អ្នកគាំទ្រ​គណបក្សកាន់អំណាច​មួយ​រូប​និង​ជា​អ្នកធ្វើការ​រិះគន់​បក្ស​ប្រឆាំង​នៅ​លើ​បណ្តាញ​ស្គម​ហ្វេ​ស​ប៊ុ​ក លោក ខាន់ ច័ន្ទ​សុផល បាន​ស្នើ​ដល់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៍​ដូច​ជា​មជ្ឈដ្ឋាន​ទូទៅ​គាំទ្រ​ច្បាប់​ថ្មី ដែល​កំណត់​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ហើយ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​គឺ​មាន​សិ​ទ្ឋិ​ចូល​បម្រើ​ការងារ​រដ្ឋ​និង​ឯកជន ។

យ៉ាងណា​ក៍ដោយ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ​«​អង្រុត​» មិន​អាច​រក​ការ​សុំ​បញ្ជាក់​បន្ថែម​បាន​ទេពី​លោក ខាន់ ច័ន្ទ​សុផល ជុំវិញ​ការ​លើក​ឡើង​របស់​លោក ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រិះគន់​លោក​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​កាលពី​ថ្ងៃ​ម្សិលមិញ ។

កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា លោក​ខាន់ ច័ន្ទ​សុផល ដែល​ត្រូវ​គេ​ស្គាល់​ថា​មាន​គណនី​ឈ្មោះ Khan Chansophal បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​«​សូម​គាំទ្រ​ច្បាប់​ថ្មី ៖ អ្នក​មិន​បាន​ទៅ​ចូលរួម​បោះ​ឆ្នោត បំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ អ្នក​នោះ និង​គ្មាន​វាសនា បាន​ចូល​ធ្វើការ រដ្ឋ ឬ ស្ថា​ប​ន័​ឯកជន នោះ​ទេ ។ ថៅកែ​ក្រុមហ៊ុន ទាំងអស់ និង​គោរព​តាម​ច្បាប់​ថ្មី​នេះ គឺ​ពុំ​ហ៊ាន​ទទួលយក​បុគ្គលិក មួយ​ណា អ្នក​ដែល​គ្មាន​ត្រា ស្ងួត និង​លេខ​សង្ងាត់​លើ អត្តសញ្ញាណ​ប​ណ្ណ័ នៅ​ពេល មិន​ទៅ​ចូលរួម​បោះ​ឆ្នោត ក្នុង​អណ​ត្តិ​ទី​២០១៨ នេះ និង​ការ​កាត់ឈ្មោះ ប្លង់​ដី អចលនទ្រព្យ​ទាំងអស់ ក៏​និង​មិន​ត្រូវ​បាន​ធ្វើ​អោយ​ឡើយ ព្រោះ​ច្បាប់​រដ្ឋ ចាត់​ទុក​ថា បុគ្គល​នោះ មិន​បាន​បំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ របស់​ជាតិខ្មែរ​ឡើយ ។ សូម​ចែករំលែក គាំទ្រ​អោយ​មាន ច្បាប់​ថ្មី​បន្ទាន់​នេះ​អោយ​បងប្អូន​យើង​បានដឹង កុំអោយ​មានការ​ស្តាយក្រោយ នៅ​ពេល​មិន​បាន ទៅ​ចូលរួម​បោះ​ឆ្នោត ។​»​។

គេ​នៅ​ចាំ​បាន​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​ទេស​រដ្ឋមន្ត្រី អៀង ម៉ូ​លី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​ដែល​គេ​ស្គាល់​ថា​ជា​អតីត​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​សេរីនិយម​ព្រះ​ពុ​ទ្ឋ​សាសនា​របស់​សម្តេច​បវរ​សេដ្ឋា សឺ​ន សាន បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប​សេដ្ឋ​បញ្ជាក់​យ៉ាង​ដូច្នេះ « បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត បាន​ន័យ​ថា អ្នក​ស្រឡាញ់​របប​ផ្តាច់​ការ ម្រាមដៃ​អ្នក​មិន​មាន​ជ្រលក់​ទឹកខ្មៅ ធ្វើ​ឱ្យ​គេ​ស្រួល​សម្គាល់ថា ជា​អ្នកគាំទ្រ​ពួក​ឧទ្ទាម​ក្បត់ជាតិ » ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៍​ដូច​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា «​អង្រុត​» ក៍​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ដែរ​នៅ​រសៀល​ថ្ងៃ​ពុធ​ដដែល​នេះ ជុំវិញ​ការ​លើក​ឡើង​ខាងលើ ។

លោក សម រ​ង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ក្រៅប្រទេស​លើក​ឡើង​ថា ការ​ទៅ​បោះ​ឆ្នោត គឺជា​សិទ្ធិ របស់​ពលរដ្ឋ​ម្នាក់​ៗ តែ​ការ​មិន​ទៅ​បោះ​ឆ្នោត ក៏​ជា​សិទ្ធិ របស់​ពលរដ្ឋ​ម្នាក់​ៗ​ដែរ​។

