គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្តកណ្តាល​នោះ ត្រូវ​បាន​គេ​អះអាង​ថា នឹង​ពន្យារ​ពេល​ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២៥ ធ្វើ​ឲ្យ​អ្នកទិញ​ដី​នៅ​តំបន់​ដែល​គេ​គ្រោង​នឹង​សាងសង់​ព្រ​លាន​យន្តហោះ​នោះ ខកចិត្ត​និង​មាន​អ្នកខ្លះ​ចង់​ចង​.​ក ព្រោះតែ​ខ្ចីបុល​ពី​ធនាគារ​រាប់​សែន​ដុល្លារ ។

យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ «​អង្រុត​»​នៅ​មិន​ទាន់​អាច​រក​ការ​សុំ​បញ្ជាក់​បន្ថែម​បាន​ទេពី​មន្ត្រី​រាជរដ្ឋាភិបាល​ខ្មែរ ។

អ្នក​រកស៊ី​ដី​មួយ​ចំនួន​បាន​និយាយ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​«​ខាត​ធ្ងន់​ហើយ​បើ​យូរ​យ៉ាងនេះ អស់ពី​ផ្អើល​ពី​ដំបូង​បន្តិច ឥឡូវ​ស្ងាត់ឈឹង ។ ចង់​វ៉ៃ​ចេញ​វិញ ក៏​រក​អ្នកទិញ​មិនឃើញ​។ ៧​ឆ្នាំ​ទៀត​មិនដឹង​ទ្រាំ​ចាំ​យ៉ាងម៉េច​។​»​។

ក្រៅពី​សរសេរ​យ៉ាង​ដូច្នេះ អ្នកទិញ​លក់​ដី​ខ្លះ​បាន​លើក​ឡើងជា​បទ​ពិសោធន៍​ដែរ​ថា​«​យូរ​ម្លឹ​ង​លំបាក​អ្នកទិញ​ដី​ជំពាក់​ធនាគារ​ហើយ​ពេល​នេះ អាសូរ​អ្នកទិញ​ដី​នៅ​ម្តុំ​ហ្នឹង​ណាស់ កប់​លុយ​ចោល ខំ​រក​លុយ​ធនាគារ​សង្ឃឹម​ដី​ឡើងថ្លៃ អភិវឌ្ឍន៍ សង្ឃឹម​ខ្យល់​ហើយ​។​»

ឯ​អ្នកខ្លះ បាន​ចូល​ទៅ​ខម​មិន​( Comment) ដោយ​បញ្ឈឺ​ថា​«​អោយ​រាង កុំ​ឃើញ​គេ​លោត លោត​តាម​គេ បាក់​”​ក​”​ងាប់​មិនដឹង​ខ្លួន​»​។

គួរ​បញ្ជាក់​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​លំដាប់ថ្នាក់​អន្តរជាតិ​លំដាប់ 4F មាន​តម្លៃ​ទុន​វិនិយោគ​សរុប​១៥០០​លាន​ដុល្លារ នឹង​សាងសង់​លើ​ផ្ទៃដី​២៦០០​ហិ​កតា ស្ថិត​នៅ​ក្រុង​តា​ខ្មៅ ស្រុក​កណ្តាល ខេត្តកណ្តាល ។

បើ​យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ របស់​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៉ិ​ន​វេស​មិន ខូ អិ​ល ធី ឌី ( Cambodia Airport Investment Co,ltd » ជា​ក្រុមហ៊ុន​ភាព​ជា​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន (PPP) ។

ការ​បែកធ្លាយ​លិខិត​ខាងលើ គឺ​កើតឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៉ិ​ន​វេស​មិន ខូ អិ​ល ធី ឌី ( Cambodia Airport Investment Co,ltd » ដែល​គេ​ស្គាល់​ថា​ជា​របស់​ក្រុមហ៊ុន​ចិន បាន​ចុះហត្ថលេខា​ជាមួយ​លោក​ឧកញ៉ា ពុង ខៀវ​សែ ប្រធាន​ក្រុមហ៊ុន OCIC ដែល​វិនិយោគ​កោះ​ពេជ្រ​និង​តំបន់​ជ្រោយចង្វារ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨ ។

