ខាងលើ​នេះ គឺជា​ការ​លើក​ឡើង​របស់​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ​ញ៉ា​ញ់ ។ ការ​បែកធ្លាយ​តួលេខ​នៃ​ការ​បង់លុយ​ក្រោម​តុ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជំនាញ​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នេះ គឺ បន្ទាប់​ពី​សមត្ថកិច្ច ចម្រុះ​ត្រួតពិនិត្យ​ដាក់​បា​រ៉ា​ស់​នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ហើយ​បាន​ធ្វើការ​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ញ៉ា​ញ់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៨ និង​ឈ្មួញ​ផ្សេង​ទៀត​ជា​ដៃគូ​នឹង​គ្នា​ ដែលប៉ងនំាឈើទៅវៀតណាម។

ក្រោយ​ហេតុការណ៍​នេះ ស្រាប់តែ​ឈ្មួញ​ម្នាក់​បាន​ផ្ញើ​សារ​មក​គំរាម​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​កំពុង​ត្រួតពិនិត្យ នៅ​ចំណុច ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា នោះ​ថា «​បើ​ចាប់​យ៉ាងហ្នឹង ចុះ​លុយ​ខ្ញុំ​២៥,០០០$​ខំ​បង់​ខែ​ឲ្យ​គេ​អស់ហើយ តើ​គិត​ម៉េច ? ។

ឆ្លើយ​តប​នឹង​សារ​នោះ មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ បាន​ប្រាប់​វិញ​ថា បង់​ឲ្យ​នរណា​បង់​ទៅ សំខាន់​ខ្ញុំ​អនុវត្ត​ច្បាប់​តាម​បញ្ជា​ថ្នាក់លើ គឺ​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើ​ល​ព្រៃឈើ​។

ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឈ្មួញ​ឈើ​នេះ​ដែរ លោក អ៊ុំ សុវណ្ណ​ភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរ​សព្ទ័​ចូល​ហើយ​មិន​មាន​អ្នក​ទទួល ។

ចំណែក មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី លោក​វរៈសេនីយ៍ឯក ស្វាយ សុ​វ​ណ្ណា បាន​ប្រាប់ ឲ្យ​ដឹង​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចូលរួម​ត្រួតពិនិត្យ សុ​វត្តិភាព​ចរាចរណ៍​និង​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​នោះ គឺ​ដើម្បី​អនុវត្ត​ច្បាប់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

លោក​បន្ត​ថា នៅ​ដើមខែ​ឧសភា លោក​ពិតជា​បាន​ចាប់​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ ឈ្មោះ ញ៉ា​ញ់ នោះ​មែនហើយ​ថា​ឈ្មួញ​ឈើ​នេះ ត្រូវជា​ប្អូនថ្លៃ​របស់​លោក​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ឈ្មួញ​មាន​ប្រតិកម្ម​ខឹងសម្បា​រលើ​លោក​ជា​ខ្លាំង​។

បើ​តាម​លោក ស្វាយ សុ​វ​ណ្ណា ជា​គោលការណ៍ អ្នក​ដឹកឈើ​បន្តិច​ប​ន្ទួ​ច​តាម​ម៉ូតូ​គឺ​មានការ​អនុគ្រោះ​ខ្លះ​ៗ ប៉ុន្តែ​បើ​ដឹក​តាម​រថយន្ត​គឺ​ត្រូវ​តែ​ចាប់​ជា​ដាច់ខាត គឺ​ធ្វើ​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្តមណ្ឌលគិរី ៕

 

Comments

comments