ទីបំផុត​ទៅ​លោក​ឧកញ៉ា ហូ ចំរើន ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ពាក់​ព័​ន្ឋ​នឹង​ការ​បាញ់​គំរាម​ភរិយា​និង​ម្តាយក្មេក ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​លោក​ផ្កាយ​៣ ហូ ចំរើន ដែល​គេ​ដឹង​ថា​ជា​មនុស្ស​មាន​អំណាច​និង​លុយ និង​បម្រើ​ការងារ​នៅ​ទីបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សួរនាំ​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

ករណី​លោក​ឧកញ៉ា​ទើប​ឡើង​ថ្មី បាញ់​ជា​ច្រើន​គ្រាប់​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​គ្រិះ ផ្ទះ លោក​ឧកញ៉ា ហួ ចំរើន ស្ថិត​នៅ​ក្នុងភូមិ​រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ។

ក្រោយ​ហេតុការណ៍​នោះ សមត្ថកិច្ច​មូលដ្ឋាន​ទាំង​ពីរ​ស្ថាប័ន មាន​នគរបាល និង​កងរាជអាវុធហត្ថ ផ្អើល​ស្លន់ស្លោ ក្រោយ​ពី​មាន​ករណី​ផ្ទុះអាវុធ នៅ​ក្នុងភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា ហូ ចំរើន ដោយ​សង្ស័យ​ថា លោក​ឧកញ៉ា បាញ់​គំរាម​ភរិយា និង​ម្តាយក្មេក ។

បើ​តាម​មន្ត្រី​នគរបាល​បាន​បង្ហើប​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​លោក​ឧកញ៉ា ហូ ចំរើន អាយុ​៣៨​ឆ្នាំ បាញ់​គំរាម​៦-៧​គ​ញ​រាប់​នោះ មានឈ្មោះ
១-​យិ​ន គារ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់​នៅ​ទី​តាំ​កើតហេតុ​ខាងលើ
២-​ផ​ន ទៀង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ
៣- លោកស្រី​ឧកញ៉ា គារ សុខ​គាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​(​ជា​ភរិយា​ឧកញ៉ា​ហូ ចំរើន​)

សូម​ជម្រាប​ថា លោក​ឧកញ៉ា ហូ ចំរើន និង​ភរិយា​ឈ្មោះ គារ សុខ​គាង ទើបតែ​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​មាន​ងារ​ជា​ឧកញ៉ា​ទាំង​ពីរ​នាក់ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ គឺ​ទើបតែ​រីករាយ នឹង​ងារ​ជា​ឧកញ៉ា​បាន​ចំនួន​៩​ថ្ងៃ​ប៉ុណ្ណោះ ក៏​កើត​មាន​ករណី​បាញ់​បង្ហាញ​ឫទ្ធិ​អំណាច​បែប​នេះ​តែ​ម្តង ។

ប្រភព​ពី​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា លោក ហូ ចំរើន នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ក្រោយ​ការ​សាកសួរ​ពី​ដំណើររឿង​បាញ់បោះ​ផ្អើល​មួយ​ចំហៀង​ក្រុងភ្នំពេញ​នោះ​រួច​មក ៕

Comments

comments