​ទី​បំផុត​ គណបក្ស​ខ្មែរ​ក្រោក ដែល​បង្កើត​ឡើង​ដោយ​យុវជន​ម្នាក់​ឈ្មោះ សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ដែល​ល្បីល្បាញ​តាម​បណ្តាញ​សង្គម​ក្រោម​ឈ្មោះ​ថា William Guang ត្រូវ​បាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ គណបក្ស​នយោបាយ​ឈ្មោះ​ថា «​ខ្មែរ​ក្រោក​» ដែល​ដាក់​បេក្ខជន​ឲ្យ​ឈរឈ្មោះ​នៅ​៦​មណ្ឌល ។

នៅ​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​០១៨​នេះ គ​.​ជ​.​ប ក៏​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ គណបក្ស​នយោបាយ​មួយទៀត រួម​នឹង​គណបក្ស​ខ្មែរ​ក្រោក បន្ទាប់​ពី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្ស​ចំនួន​១៣ ដែល​បាន​ចុះបញ្ជី​នៅ​គ​.​ជ​.​ប ដើម្បី​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦​នោះ ។

បើ​តាម​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២០ ខែឧសភា​នេះ មាន​គណបក្ស​នយោបាយ​សរុប​ទាំងអស់​១៥​ហើយ ដែល គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ ។​ ពេល​នេះ គ​.​ជ​.​ប កំពុង​បន្ត​ពិនិត្យ​ការ​ចុះបញ្ជី​របស់​គណបក្ស​ចំនួន​៥​ផ្សេង​ទៀត ដើម្បី​ឲ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត ខណៈដែលគណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ និង​ដាក់​បេក្ខភាព​ប្រកួតប្រជែង មាន​រហូត​ដល់​ទៅ ២០​គណបក្ស ។

គណបក្ស​នយោបាយ​ទាំងអស់​១៥ ដែល គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ រួម​មាន ៖

១៖ គណបក្ស​ខ្មែរ​ឈប់​ក្រ ដាក់​បេក្ខជន​ឈរ​នៅ ២៥​មណ្ឌល​។
២៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។
៣៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។
៤៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។
៥៖ គណបក្ស​ខ្មែរ​តែ​មួយ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១៦​មណ្ឌល​។
៦៖ គណបក្ស​ពន្លឺ​ថ្មី ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១៣​មណ្ឌល​។
៧៖ គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។
៨៖ គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១៧​មណ្ឌល​។
៩៖ គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។
១០៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។
១១៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។
១២៖ គណបក្ស​ធម្មាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១០​មណ្ឌល
១៣៖ គណបក្ស​មាតុភូមិ​យើង ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ៦​មណ្ឌល​។
១៤៖ គណបក្ស​ខ្មែរ​ក្រោក ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ៦​មណ្ឌល​។
១៥៖ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ ១៦​មណ្ឌល ៕

Comments

comments