លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំ​ឮ​ក​ដល់​កងកម្លាំង​នគរបាល (Police) ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ដោយ​ត្រូវ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ ។

ការ​ក្រើន​រំ​ឮ​ករប​ស់លោក ហ៊ុន សែន នៅ​ក្នុង​សារលិខិត​ផ្ញើ​ជូន​កងកម្លាំង​នគរបាល​ក្នុង​ខួប​លើក​ទី​៧៣ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ​នា​ថ្ងៃ​ទី​១៦ ឧសភា ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​មេ​គណបក្សប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព លោក សម រ​ង្ស៊ី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត ។

បើ​តាម​លោក សម រ​ង្ស៊ី « ការ​ទៅ​បោះ​ឆ្នោត គឺជា​សិទ្ធិ របស់​ពលរដ្ឋ​ម្នាក់​ៗ​។ តែ​ការ​មិន​ទៅ​បោះ​ឆ្នោត ក៏​ជា​សិទ្ធិ របស់​ពលរដ្ឋ​ម្នាក់​ៗ​ដែរ ។ មិន​មានច្បាប់​ណា តម្រូវ ឬ បង្ខំ ឲ្យ​ពលរដ្ឋ​ម្នាក់​ៗ ទៅ​បោះ​ឆ្នោត​ឡើយ​។ កាលពី​បោះ​ឆ្នោត​មុន​ៗ ម្តង​ៗ មាន​ពលរដ្ឋ​រាប់​លាន​នាក់ ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត ហើយ​ក៏​គ្មាន​នរណា​បាន​មក​រករឿង​ពួក​គាត់​ដែរ ។ ហ៊ុន សែន និង​គណបក្ស​គាត់ ជា​អ្នក​បំផ្លាញ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ក្រោយ​ពី​ពួក​គេ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កុំ​ឲ្យ​គណបក្ស​នេះ ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​។ ដូច្នេះ ប្រជាពលរដ្ឋ មាន​សិទ្ធិ​មិន​ទទួលយក​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ ដោយ​មិន​ទៅ​បោះ​ឆ្នោត​តែ​ម្តង​។

ក្នុង​ស្ថានភាព​បែប​នេះ ការ​មិន​ទៅ​បោះ​ឆ្នោត គ្មាន​អ្វី​ខុសច្បាប់​ទេ ហើយ​ក៏​ជា​កាយវិការ​មួយ សម្តែង​ការ​គាំទ្រ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ចង់​ឃើញ​គណបក្ស​នេះ​ដឹកនាំ​ប្រទេស ដើម្បី​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។ ឯការ​ទៅ​បោះ​ឆ្នោត ជា​កាយវិការ​មួយទៀត សម្តែង​ការ​គាំទ្រ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ចង់​ឃើញ គណបក្ស​នេះ​កាន់​អំណាច តទៅ​ទៀត ដូច​សព្វថ្ងៃ ឬ​ក៏​ជា​ការ​គាំទ្រ ចំពោះ​គណបក្ស​ថ្មី​ណាមួយ ហៅ​ថា​គណបក្ស​អំពិលអំពែក ដែល​ចូល​មក​ប្រកួត​ជា​លេងសើច ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ តាម​បំណង ហ៊ុន សែន ដែល​ចង់​ឲ្យ​យើង​ជឿ​ថា ការ​បោះ​ឆ្នោត​ក្លែងក្លាយ​នេះ ជា​ការ​បោះ​ឆ្នោត​មែនទែន​។​»​។

យ៉ាងណា​មន្ត្រី​រាជរដ្ឋាភិបាល ក៍​ដូច​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចាត់​ទុក​ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ថា​ជា​អំពើ​ខុសច្បាប់ និង​ព្រមាន​ចាត់វិធានការ​ច្បាប់​ផង​ដែរ ៕

Comments

comments