នាយក​សាលា​ម្នាក់​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំឃាត់ខ្លួន ក្រោយ​ពី​នាយក​សាលា​រូប​នោះ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ដែល​សារ​នោះ​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ ។

បើ​តាម​សមត្ថកិច្ច ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨​នេះ ឈ្មោះ ឃាង ណា​វី អាយុ​៥០​ឆ្នាំ មាន​តួនាទី​ជា​នាយក​សាលា​បឋម​សិក្សា​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ​«​គ្រូ​ប្រ​ព​ន្ឋ​ល្អ​» ហើយ​ដែល​គណនី​នេះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ជា​ឈ្មោះ ឃាង ណា​រី បាន​សរសេរ​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​«​ស្តេច​ចោលម្សៀត ហ៊ាន​រំលាយ CNRP ក្បត់​ឆន្ទៈ​រាស្ត្រ​ជាង​៣​លាន​នាក់ ដើម្បី​បម្រើ​យួន ចិន រួម​គ្នា​រំលាយ​ទឹកដី​ខ្មែរ​…​។ ពូជ​នរោត្តម ជា​ជន​ក្បត់ជាតិ មាន​សីហ​នុ ..​រណ​ប្ញ​ទ្ឋិ និង​សីហ​មុនី​…​។

ជា​ការ​កត់សម្គាល់ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារ​ព្ឋ​ពិធី​ជ​ម្រើ​ន​ព្រះ​ជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៥ យាង​ចូល​៦៦​ព្រះ​វស្សា ដែល​ព្រះរាជ​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ ឧសភា​ស្អែក​តទៅ ។

នេះ​ជា​ករណី​ទី​១​ហើយ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​បង្កើត​កែប្រែ​ច្បាប់​(​វិសោធនកម្ម​ច្បាប់​)​ដើម្បី​ដាក់ទោស​ទណ្ឌ​ជន​ទាំងឡាយ​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ ។

បើ​ត​តាម​ក្រមព្រហ្មទណ្ឌ ដែល​ទើប​ធ្វើ​វិសោធនកម្ម​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បន្ថែម​មាត្រា​កំណត់​ទោស​ជន​ដែល​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គ​ន្ថី​ទី​៤ មាត្រា​ស្ទូ​ន​៤៣៧​ថ្មី ដោយ​បាន​ចែង​ថា «​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​»​។

ចំពោះ​នី​តី​បុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្ត​នា្ទ​ទោស ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ។

សូម​បញ្ជាក់​ថា បើ​តាម​រដ្ឋ​ធម្ម​នុ​ញ្ញា​ឆ្នាំ​១៩៩៣ ក៍បាន​ចែង​ថា ព្រះមហាក្សត្រ ជា​ព្រះ​ប្រមុខរដ្ឋ​មួយ​ជីវិត ដោយ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​៕

Comments

comments