ខេត្តកំពង់ឆ្នាំង ៖ នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ២០១៨ ស្ត្រី​ម្នាក់​ដែល​ឈឺពោះ​ជិត​សម្រាលកូន ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ ដើម្បី​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​បរិបូណ៌ ប៉ុន្តែ​ពេល​មក​ដល់ ក្រុម​គ្រូពេទ្យ​ប្រាប់​ថា កូន​ក្នុង​ផ្ទៃ​កើតមក​ដោយ​លំបាក ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដោយ​ក្រុម​គ្រូពេទ្យ​បង្ខំ​ទារប្រាក់​ចំនួន​១០​ម៉ឺន​រៀល ទើប​អោយ​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូរណ៍ ដឹក​ទៅ​បាន តែបើ​គ្មាន​ប្រាក់​ប៉ុណ្ណឹង​ទេ រក​មធ្យោបាយ​ផ្សេង​ទៅ​ដោយ​ខ្លួនឯង​ទៅ ។

តែ​នៅ​ពេល​នោះ ក្រុម​គ្រួសារ​ប្រាប់​ថា គាត់ មាន​តែ​លុយ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ឲ្យ​ជួយ​ដឹក​ទៅ​ផង ប៉ុន្តែ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ នៅ​តែ​មិន​ព្រម​ទៀត ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​ដឹក​ស្ត្រី​ដែល​ឈឺពោះ​សម្រាលកូន​នេះ តាម​រ៉ឺ​ម៉ក ម៉ូតូ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

ក្រុម​គ្រួសារ បាន​រៀបរាប់​ឲ្យ​ដឹង​ថា រូប​គាត់​ឈ្មោះ ម៉ក់ តាក់ អាយុ​២៦​ឆ្នាំ ត្រូវជា​ប្តី​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ ។ លោក​បន្ត​ថា គាត់​មាន​ទីលំនៅ​ចំណុច​កោះ​មនោ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ប្រ​ព​ន្ឋ​គាត់​ឈ្មោះ ហឹ​ម គិ​ម​ឈី អាយុ​២២​ឆ្នាំ ។

ប្តី​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ បានអោយ​ដឹង​បន្ថែម​ទៀត ពេល​ឈឺពោះ​មុន​ឆ្លងទន្លេ​នោះ គាត់​បាន​ដឹក​ប្រពន្ធ​ទៅ​សម្រាលកូន នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ប៉ុន្តែ​ពេល​ទៅ​ដល់ គ្រូពេទ្យ​ប្រាប់​ថា អ្នកជម្ងឺ​កើតមក​ខុស​ប្រក្រតី ត្រូវ​ទៅ​កើត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ត្រូវ​បង់​សេវា​១០​ម៉ឺន​រៀល ទើប​អោយ​រថយន្ត​ដឹក​ទៅ បើ​គ្មាន​ទេ​រក​មធ្យោបាយ​ខ្លួនឯង​ទៅ ។

បុរស​ជា​ប្តី​ប្រាប់​ថា គាត់​មាន​តែ​លុយ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ឲ្យ​ជួយ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង ប៉ុន្តែ​គ្រូពេទ្យ​មិន​ព្រម​ទេ ទើប​គ្មាន​ជម្រើស​អ្វី គាត់​បាន​ជួល​ម៉ូតូ​តុ​តុ ដឹង​បន្ត ក្នុង​តម្លៃ​៤​ម៉ឺន​រៀល ។

បុរស​ដដែល​បញ្ជាក់​ថា ខណៈ​ពេល​កំពុង​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​មក​ដល់​ចំណុច​ស្ពាន​សាប​អង្កាម​ទៅ​ហើយ ស្រាប់តែ​ឃើញ​រថយន្ត​របស់​មន្ទីរពេទ្យ​ស្រុក​បរិបូណ៌ បើក​មក​តាម​ពីក្រោយ រួច​ក៏​បាន​ដឹក​ប្រពន្ធ​របស់​គាត់ ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សម្រាលកូន ។

