នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ឧសភា ២០១៨​នេះ ប៉ូលិស​ម៉ា​ឡេ​ស៊ី បាន​រឹបអូស​ប្រអប់​ផ្ទុក​ដោយ​កាបូបយួរ​ថ្លៃ​ៗ​ជិត ៣០០ និង​កាបូប​មាន​ផ្ទុក​លុយ និង​គ្រឿងអលង្ការ​ពេញ​ផង​ដែរ ពេល​ចុះ​ឆែកឆេរ​ខុន​ដូ ដែល​ជា​របស់​ក្រុម​គ្រួសារ​លោក​អតីត​នាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ។

ប្រតិបត្តិការ​ឆែកឆេរ​រក​ឯកសារ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​មូលនិធិ​រដ្ឋ 1MDB ដែល​ពាក់ព័ន្ធ​អតីត​នាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ហើយខុន​ដូ​ដែល​ពាក់ព័ន្ធ​នឹង​លោក ណា​ជីប ​ប៉ូលិសកំពុងបន្ត​ឆែកឆេរ​នៅឡើយ ។

លោក Amar Singh ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ពាណិជ្ជកម្ម​(CCID) បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរ៉​យ​ទ័​រថា ប៉ូលិស​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន ​ក្នុង​នោះ​មាន​កាបូប​ចំនួន​៧២​ ដែល​មាន​ដាក់​លុយ និង​គ្រឿងអលង្ការ​ពេញ រួម​ជាមួយ​ប្រអប់​មាន​ដាក់​កាបូបយួរ​ថ្លៃ​ៗ ចំនួន​២៨៤​ផ្សេង​ទៀត ។

លោក Amar Singh បាន​បញ្ជាក់​ដូច្នេះ​ថា គ្រឿងអលង្ការ​តម្លៃ​ប៉ុន្មាន​ឲ្យ​ប្រាកដ​នោះ ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ព្រោះ​យើង​ដឹង​ថា យើង​រឹបអូស​កាបូប​មាន​គ្រឿងអលង្ការ ហើយ​គ្រឿងអលង្ការ​មាន​ច្រើន​ទៀត​ ។

​មន្ត្រីជាន់ខ្ពស់​ដដែល បន្ថែម​ទៀត​ថា មក​ដល់​ថ្ងៃនេះ ប៉ូលិស​បាន​ចូល​ឆែកឆេរ​ទីតាំង​សំខាន់​ៗ ​ចំនួន​ប្រាំមួយ​កន្លែង​ហើយ ​ក្នុង​នោះ​មាន​ការិយាល័យ និង​លំនៅ​ឋាន​ផ្លូវការ​របស់​លោក ណា​ជីប និង​ទីលំនៅ​ឯកជន​ដូច​ជា​ខុន​ដូ ​ដែល​ពាក់ព័ន្ធ​នឹង​លោក ណា​ជីប ។

សម្ភារ​ដែល​ប៉ូលិស​ម៉ា​ឡេ​ស៊ី រឹបអូស​បាន គេ​ដាក់​ការ​សង្ស័យ​ថា ជា​របស់​ភរិយា​លោក ណា​ជីប ផ្ទាល់​តែ​ម្តង ។ ព្រោះ​លោកស្រី Rosmah Mansor មានឈ្មោះ​បោះ​សំឡេង រឿង​ចូល​ចិត្ត​ជីវិត​ឡូយឆាយ ជា​វណ្ណៈ​អភិជន ដោយ​ប្រើប្រាស់ សុទ្ធតែ​កាបូប​ថ្លៃ​ៗ ដែល​មាន​កាបូប​ខ្លះ​មាន​តម្លៃ​ដល់​២០​ម៉ឺន​ដុល្លារ​ឯណោះ ក្នុង​ចំណោម​កាបូបយួរ​នោះ មាន​ខ្លះ​ម៉ាក​ល្បី​ៗ​ដូច​ជា Hermes និង Louis Vuitton ។