ទុន​វិនិយោគ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ដែល​សរុប​១៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ គឺ​បាន​មក​ពី​កម្ចី​ធនាគារ​បរទេស​ចំនួន​១១០០​លាន​ដុល្លារ ក្រុម OCIC របស់​ឧកញ៉ា ពុង ខៀវ​សែ ២៨០​លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី ១២០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ក្រុមហ៊ុន OCIC មាន​៩០% និង​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​តំណាង​រាជរដ្ឋាភិបាល​ទទួល​១០% ។

កន្លង​មក​មន្ត្រីជាន់ខ្ពស់​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​គ្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ ដែល​អាច​នឹង​មាន​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយសារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិន​អាច​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បាន​ថែម​ទៀត​នោះ​។

លោក ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ អាកាសចរណ៍​ស៉ី​វិល ធ្លាប់​បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ដោយសារ​តែ​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស បាន​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០២៥ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មិន​អាច​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ទៀត​បាន ជាមួយ​កត្តា​ចង្អៀត​នៃ​ការ​ស្ទះចរាចរណ៍ ក៏​ដែល​បាន​រាំងស្ទះ​ដល់​វិស័យ​អាកាសចរណ៍​ផង​ដែរ​នោះ ទើប​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទស្សនវិស័យ​ថា​នឹង​សាងសង់ នូវ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយទៀត ប៉ុន្តែ​ពេល​នោះ​អ្នកនាំពាក្យ​រូប​នេះ មិន​បាន​បញ្ជាក់​ពី​ទីតាំង និង​ក្រុមហ៊ុន​ដែល​នឹង​ត្រូវ​ទទួល​បាន​សិទ្ធិ​សាងសង់ ព្រ​លាន​យន្តហោះ​ថ្មី​នេះ​នៅឡើយ​ទេ ដោយ​លោក​លើក​ឡើង​ថា វា​ស្ថិត​នៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

លោក​ស៊ី​ន ចាន់​សិរី​វុ​ត្ថា​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​កម្ពុជា ចង់​សាងសង់​អាកាសយានដ្ឋាន​ថ្មី ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​បារាំង ទទួល​បាន​សិទ្ធិ​វិនិយោគ លើ​ព្រ​លាន​យន្តហោះ​នៅ​កម្ពុជា​បច្ចុប្បន្ន បាន​ជួល​អ្នក​ជំនាញការ​មក​ពី​បារាំង ដើម្បី​ឲ្យ​សិក្សា​លើ​គម្រោងការ​សាងសង់ ថា​គួរ​ធ្វើ​នៅ​ម្តុំ​ណា0x017d7 ដើម្បី​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​តិច​បំផុត ហើយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​នោះ ។

ក្រោយមក​ក៍​លេចឮ​ព័ត៌មាន​ច្បាស់​ការណ៍​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​នេះ នឹង​ធ្វើ​នៅ​ក្រុង​តា​ខ្មៅ ភ្ជាប់​នឹង​ទីតាំង​ដី​មួយ​ផ្នែក​របស់​ស្រុក​អង្គស្នួល ខេត្តកណ្តាល ក៍​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​សាងសង់​ព្រ​លាន​យន្តហោះ​នោះ​ឡើងថ្លៃ និង​ក៍​មាន​អ្នកទិញ​លក់​ដី ក៍​ដូច​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប្រញាប់ប្រញាល់​ដាក់​លុយរាប់​សែន​ដុល្លារ​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ ប៉ុន្តែ​ពេល​នេះ មាន​ឮ​ស្នូរ​អ្នកទិញ​ដី​ខ្លះ​ថ្ងូរ​និង​ខ្លះ​ជំពាក់​បំណុល​ធនាគារ​ច្រើន​ស្ទើរតែ​បញ្ចប់ជីវិត ៕

 

Comments

comments