ភ្នំពេញ ៖ ក្មេង​ស្រី​​ម្នាក់ ត្រូវ​ឪពុក​ទុក​ឱ្យ​នៅ​ដេកចាំ​ផ្ទះ​តែ​ម្នាក់ឯង ព្រោះ​រវល់​ចេញ​ទៅ​ធ្វើការបាត់ លុះ​ពេល​ភ្ញាក់​ពី​ដំណេក​មិនឃើញ​ឪពុក​នៅ​ជិត ក៏​កើត​មាន​អារម្មណ៍​ភ័យ​ខ្លាច រហូត​ដល់​បាន​ចាក់សោ​ផ្ទះ ហើយ​ដើរ​ចុះ​មក​ក្រោម​ទាំង​យំ​សស្រាក់ ដោយ​មិនដឹង​គោលដៅ​ច្បាស់លាស់ ដើរ​តាម​រក​ឪពុក ។

ហេតុការណ៍នេះធ្វើអោយមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងកាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​២៣ ឧសភា ២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ត្រង់​ចំណុច​ម៉ាត ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​ ។

​ក្មេង​ស្រី​ដែល​ដើរ​យំ​តាម​ផ្លូវ ​ស្វែងរក​ឪពុក​នេះ មិន​ត្រូវ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា មាន​អាយុ​១០ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅ​តែពីរ​នាក់​ឪពុក​ប៉ុណ្ណោះ នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី២ ខណ្ឌដូនពេញ​ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅកន្លែង​កើតហេតុ បានប្រាប់ឲ្យ​ដឹងថា ក្មេង​ស្រី​​ម្នាក់​នេះ ជា​រៀង​រាល់ថ្ងៃ​បាន​គេង​នៅ​ជាមួយ​ឪពុក ហើយ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​នេះ បាន​លែងលះ​គ្នា​ជា​យូរ​មក​ហើយ ទើប​បុរស​ជា​ឪពុក​បាន​យក​កូនស្រី​មក​នៅ​ជាមួយ​ ។ នៅ​មុន​ពេល​កើតហេតុ ទំនងនាង​ភ្ញាក់​ពី​ដំណេក​ឡី​ង ស្រាប់តែ​​មិនឃើញ​ឪពុក​នៅ​ក្បែរ ព្រោះតែ​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ មានការ​ងារ​រវល់​ទាំង​យប់ ជា​ហេតុ​ធ្វើ​ឱ្យ​ក្មេង​ស្រី​រូប​នេះ មាន​អារម្មណ៍​ភ័យ​ខ្លាច​ ក៏​យំ​ស្រែក​រក​ឪពុក​ពេញ​ផ្ទះ តែ​រក​មិនឃើញ ក៏​បាន​ចាក់សោ​ផ្ទះ រួច​ចុះ​មក​ដើរ​តាម​រក​ឪពុក​ទាំង​យំ​សស្រាក់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បានឃើញ ក៏​ចូល​ទៅ​សួរនាំ ទើប​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដើរ​តាម​រក​ឪពុក​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង​ ។

ក្រោយ​កើតហេតុ គេឃើញប្រជាពលរដ្ឋ​បាន​នាំ​គ្នាទិញ​នំចំណី​កា​រ៉េ​ម ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ញ៉ាំ ដើម្បី​លួងលោម​កុំឱ្យ​យំ​តទៅ​ទៀត និង​បាន​ទាក់ទង​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច ព្រមទាំង​ប្រកាស​តាម​វិទ្យុ​អេ​ប៊ី​ស៊ី អស់​រយៈពេល​២​ម៉ោង ទើប​លេចមុខ​បុរស​ជា​ឪពុក​ក្មេង​ស្រី​ខាងលើ បាន​មករ​កកូន​ស្រី និង​បាន​ប្រាប់​ថា គាត់​រវល់​ចេញ​ទៅ​ធ្វើការ​នៅ​អគារ​មួយ​កន្លែង នៅ​ជាន់​ទី​៣ ទើប​ទុក​ឱ្យ​កូនស្រី​ដេក​នៅផ្ទះ​តែ​ម្នាក់ឯង ទើបកើត​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​តែ​ម្តង ​។ បន្ទាប់​ពី​បាន​ជួប​គ្នា​វិញ គេ​ឃើញ​ក្មេង​ស្រី​រូប​នោះ បាន​ឱប​ឪពុក​យ៉ាង​ជាប់​មិន​លែង​នោះ​ទេ​ រួចហើយ​ បុរស​ជា​ឪពុក​បាន​នាំ​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ​៕

Comments

comments