បើមិនមានអ្វីប្រែប្រួលនោះទេ ស្នងការ​នគរបាល​ក្រុងភ្នំពេញ នឹង​ត្រូវ​ផ្លាស់​ប្តូរ​តំណែង​នៅថ្ងៃទី១៤ ខែកក្កដា ឆ្នំា២០១៨ ដោយលោក​ផ្កាយ​៤ ជួន សុវណ្ណ នឹង​ត្រូវ​ផ្ទេរ​ចេញ ដោយ​ដាក់​ជំនួស​ប្អូនប្រុសលោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​លោក​ផ្កាយ​៣ ស ថេ​ត​ ។

នេះបើយោងតាមការចេញផ្សាយរបស់ Cam Post ដែលអះអាងថាបានស្រង់ប្រភពច្បាស់ការណ៍។

ជុំវិញប្រភពខាងលើនេះ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នំា២០១៨នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ​បញ្ជាក់បន្ថែមបានទេ ពីអ្នកនំាពាក្យក្រសួងមហាផ្ទៃ ក៍ដូចជាអ្នកនំាពាក្យអគ្គស្នងការនគរបាលជាតិ ។

យ៉ាងណាក៍ដោយ ពាក់ព័ន្ឋនឹងគម្រោងផ្លាស់ប្តូរស្នងការនគរបាលរាជធានីភ្នំពេញនេះដែរ អ្នកនំាពាក្យក្រសួង​មហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់ Cam Post កាលពីថ្ងៃទី១១ ខែឧសភា ឆ្នំា២០១៨ ដោយលោកមិនបរិយាយនោះទេ ដោយបញ្ជាក់ថា«​ពូ​មិន​បានដឹង​អនាគតកាល​ទេ ដឹង​ត្រឹមតែ​បច្ចុប្បន្ន​ប៉ុណ្ណោះ​… រឿង​ដោះ​ដូរ​ស្នងការ ពូ​មិនដឹង​ទេ»។

ចំណែកលោកផ្កាយ៤ ជួន សុវណ្ណ និង លោក ស ថេត ក៍មិនអាចរកការសុំអត្ថាធិប្បាយបានដែរ នៅព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នំា២០១៨នេះ ។

បើតាម Cam Post រាជរដ្ឋាភិបាល គ្រោង​ដោះ​ដូរ​តំណែង​លោក ជួន សុវណ្ណ យូរ​មក​ហើយ តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពី​លោក ស ខេ​ង ដោយ​យល់​ថា លោក​ផ្កាយ​៤​រូប​នេះ មាន​ស្នាដៃ ណាមួយ​លោក​(ជួន សុវណ្ណ) ជា​ដន្លង​ លោក ជា ស៊ី​ម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ​។

សូមបញ្ជាក់ថា លោក ស ថេ​ត អត្តលេខ​១៥៧២២ ក្នុង​ជួរ​កម្លាំង​នគរបាល​ជាតិ ជា​ប្អូនប្រុស​បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្រ្តី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អតីត​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ​បច្ចុប្បន្ន​លោក​កាន់តំណែងជា​អគ្គស្នងការ​រង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទទួល​ផែន​ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទបញ្ជា​ និងមានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣)៕

Comments

comments