ប្រសិនបើ​មាន​អ្វី​កើតឡើង ពិសេស​នៅ​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​នា​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ កម្ពុជា​-​ចិន នឹង​រួម​គ្នា​ចាត់វិធានការ​ដោះស្រាយ​ភ្លាម​ៗ តាម​រយៈ​យន្តការ​រួម​មួយ​ដែល​បង្កើត​ឡើង​២៤​ម៉ោង​លើ​២៤​ម៉ោង ។

ការ​បង្កើត​យន្ដការ​ប្រមូល​ព័ត៌មាន​ចារកម្ម​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចាត់វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ក្នុង​ជំនួប​មួយ​រវាង​លោកនាយ​ឧត្តមសេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ជាមួយ​លោក ចាវ ឃើ​ជឺ រដ្ឋមន្ដ្រីក្រសួង​សន្តិសុខ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

សូម​បញ្ជាក់​ថា លោក​ប្រមុខ​សន្តិសុខ​ជាតិចិន ចាវ ឃើ​ជឺ បាន​ដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ រហូត​ដល់​ថ្ងៃ​ទី​១២ ខែឧសភា ហើយ​តាម​ការ​គ្រោងទុក លោក រដ្ឋមន្ដ្រីក្រសួង​សន្តិសុខ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ចូល​សម្ដែង​ការ​គួរសម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​សេចក្ដីថ្លែងការណ៍​រូ​ម រវាង​ភាគី​ទាំង​២៕

 

Comments

comments