មន្ត្រី​កងរាជអាវុធហត្ថ​( PM) ២​នាក់ បាន​ចុះ​ពីលើ​រថយន្ត​មួយ​គ្រឿង ក្នុង​ស្ថានភាព​ប្រញាប់ប្រញាល់ និង​ប្រុង​ប្រយ័ត្ន​ដៃ​កាន់​កាំភ្លើង AK 47 ម្នាក់​មួយ​ដើម ហាក់ដូចជា​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នានា ប៉ុន្តែ​តាម​ការ​ពិត​គឺ​ការពារ​បុរស​ម្នាក់​ស្ថិត​ក្នុង​ឯកសណ្ឋាន​អាវធំ តែ​មិន​ពាក់​ក្រ​វ៉ា​ត់ក​នោះ​ទេ ដែល​តាម​ការ​អង្កេត​របស់​អ្នក​ឃើញ​ហេតុការណ៍​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​បុរស​នោះ​ទំនងជា​មេ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​០២​នាក់​នោះ ឬក៍​ជា​ថៅកែ​ក្រុមហ៊ុន​ណាមួយ ?​។

អ្នក​ឃើញ​ហេតុការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨​បាន​និយាយ​ថា ពេល​ដែល​មន្ត្រី PM ២​នាក់​នោះ ធ្វើ​កាយវិការ​បែប​ខាងលើ និង បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ជា​មេ​កើយ​នោះ​ចុះ​ពីលើ​រថយន្ត​និង​កាន់​កាំភ្លើង​ច្រងេង​ច្រ​ង៉ាង​ដូច​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នោះ បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​ម៉ា​តនៃ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​តូ​តា​ល់ ស្ថិត​នៅ​ចំណុច​ច្រមុះជ្រូក​រង្វង់​មូល​ព្រះ​នរាយណ៍​ក្រុង​តា​ខ្មៅ ឈម​នឹង​ទីតាំង​សាលា​ខេត្តកណ្តាល ស្រាប់តែ​គេ​ឃើញ​អតិថិជន​ភាគច្រើន​មាន​វ័យ​ក្រោម​អាយុ​៣០​ឆ្នាំ បាន​រត់​ចេញពី​ហាង​ម៉ាត​នោះ​ភ្លាម​ៗ​ដែរ ។

ការ​រត់​ចេញពី​ហាង​ម៉ាត​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ពី​សំណាក់​អតិថិជន​នោះ ត្រូវ​បាន​គេ​គិត​ថា ទំនងជា​យុវជន យុវនារី​ទាំងនោះ​ខ្លាច​មានរឿង​ហានិភ័យ​អ្វីមួយ​កើតឡើង ព្រោះ​មុន​ពេល​ដើរ​ចូល​ទៅ​ក្នុង​ហាង​ម៉ាត​នោះ គេ​ឃើញ​បុរស​ក្នុង​ឯកសណ្ឋាន​អាវធំ​នោះ បាន​ចង្អុលមុខ​បុរស​ម្នាក់​ទៀត ដែល​ជិះ​រថយន្ត​បា​ឡែ​ន​ព៌​ណ​ស​០១​គ្រឿង តែ​មិន​ចាំ​ស្លាក​លេខ ទំនងជា​មានរឿង​ទំនាស់​អ្វីមួយ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៍​ឃើញ​មន្ត្រី PM ម្នាក់​ក្នុង​ចំណោម​០២​នាក់​នោះ បាន​បក់ដៃ​ហៅ​អ្នកបើកបរ​រថយន្ត​បា​ឡែ​ន​នោះ​ចុះ​ពីលើ​រថយន្ត ហើយ​ដៃ​កាន់​កាំភ្លើង​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ជើង​ការណ៍ ។

យ៉ាងណា​ក៍ដោយ អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ទៀត​ថា នៅ​ពេល​នោះ​មិន​មាន​អ្វី​កើតឡើង​នោះ​ទេ ព្រោះ​បុរស​ដែល​ជិះ​រថយន្ត​បា​ឡែ​ន​នោះ​មិន​ចុះ តែ​ក៍បាន​បើករថយន្ត​យឺត​ៗ មុន​ពេល​ចាកចេញ​ឆ្ពោះទៅ​កាន់​ក្រុង​តា​ខ្មៅ ។

បើ​តាម​បុគ្គលិក​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង​តូ​តា​ល់ (Total) ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​ថា មុន​ពេល​កើតហេតុ​ខាងលើ គឺ​រថយន្ត​បា​ឡែ​ន​បាន​ចូល​ចាក់​សាំង ស្រាប់តែ​រថយន្ត​មិន​ស្គាល់​ម៉ាក តែ​គេ​ចាំ​ស្លាក​លេខ បាត់ដំបង 2A 1749 ហើយ​រថយន្ត​នោះ​ស្រ​ដៀង​គ្នា​នឹង​រថយន្ត​ដឹក​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន បើក​កៀរ​ស្ទើរតែ​ប៉ះ​រថយន្ត​បា​ឡែ​ន​ខណៈ​ផ្លូវ​តូច​ចង្អៀត អ្នកបើកបរ​រថយន្ត​ឲ្យ​បុរស​ក្នុង​ឯកសណ្ឋាន​អាវធំ​នោះ​គិតតែ​ពី​រុលទៅមុខ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​បា​ឡែ​ន​បាន​ចុច​ស៊ី​ផ្លេ​ទំនងជា​ខឹង​អ្នកបើកបរ​រថយន្ត​ដឹក​លោក​ធំ​នោះ ។ បុគ្គលិក​ដដែល​បន្ត​ថា រថយន្ត​ដឹក​បុរស​អ្នកធំ​នោះ​គឺ​អ្នក​ខុស​ទាំងស្រុង ព្រោះ​ផ្លូវ​តូច​ចង្អៀត​ហើយ គាត់​នៅ​តែ​រុល​បើក​កៀរ​រថយន្ត​បា​ឡែ​ន ស្ទើរតែ​ប៉ះ ។ ចំណែក​អ្នក​ឃើញ​ហេតុការណ៍​នេះ ក៍បាន​ទម្លាក់​កំហុស​លើ​រថយន្ត​ដែល​ដឹក​លោក​ធំ​នោះ ហើយក៍​បាន​និយាយ​រិះគន់​ថា ទាំង​អ្នក​បើករថយន្ត ជា​ពិសេស​លោក​ធំ​ដែល​មិនដឹង​ជា​ផ្កាយ​ប៉ុន្មាន​នោះ​គឺ​កំពូល​ឈ្លើយ​លើ​លោក​។

ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​បាន​នាំ​គ្នា​និយាយ​ថា គួរ​ឲ្យ​អាណិត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ណាស់ ដែល​មាន​មន្ត្រី​ប្រភេទ​ខាងលើ ព្រោះ​ពួក​អន់​ចរិត​បែប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថមថយ​ចុះ​ច្រើន ជាក់ស្តែង​ដូច​ជា​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ និង ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១៧ ។

ក្រុម​អ្នក​តាមដាន​បាន​និយាយ​ទៀត​ថា សំណាង​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​រលាយ ហើយ​ទំនងជា​មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៦ នា​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ កុំ​អី​សន្លឹក​ឆ្នោត​អាច​នឹង​បាត់បង់​ច្រើន​ទៅ​បក្ស​ប្រឆាំង​ទៀត ព្រោះតែ​សកម្មភាព​របស់​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​តូច​ខាងលើ ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៍​ដូច​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨​ដដែល​នេះ ៕

Comments

comments