ភ្នំពេញ ៖ នេះ​ជា​លើក​ទី​៤​ហើយ ដែល​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​បញ្ជា​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​ទៅ​រុះរើ​សំណង់​ខុសច្បាប់​របស់​អតីត​អភិបាលរង​ខេត្តព្រះវិហារ លោក មាស សា​វឿ​ន ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ ។

ការ​ចុះ​រុះរើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

លោក ស៊ូ សោ​គន្ធ អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា ការ​ចុះ​រុះរើ​រោង​ដែល​សង់​រំលោភ​លើ​ដី​ទំនាស់​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់ ឈ្មោះ លឹ​ម សុ​វ​ណ្ណា ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជា​ម្ចាស់​ដី ។

លោក​អភិបាលរង បានអោយ​ដឹង​ទៀត​ថា មុន​ពេល​ចុះ​រុះរើ​អាជ្ញាធរ​បាន​ចុះ​មក​ហាមឃាត់ និង​ណែនាំ​អោយ​រុះរើ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​លោក​មាស សា​វឿ​ន មិន​ស្តាប់​ចេះ​តែ​សង់​លើ​ដី​ទំនាស់​នោះ​ជា​បន្តបន្ទាប់​ទើប​អាជ្ញាធរ​ចុះ​មក​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​តែ​ម្តង ។ ការ​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​ចុះ​រុះ​រោង​នោះ​បាន​សម្រេច​ជោគជ័យ បើ​ទោះបី​មានការ​តវ៉ា​យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​លែង​យោគយល់​ទៀត​ឡើយ ។

នៅ​ក្នុង​ការ​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​នេះ គេ​ឃើញ​ក្រុម​គ្រួសារ​របស់​លោក មាស សា​វឿ​ន ដែល​ជា​អ្នក​ចាំ​ដី​ប្រមាណ​ជិត​១០​នាក់ ធ្វើការ​រារាំង​អាជ្ញាធរ និង​ប្រើ​ពាក្យ​សំដី​ធ្ងន់​ៗ រហូត​ស្រាតខោ​ទះ​គូថ​ដាក់​អាជ្ញាធរ​ផង​ដែរ ព្រមទាំង​ដុត​កំទេច​របស់របរ​មួយ​ចំនួន​ចោល​ផង​ដែរ ។

សូម​រម្លឹកឡើងវិញ​​ថា លោក មាស សា​វឿ​ន បាន​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​រំលោភ​យក​ដី​របស់​ស្ត្រី​ម្នាក់​ឈ្មោះ លឹ​ម វ​ណ្ណា មួយ​កន្លែង​ដោយ​ធ្វើ​រោង​យាម​ចាំ​ដី ចាក់​បំពេញ​អាចម៍ដី​បន្ថែម និង​សាងសង់​របង​ថ្ម​រឹង​មាំ​ទាំង​ថ្ងៃ ទាំង​យប់ បើ​ទោះបី​ស្ត្រី​វ័យ​ចំណាស់​រូប​នេះ មាន​លិខិត​កាន់កាប់​ស្របច្បាប់​ត្រឹម​ត្រូវជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់​ក៏​ដោយ​នោះ​ ។

រោង​ចាំ​ដី​របស់​អតីត​អភិបាលរង​ខេត្តព្រះវិហារ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រឿង​ដីធ្លី គឺ​លោក មាស សា​វឿ​ន ដែល​បាន​សាងសង់​លើ​ដី​ទំនាស់​មួយ​កន្លែង ត្រូវ​បាន​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ ប្រើ​វិធានការ​រដ្ឋបាល​ចុះ​ទៅ​រុះរើ ចំនួន​០៣​ដង រួច​មក​ហើយ ។

