ប្រភពពី RFA បានឲ្យដឹងថា លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​និង​ជា​នាយសេនាធិការ​ចម្រុះ និង លោកនាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នឹង​ត្រូវ​ព្យួរ​មុខ​តំណែង ដើម្បី​ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុ​ជាតិ អះអាង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ថា ដោយសារ​មេដឹកនំាលើវិស័យការពារជាតិខាងលើ ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​មណ្ឌល​ផ្សេង​ៗ សម្រាប់​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោតជាតិ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

យ៉ាងណា​ក៍ដោយ លោក ឈុំ សុ​ជាតិ មិន​បាន​បញ្ជាក់​ថា តើ​ការ​ព្យួរ​តួនាទី​អ្នក​ទាំងនេះ នឹង​ចាប់​ធ្វើ​នៅ​ពេល​ណា ឲ្យ​ជាក់លាក់​នៅឡើយ​ទេ ប៉ុន្តែ​តាម​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មន្ត្រី​កង​យោធពលខេមរ​ភូមិន្ទ ដែល​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បែប​នេះ ត្រូវ​ដាក់​ពាក្យសុំ​ច្បាប់​ឈប់​ពិសេស​យ៉ាងតិច ៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។ បើ​តាម​ប្រតិទិន​របស់​គ​.​ជ​.​ប យុទ្ធនាការ​ឃោសនាបោះឆ្នោត នឹង​ចាប់ផ្ដើម​ធ្វើ​រយៈពេល ២១ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែកក្កដា ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា​។

យោង​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា មន្ត្រី​សាធារណៈ ដូច​ជា​មន្ត្រី​យោធា និង​នគរបាល​ជាន់ខ្ពស់ មិន​អាច​រក្សា​មុខ​តំណែង​ដដែល ហើយ​ទៅ​កាន់​មុខ​តំណែង​មួយទៀត​ជា​តំណាងរាស្ត្រ​ក្នុង​ពេល​តែ​មួយ​បាន​នោះ​ទេ ពោល​ពួក​គេ​ត្រូវ​តែ​លាលែង​ចេញពី​តំណែង​យោធា​និង​នគរបាល​ទាំងនោះ​ពេល​ជាប់​ឈ្មោះ​ជា​តំណាងរាស្ត្រ​ហើយ បើ​ពុំ​ដូច្នោះ​ទេវា​ជា​អំពើ​រំលោភ​រដ្ឋធម្មនុញ្ញ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៧៩​ចែង​ថា ៖​អាណត្តិ​នៃ​សមាជិក​រដ្ឋសភា​មាន​វិសមិតភាព​ជាមួយ​ការ​បំពេញ​មុខងារសាធារណៈ​ជាស​កម្ម និង​ជាមួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃ​ទៀត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ វារលែងតែ​ទៅ​បំពេញ​មុខងារ​ក្នុង​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​។

ក្នុង​ករណី​នេះ សមាជិក​រដ្ឋសភា​រូប​នោះ មាន​ឋានៈ​ជា​សមាជិក​រដ្ឋសភា​ធម្មតា ប៉ុន្តែ​មិន​ត្រូវ​មានមុខ​តំណែង​អ្វី​ទាំងអស់​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ក្នុង​គណៈកម្មាធិការ​ផ្សេង​ៗ​នៃ​រដ្ឋសភា​។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ដាក់​បេក្ខភាព​តំណាងរាស្ត្រ​អាណត្តិ​ទី​០៦​នេះ គឺ​តម្រូវ​ឲ្យ​នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត ព្រះ​សីហ​នុ និង លោក មាស សុភា ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​នៅ​មណ្ឌល​ព្រះ​វិហារ​។ លោក គន់ គី​ម ឈរឈ្មោះ​ជា​តំណាងរាស្ត្រ នៅ​ខេត្តឧត្តរមានជ័យ​។

ការ​ព្យួរ​តួនាទី​មន្ត្រី​ថ្នាក់​កំពូល​ៗ មក​ធ្វើ​ជា​បេក្ខជន​តំណាងរាស្ត្រ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ស្រប​ពេល​ដែល​កូន​ៗ​របស់​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន ក្នុង​ជួរ​បក្ស​កាន់​អំណាច រួម​ទាំង​កូនប្រសា​ផង សុទ្ធតែ​ត្រូវ​បាន​ដំឡើង​តួនាទី​ធំ​ៗ យ៉ាង​ឆាប់រហ័ស ទាំង​ក្នុង​ជួរ​នគរបាល​ជាតិ កង​យោធពលខេមរភូមិន្ទ និង​តួនាទី​ដឹកនាំ​ធំ​ៗ​ផ្សេង​ទៀត​។ លោក ហ៊ុន ម៉ា​ណែ​ត កំពុង​ដើរតួ​នាទី ជំនួស​ឪពុក​ដឹកនាំ​ប្រទេស​ជា​បណ្ដើរ​ៗ​ហើយ ដោយ​លោក​កាន់​តួនាទី​ធំ​ៗ​ស្អេកស្កះ ក្នុង​ពេល​តែ​មួយ​។ លោក​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​រង​ផង ជា​កងទ័ព​ជើងគោក​ផង ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​ផង ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ផង និង ជា​នាយ​រង​សេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ​ផង​។ ខណៈ​កំពុង​ក្ដោប​ក្ដាប់​ការងារ​សំខាន់​ៗ លោក​ក៏​ចុះ​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

ជា​រួម សព្វ​ថ្ងៃនេះ កូន​ៗ របស់​លោក ហ៊ុន សែន កំពុង​កាន់​តួនាទី​សំខាន់​ក្នុង​ជួរ​ទាហាន និង​ប៉ូលិស​។ កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក ហ៊ុន ម៉ា​និ​ត គឺជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កាន់​តំណែង ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ និង​ជា​នាយ​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​។ រីឯ​កូនប្រុស​ពៅ​របស់​លោក គឺ​លោក ហ៊ុន ម៉ា​នី ក្រៅពី​មាន​តួនាទី​ជា​តំណាងរាស្ត្រ លោក​ក៏​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​យោធា​ដែរ​។ កូនប្រសារ​របស់ ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ជា​អគ្គស្នងការ​រងនគរបាល​ជាតិ​ ។

អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មិនអាចរកការសុំអត្ថាធិប្បាយបានទេ​នៅព្រឹក​ថ្ងៃទី២៤ ខែឧសភា ឆ្នំា២០១៨នេះ ជុំវិញការផ្សាយរបស់ RFA ខាងលើនេះ៕

 

Comments

comments