លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ន័យ​បង្អាប់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ខ្លាច​មន្ត្រី​ថ្នាក់​ក្រោម ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​«​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​» ដែល​ទើប​កែ​លំអរ​ថ្មី នៅ​ក្នុង​មន្ទីរពេទ្យ កុមារ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​«​លោក ម៉​ម ប៊ុ​ន​ហេង មិន​ហ៊ាន​និយាយ​ជាមួយ​រដ្ឋលេខាធិការ​មួយ​ចំនួន​លើ​រឿង​ទទួលស្គាល់​កម្រិតសិក្សា របស់​និស្សិត​ពេទ្យ​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​វៀតណាម​ទេ​» ។

លោក ហ៊ុន សែន បន្ត​ថា «​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង មិនសូវ​ជា​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​រដ្ឋលេខាធិការ​នៅ​ក្នុង​ក្រសួង​នេះ​មួយ​ចំនួន​ដូច​ជា មាន​បញ្ហា​នាំ​ឲ្យ​មាន​ភាព​អសកម្ម ដែល​ទាមទារ​ឲ្យ​មានការ​ពិនិត្យ​ឡើង​វិញ​»​។

លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​លើក​ឡើង​ខាងលើ​នេះ បន្ទាប់​ពី​លោក​បាន​អះអាង​ថា បានឃើញ​សំណើ​របស់​និស្សិត​ពេទ្យ​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​វៀតណាម តែ​ក្រសួងសុខាភិបាល​មិន​ទទួលស្គាល់ ខណៈ​ដែល​ក្រសួង​អប់រំ​ទទួលស្គាល់ ហើយ​បាន​បង្ហោះ​ចូល​នៅ​ក្នុង​ខម​មិន​(Comment) នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក (Page Facebook) របស់​លោក ។

បើតាមលោកនាយករដ្ឋមន្រ្តី ករណីក្រសួងសុខាភិបាលមិនទទួលស្គាល់សញ្ញាបត្រនិស្សិតពេទ្យដែល​បញ្ចប់ការ​សិក្សានៅប្រទេសវៀតណាមនោះ ទំនងជាមានការលើកយោបល់ពីរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ហើយលោក ម៉ម ប៊ុនហេង មិនហ៊ានក៍សម្រេចតាមសំណើតែម្តងទៅ ។

យ៉ាងណាក៍ដោយ លោក ហ៊ុន សែន មិនបានបង្ហាញអត្តសញ្ញាណរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដែលលោក ម៉ម ប៊ុនហេង មិននិយាយ ឬមិនហ៊ានប៉ះនោះទេ ។

លោក ម៉​ម ប៊ុ​ន​ហេង មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ភ្លាម​ៗ​ទេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ ។

សូម​បញ្ជាក់​ថា កន្លង​មក លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង ក៍​ធ្លាប់​រង​នូវ​ការ​រិះគន់ជាច្រើនពី​សំណាក់​​មជ្ឈដ្ឋានទូទៅ ​អំពី​ការ​មិន​ពង្រឹង​ក្រម​សីល​ធ៌​ម​គ្រូពេទ្យ ក្រោយ​ពេល​មានការ​ចុះ​ផ្សាយ​ពី​គ្រូពេទ្យ​មួយ​ចំនួន​តូច​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅ​កាន់​អ្នកជំងឺ ឬ ក្រុម​គ្រួសារ​អ្នកជំងឺ ឬ ក៍​ធ្វេសប្រហែស​មិន​យកចិត្តទុកដាក់​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​ជាដើម ៕

Comments

comments