តែ​ទោះបីជា​យ៉ាងណា ការ​ប្រើ​វិធានការ​រដ្ឋបាល​នោះ ពុំ​បាន​សម្រេច​ឡើយ ដោយសារ​តែ​លោក មាស សា​វឿ​ន បាន​ចេញ​មុខ​មក​ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ ឲ្យ​ជួយ​ពន្យា​ពេល​រយៈពេល ឲ្យ​គាត់​នឹង​រុះរើ​ចេញ​ខ្លួនឯង ប៉ុន្តែ​មិន​បាន​រុះរើ​ចេញ​ឡើយ ។

បើ​តាម​ការ​អះអាង​ពី​លោកស្រី លឹ​ម វ​ណ្ណា បាន​ឲ្យ​ដឹង​ថា ដី​ទំនាស់​នេះ មាន​ទំហំ​ប្រមាណ​ជាង​១​ហិ​កតា ស្មើ​និង​១២០០០​ម៉ែត្រការ៉េ ដែល​មាន​ជម្លោះ​ដ៍​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ជាមួយ​លោក មាស សា​វឿ​ន ដោយ​គាត់​បាន​ទិញ​ដោយ​ស្របច្បាប់​ពី​លោក លឹ​ម អាន តាំងពី​ឆ្នាំ​១៩៩៩ ដោយ​មាន​អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ​ដឹង​ឮ និង​ទទួលស្គាល់​ត្រឹមត្រូវ ។ ជា​ពិសេស​លោក មាស សា​វឿ​ន បាន​ផ្ដិត​មេដៃ​ទទួលស្គាល់​ព្រុំ​ដី​នៅ​ចំពោះ​មុខ​មេ​ភូមិ និង​អនុប្រធាន​ភូមិ ក្នុង​ឆ្នាំ​២០០០​មក ស្រាប់តែ​ប្តឹង​ចោទ​ឈ្មោះ លឹ​ម អាន ថា​លួច​យក​ដី​លក់ ដើម្បី​ដណ្ដើម​ដី​របស់​គាត់ ដែល​ទិញ​ដោយ​ស្របច្បាប់ ទើប​មានការ​ប្ដឹងផ្ដល់​គ្នា​រហូត​ដល់​អំឡុង​ឆ្នាំ​២០១៦ ។

ករណី​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី ស៊ី វណ្ណ​នី ធ្វើការ​កោះហៅ​ឲ្យ​លោក ប៉ុ​ល ឌី​ម ជា​មេ​ភូមិ​ទួល​គោក និង​លោក ស៊ុន លឹ​ម​សេង អនុប្រធាន​ភូមិ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​បញ្ជាក់​ជុំវិញ​ករណី​ពិនិត្យ​ស្នាម​មេដៃ​លើ​លិខិត​លក់​-​ទិញ​ដី និង​ទទួលស្គាល់​ព្រុំ​ជាប់​ដី​ទាំង​សង្ខាង ដើម្បី​បញ្ចប់​បញ្ហា ហើយ​បាន​រក​ឃើញ​ថា ពិតជា​ស្នាម​មេដៃ​លោក មាស សា​វឿ​ន ប្រាកដ​មែន ពោល​គឺ​លោក មាស សា​វឿ​ន មិន​មាន​ដី​នៅ​ទីតាំង​នោះ​ទៀត​ទេ​។

លោកស្រី លឹ​ម វ​ណ្ណា បន្ត​ថា កាលពី​អំឡុង​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ កន្លង​ទៅ ស្រាប់តែ​ក្រុម​គ្រួសារ​លោកស្រី ថា​ច់ ស៊ី​សុ​ម៉ា ប្រមាណ​ជិត​១០​នាក់ ដែល​អ្នកយាម​ដី​ឲ្យ​លោក មាស សា​វឿ​ន បាន​នាំ​គ្នា​មក​សាង​សង់រោង​រំលោភ​យក​ដី​របស់​គាត់ ។ ជាមួយ​គ្នា​នោះ គាត់​ក៏​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ឲ្យ​ជួយ​អន្តរាគមន៍​ចុះ​មក​រុះរើ នៅ​ពេល​នេះ តែ​ត្រូវ​ម្ចាស់​សុំ​ពន្យា​ពេល ៕

 

Comments

comments