ដៃទន់ជើង​, វិលមុខ និង​ថប់ដង្ហើម រហូត​បណ្តាល​ឲ្យ​ស្លាប់ និង​ជន​រង​គ្រោះជា​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​កាល់់​ម៉ែ​ត ។

ដោយឡែក បើ​តាម​ស្ត្រី​ម្នាក់​នៅ​ភូមិ​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា ដើម​ឡើយ​មាន​ជន​រង​គ្រោះ​ម្នាក់​ជា​ស្ត្រី មាន​អាកា​រៈ​ឈឺក្បាល វិលមុខ និង​ក្អួតចង្អោរ ២​ថ្ងៃ​ក្រោយមក​បាន​ស្លាប់ ហើយ​ក៏​បន្ទាប់​មក ស្រាប់តែ​មាន​ពលរដ្ឋ​ផ្សេង​ទៀត ចាប់ផ្តើម​កើត​បញ្ហា​ដូច​គ្នា​នេះ ។

ស្ត្រី​ខាងលើ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​អ្នក​ភូមិ បាន​ស្លាប់​ជា​បន្តបន្ទាប់​បែប​នេះ ដែល​ភូមិ​គាត់​មិន​ដែល​ជួប​បាតុភាព​ចលាចល​បែប​នេះ​ទេ​នា​កន្លង​មក ។ គាត់​សំណូមពរ​ថា គាត់​សុំ​ធ្វើការ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​ឃើញច្បាស់​ពិតប្រាកដ​ផង​! ដើម្បី​ឱ្យ​អ្នក​ភូមិ​ឆាប់​បាន​វិល​ចូល​មក​លំនៅ​ឋាន​វិញ ។

បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​៧ ឧសភា​នេះ បានអោយ​ដឹង​ថា បានឃើញ​ទិដ្ឋភាព​ផ្ទាល់​ក្នុងភូមិ គឺ​មាន​សភាព​ស្ងាត់ជ្រងំ ខណៈ​ដែល​មាន​អ្នក​ភូមិ​ផ្សេង​ៗ​ទៀត អ្នក​ភូមិ​ផ្សេង​ៗ​ទៀត បាន​និង​កំពុង​ជម្លៀស​ខ្លួន​ចេញ​ផង​ដែរ ដើម្បី​សុវត្ថិភាព ។ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កើតហេតុ ត្រូវ​បាន​អាជ្ញាធរ​ដឹក​ទឹក​ស្អាត និង​ទឹក​សុទ្ធ​ទៅ​ឲ្យ​ដើម្បី​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ។ ប៉ុន្តែ​ពាក់ព័ន្ធ​ករណី​ដែល​មាន​ប្រជាពលរដ្ឋ​បាន​ស្លាប់ និង​រង​គ្រោះ​កើនឡើង​យ៉ាង​គំហុក ដែល​សង្ស័យ​បណ្តាល​មក​ពី​ការ​ពុល​បែប​នេះ ធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ចេញ​ស្ទើរតែ​អស់ពី​ផ្ទះ ព្រោះតែ​ការ​ភ័យ​ខ្លាច​ជំងឺ ៕

ក្រសួង​ឧស្សាហកម្ម បាន​បង្ហាញ​ពី​លទ្ធផល​ពិសោធន៍ ដោយ​រក​ឃើញ​សារធាតុ​គីមី​ក្នុង​ស្រាស និង​ទឹក​ព្រែក​ទេរ នៅ​ខេត្តក្រចេះ ដែល​ជា​ហេតុផល​នាំ​ឲ្យ​មាន​អ្នក​ស្លាប់ និង​រង​គ្រោះ​រាប់រយ​នាក់ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម បានអោយ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​៧ ឧសភា ២០១៨​ថា មន្ត្រី​នៃ​មន្ទីរពិសោធន៍​ចល័ត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់​នៅ​កន្លង​កើតហេតុ ដើម្បី​រក​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​កំពុង​សង្គ្រោះ​បន្ទាន់ ដោយ​បាន​ប្រមូល​យក​សំណាក​គំរូ ស្រាស និង​ទឹក​ក្នុង​ព្រែក​ទេរ នៅ​កន្លែង​កើតហេតុ មក​ពិនិត្យ​នៅ​នឹង​កន្លែង និង​នៅ​មន្ទីរពិសោធន៍​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

ជា​លទ្ធផល នៃ​ការ​ធ្វើតេស្ត​វិភាគ​ជាបឋម​នៅ​នឹង​កន្លែង និង​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឃើញ​ថា គំរូ​សំណាក​ស្រាស មាន​សារធាតុ​មេតា​ណុ​ល​១១,២២% «​ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឲ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ​០,១៥%​ប៉ុណ្ណោះ​» ។

ដោយឡែក គំរូ​សំណាក ទឹក​ព្រែក​ទេរ ៖ មាន​សារធាតុ​ក្រូម (Chromium) រហូត​ដល់​១៧៣ មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ «​ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឲ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ​៥០​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ​» និង
មាន​សារធាតុ​នី​ទ្រី​ត​រហូត​ដល់ ៧-២៣ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ (​ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឲ្យ​មាន​ខ្ពស់​បំផុត​ត្រឹមតែ​៣​មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លី​ត្រ​) ។

ចំណែក​ករណី​ពុល​នៅ​ខេត្តមណ្ឌលគិរី មក​ទល់​នឹង​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា​នេះ នៅ​មិន​ទាន់​ដឹង​ថា​តើ​នៅ​ក្នុង​ទឹក​នោះ​មាន​សារជាតិ​អ្វី​ពិតប្រាកដ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ពុល​ច្រើន​បែប​នេះ ៕

Comments

comments