អនុរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​រ៉ូ​ម៉ា​នី លោកស្រី Monica Dorina Gheorghita បាន​ស្នើ​រដ្ឋាភិបាល​ខ្មែរ​សុំ​សាងសង់​រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ (​សម្តេចឪ នរោត្តម​សីហ​នុ​) ដោយ​ដាក់​តាំងនៅ​ក្នុង​ទីក្រុង​ប៊ូ​កា​រ៉េ​ស ( Bucharest) របស់​ប្រទេស​រ៉ូ​ម៉ា​នី​ដែល​ស្ថិត​នៅ​ប៉ែក​ខាងកើត​នៃ​ទ្វីបអឺរ៉ុប ។

សំណើ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ។

បើ​តាម​លោកស្រី Monica Dorina Gheorghita អនុរដ្ឋមន្ត្រី​ការ​បរទេស​រ៉ូ​ម៉ា​នី បាន​ឲ្យ​ដឹង​ថា ការ​ស្នើ​ដំឡើង​រូបសំណាក​របស់​សម្ដេច​តា​នេះ គឺជា​កិត្តិយស​របស់​ប្រទេស​រ៉ូ​ម៉ា​នី ដើម្បី​ឧទ្ទិស​ដល់​ស្ថាបនិក​របស់​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (​ហ្វ្រ​ង់​កូ​ហ្វូ​នី​) ដែល​មាន​៣​រូប ។

បើ​តាម​លោកស្រី​អនុរដ្ឋមន្ត្រី​ការ​បរទេស​រ៉ូ​ម៉ា​នី​រូប​នេះ រូបសំណាក​នេះ​នឹង​ត្រូវ​ដំឡើង​ជាមួយ​រូបសំណាក​របស់​អតីត​ប្រធានាធិបតី​រ៉ូ​ម៉ា​នី ហា​បី​ប បូ​គី​បា នៅ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​នៅ​ទីនោះ​មាន​រូបសំណាក​របស់​អតីត​ប្រធានាធិបតី​ប្រទេស​សេ​ណេ​ហ្គា​ល់ Léopold Sédar Senghor ត្រូវ​បាន​ដំឡើង​រួច​ហើយ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​រ៉ូ​ម៉ា​នី​នា​ពេល​នេះ លោក​ប្រមុខ​ការទូត​ខ្មែរ ប្រាក់ សុ​ខុន នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​រ៉ូ​ម៉ា​នី នា​ចុងឆ្នាំ​២០១៨ ដោយ​នាំ​យក​ព្រះ​បរម​រូប​មួយ​កំណាត់​ព្រះ​កាយ​របស់​អតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច​តា ទៅ​ជាមួយ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា អតីត​ព្រះ​មហា​វីរក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហ​នុ (​ព្រះ​បរម​រតន​កោដ្ឋ​) បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​បេ​កាំ​ង ប្រទេស​ចិន ដោយ​បន្សល់​ទុក​ស្នា​ព្រះ​ហ​ស្ថ​ច្រើន​រាប់​មិន​អស់ ជា​ពិសេស​គឺ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​យ៉ាង​អង់អាច​ក្លាហាន រហូត​សម្រេច​បាន​ទាំងស្រុង​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​១៩៥៣​។ អ្វី​ដែល​កូន​ខ្មែរ​មិនសូវ​បានដឹង គឺ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ក៏​បាន​ជាប់​ក្នុង​កំណត់​ត្រា​ពិភពលោក និង​ចុះ​ក្នុង​បញ្ជី Guiness ជា​ក្សត្រ​ធ្លាប់​កាន់​មុខ​តំណែង​ច្រើន​បំផុត​ផង​ដែរ ៕

 

Comments

comments