លោក សម រ​ង្ស៊ី បាន​អះអាង​ថា មិន​មានច្បាប់​ណា តម្រូវ ឬ បង្ខំ​ឲ្យ​ពលរដ្ឋ​ម្នាក់​ៗ ទៅ​បោះ​ឆ្នោត​ឡើយ​។ លោក​លើក​ឡើង​ថា កាលពី​បោះ​ឆ្នោត​មុន​ៗ ម្តង​ៗ មាន​ពលរដ្ឋ​រាប់​លាន​នាក់ ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត ហើយ​ក៏​គ្មាន​នរណា​បាន​មក​រករឿង​ពួក​គាត់​ដែរ​។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​គាត់ ជា​អ្នក​បំផ្លាញ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ក្រោយ​ពី​ពួក​គេ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កុំ​ឲ្យ​គណបក្ស​នេះ ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​។ ដូច្នេះ លោក​ថា ប្រជាពលរដ្ឋ មាន​សិទ្ធិ​មិន​ទទួលយក​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ ដោយ​មិន​ទៅ​បោះ​ឆ្នោត​តែ​ម្តង​។

ផ្ទុយ​ពី​លោក សម រ​ង្ស៊ី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក​បាន​ព្រមាន​ថា ការ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត គឺជា​ទ​ង្វើ​ខុសច្បាប់ ។ មន្ត្រី​រដ្ឋាភិបាល​បាន​ព្រមាន​ចាត់ការ​លើ​អ្នក​បន្ត​អំពាវនាវ​អោយ​ពលរដ្ឋ​ពហិការ​បោះ​ឆ្នោត ។

កាលពី​ថ្ងៃ​ទី​២ ខែ ឧសភា លោក សម រ​ង្ស៊ី បាន​បង្ហោះ​ខិត្តប័ណ្ណ​ចំនួន​១​សន្លឹក ដែល​និយាយ​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។ លោក សម រ​ង្ស៊ី បាន​បង្ហោះ​សារ​លើ​ខិត្តប័ណ្ណ​នេះ ដោយ​ការ​ទទូច​ស្នើ​សុំ​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​នោះ អោយ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ទាំងនេះ ដល់​ពលរដ្ឋ​អោយ​ចូលរួម​ពហិការ​បោះ​ឆ្នោត ។

នៅ​ក្នុង​ខិត្តប័ណ្ណ​ដែល​លោក សម រ​ង្ស៊ី បង្ហោះ​នោះ​មាន​ខ្លឹមសារ​ថា «​អត្ថន័យ​ពិតប្រាកដ​នៃ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ រៀបចំ​ដោយ​អំណាច​ផ្ដាច់​ការ នៅ​ថ្ងៃ​ទី​២៩ កក្កដា​។ ថ្ងៃ​ទី​២៩ ខែកក្កដា ពលរដ្ឋ​មាន​ជម្រើស​ពីរ ទី​១ មិន​ទៅ​បោះ​ឆ្នោត គឺ​មាន​ន័យ​ថា គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត ហើយ​ចង់ឱ្យ​គណបក្ស​នេះ​មក​ដឹកនាំ​ប្រទេស​ដើម្បី​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​។

ចំណែកឯ​ទី​២ វិញ លោក សម រ​ង្ស៊ី បង្ហាញ​ក្នុង​ខិត្តប័ណ្ណ​ថា គឺ​ទៅ​បោះ​ឆ្នោត ទោះបីជា​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ណា​ក៏​ដោយ គឺ​មាន​ន័យ​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ចង់ឱ្យ​គណបក្ស​នេះ ដឹកនាំ​ប្រទេស​តទៅ​ទៀត​ដូច​សព្វថ្ងៃ ។

ក្រោយ​ការ​អំពាវនាវ មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ពួក​គេ​បាន​បោះ​ពុ​ម្ភ​ខិត្តប័ណ្ណ​នេះ​ជាង​១០​ម៉ឺន​សន្លឹក​ដើម្បី​ចែកចាយ​ដល់​ពលរដ្ឋ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ថា បើ​ពួក​គេ​ហ៊ាន​ធ្វើ រដ្ឋាភិបាល​នឹង​ចាប់​វ៉ៃ​ខ្នោះ ភ្លាម​។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុ​ភ័​គ្រ បាន​មាន​ប្រសាសន៍​បែប​ព្រមាន​រួច​ជា​ស្រេច​ថ្មី​ៗ​នេះ​ថា បើ​រដ្ឋាភិបាល​បានឃើញ​ថា មន្ត្រី​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​ហ៊ាន​ធ្វើ​ដូច​លោក សម រ​ង្ស៊ី ប្រកាស​អំពាវនាវ​មែន នឹង​ចាត់ការ​តាម​វិធី​ច្បាប់ ។ លោក​អះអាង​ថា ឃើញ​មួយ​ចាត់ការ​មួយ ឃើញ​ពីរ​ចាត់ការ​ពីរ ៕

Comments

comments