សូម​បញ្ជាក់​ថា ១​ស​ប្តា​ហ៍​ក្រោយ​ពី​អស់តំណែង ផ្ទះ​របស់​លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​ប៉ូលិស ឆ្មក់​ចូល​ឆែកឆេរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ នៅ​ក្នុង​ក្របខ័ណ្ឌ នៃ​ការ​ស៊ើបអង្កេត​ពី​បទ​ពុក​រលួយ ដែល​ចាប់​បើក​ធ្វើ​ឡើង​វិញ ដោយ​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​លោក មហា​ធៀរ មហាម៉ាត់ ។

បើ​យោង​តាម​អ្នករាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អា​អែ​ហ្វ​ប៉េ ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ បាន​រាយការណ៍​ថា ប៉ូលិស​បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​លោក ណា​ជីប តាំងពី​រំលង​អ​ធ្រា​ត ហើយ​បន្ត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។

មន្ត្រីជាន់ខ្ពស់​ប៉ូលិស​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ប៉ូលិស​ពិតជា​បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​លោក​ណា​ជីប​ពិតមែន ក៏​ប៉ុន្តែ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​រឿង​នេះ​ទេ ។

ចំណែកឯ​មេធាវី​របស់​លោក​ណា​ជីប​វិញ បាន​ឲ្យ​ដឹង​ថា ការ​ឆែកឆេរ​នេះ ចាប់តាំងពី​ពេល​នោះ​មក​ប៉ូ​លី​សបាន​ចាប់ខ្លួន​មនុស្ស​៦​នាក់​នៅ​ទីក្រុង Kuala Lumpur និង Putrajaya រួម​ទាំង​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​របស់​លោក​ណា​ជីប និង​លំនៅ​ដ្ឋា​ន​ឯកជន​ចំនួន​៤​ទៀត ។

គួរ​រំឭក​ឡើង​វិញ​ថា លោក​ណា​ជីប ត្រូវ​ជាប់​រឿងអាស្រូវ​ពុក​រលួយ តាំងពី​ឆ្នាំ​២០១៥ ពោល​គឺ តាំងពី​ពេល​លោក​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មក​ម្ល៉េះ ដោយ​លោក​ត្រូវ​គេ​សង្ស័យ​ថា បាន​លួច​លុយ​រដ្ឋ​រហូត​ដល់​ទៅ​ប្រមាណ​ជា ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ពេល​នោះ ប៉ូលិស​បាន​បិទ​បញ្ចប់​សំណុំរឿង ដោយ​សន្និដ្ឋាន​ថា លោក​ណា​ជីប មិន​មានទោស​កំហុស​ដូច​ការ​ចោទប្រកាន់​នេះ​ទេ ។

ក៏​ប៉ុន្តែ ក្រោយ​ពី​លោក​ណា​ជីប​ត្រូវ​អស់តំណែង ដោយ​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោតជាតិ កាលពី​ស​ប្តា​ហ៍​មុន លោក​មហា​ធៀរ មហាម៉ាត់ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​បាន​ឲ្យ​ដឹង​ថា លោក​ចង់​ឲ្យ​ប៉ូលិស​សើរើ​មើល​ឡើង​វិញ​នូវ​សំណុំរឿង​ពុក​រលួយ​នេះ ហើយ​បើក​ការ​ស៊ើបអង្កេត​សា​ជា​ថ្មី ដើម្បី​ធ្វើ​យ៉ាងណា​ទារ​យក​លុយ​ពុក​រលួយ​រាប់​លាន​ដុល្លារ​នេះ​ត្រឡប់​មក​វិញ ។

មុន​នឹង​លើក​ឡើង​ពី​គម្រោង​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ លោក​មហា​ធៀរ ជា​នាយក​រដ្ឋមន្ត្រី​ថ្មី បាន​ធ្វើការ​ផ្លាស់​ប្តូរ​តំណែង​អគ្គរាជអាជ្ញា និង​មន្ត្រី​សំខាន់​ៗ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ទៅ​ហើយ ។ ចំណែកឯ​លោក​ណា​ជីប និង​ភរិយា​វិញ ត្រូវ​បាន​អាជ្ញាធរ​ចេញ​បម្រាម ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ផង​ដែរ ៕

Comments

comments