ដូច​គ្នា​នេះ​ដែរ បើ​តាម​ស្ត្រី​ដែល​ត្រូវ​សម្រាលកូន បាន​និយាយ​ដឹង​ថា ពេល​ដល់​មន្ទីរពេទ្យ​ស្រុក​បរិបូណ៌ គ្រូពេទ្យ​ប្រាប់​ថា ស្បូន​ទើប​បើក​បាន​២​កាំ​ប៉ុណ្ណោះ មិន​អាច​បង្កើតកូន​បាន​ទេ ហើយ​បើ​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ ត្រូវ​បង់ប្រាក់​ចំនួន​១០​ម៉ឺន​រៀល បើ​គ្មាន​ទេ រក​តាក់ស៊ី​ជិះ​ខ្លួនឯង​ចុះ ថោក​ជាង​នេះ ។

ដោយសារ​ដំណឹង​នេះ បានដឹង​ដល់​លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូណ៌ តាម​រយៈ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​ទៅ​លោក ភ្លាម​ៗ​នោះ លោក​អភិបាលស្រុក បាន​បញ្ជា​មក​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក ឲ្យ​យក​រថយន្ត​សា​មុ​យ មក​ដឹក​ស្ត្រី​ដែល​ឈឺពោះ​សម្រាល​នេះ​ភ្លាម ហើយ​ខាង​រថយន្ត​សា​មុ​យ បាន​បើក​តាម​រ៉ឺ​ម៉ក​ម៉ូតូ ដឹក​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​មក​ទាន់​នៅ​ចំណុច​ស្ពាន​សាប​អង្កាម​ជិត ដល់​ព្រុំប្រទល់​រវាង​ស្រុក​រលាប្អៀរ​នឹង​ស្រុក​បរិបូណ៌​ទៅ​ហើយ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មិន​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ពី​លោក ឈុ​ន ប៊ុ​ន​ថា ប្រធាន មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​បរិបូណ៌ បាន​ទេ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ។

ជាមួយ​គ្នា​នេះ​លោក ស​រិ​ន្ទី រ៉ា​វុ​ទ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ក៏​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ដែរ ។

សូម​បញ្ជាក់​ថា ស្ត្រី​ខាងលើ បាន​សម្រាលកូន​ដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ ខែ​ឆ្នាំ​ដដែល បន្ទាប់​ពី​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ដល់​គ្រូពេទ្យ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​បរិបូណ៌​ថា ករណី​បែប​នេះ​កោតតែ​ខាង​មន្ត្រី​នៃ​មន្ទីរពេទ្យ​ធ្វើ​ទៅ​កើត យ៉ាងណា​គួរតែ​បញ្ជូន​អ្នកជំងឺ​ដល់​កន្លែង​ដែល​មាន​សុវត្ថិភាព​សិន​ដែរ ព្រោះថា បើ​អ្នកជំងឺ​មាន​បញ្ហា​តាម​ផ្លូវ តើ​ខាង​ណា​ជា​អ្នក​ទទួលខុសត្រូវ ? ប្រាប់​អ្នកជំងឺ​ថា មិន​អាច​សម្រាល​នៅ​នឹង មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​បាន ដោយ​មិន​ព្យាយាម​ឆាប់​បញ្ជូន​ទៅ​ឲ្យ​ដល់​គោលដៅ​ទេ បែរជា​បដិសេធ​មិន​បញ្ជូន​ទៅ​ដោយសារ​លុយ​មិន​គ្រប់​ទៅ​វិញ ។ បែប​នេះ​ហើយ ដែល​ប្រជាពលរដ្ឋ​ច្រើន តែ​និយាយ​មិន​ឈប់​អំពី​អំពើ​អសកម្ម​របស់​មន្ត្រី​ពេទ្យ​មួយ​ចំនួន គិតតែ​ពី​លុយសំខាន់​ជាង ចុះ​ជីវិត​មនុស្ស​យ៉ាងម៉េច​ទៅ​វិញ​ ?

Comments

comments