លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ថា លោក​មាន​បារមី​ខ្ពស់ ហើយ​ថា​អ្នក​ដែល​ជេរ​លោក អាច​ស្លាប់​តាយហោង​គ្មាន​ដី​កប់ ដូច​ប៉ុ​ល ពត និង​បាន​ប្រដូច​ករណី​រន្ទះបាញ់​សម្លាប់​មនុស្ស​នៅ​អា​រ៉ែ​ង​ថា​អាច​មក​ពី​ពួក​គេ​ជេរ​លោក ដោយសារ​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង​។

កាលពី​ស​ប្តា​ហ៍​មុន ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អា​រ៉ែ​ង ៥​នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ក្រោយ​ពី​មាន​បាតុភូត​ធម្មជាតិ​រន្ទះ បាន​កើតឡើង នៅ​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ខេត្តកោះកុង ខណៈ​ពួក​គេ​ប្រមូលផ្តុំ​គ្នា​ជួយ​សាងសង់​ផ្ទះ​ថ្មី​មួយ របស់​អ្នក​ភូមិ​នៅ​ទីនោះ ។

ប៉ុន្តែ​លោក ហ៊ុន សែន ក្នុង​ពិធី​ជួប​កម្មករ នៅ​ខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ពុធ​នេះ បាន​បន្ត​លើក​ឡើង​ថា អ្នក​ដែល​ជេរ​លោក​ខ្លាំង​ជាងគេ​គឺ ប៉ុ​ល ពត តែ​លោក​ថា​ទីបំផុត ប៉ុ​ល ពត ស្លាប់​គ្មាន​ដី​កប់​។

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា មានការ​សន្ទនា​តាម​ទូរ​សព្ទ ពាក់ព័ន្ធ​នឹង​រន្ទះបាញ់​សម្លាប់​មនុស្ស​នៅ​អា​រ៉ែ​ង ដោយ​អ្នក​សន្ទនា​ថា រន្ទះបាញ់​សម្លាប់​តែ​មនុស្ស​ល្អ មិន​សម្លាប់​មនុស្ស​អាក្រក់​។

មេដឹកនាំ​រូប​នេះ ប្រតិកម្ម​ថា អ្នក​ស្លាប់​ដោយ​រន្ទះបាញ់​នោះ ជា​សកម្មជន​បក្ស​ប្រឆាំង ហើយ​ថា អាច​មក​ពី​ពួក​គេ​ជេរ​លោក ទើប​មាន​បាបកម្ម​ពី​បាតុភូត​ធម្មជាតិ​បែប​នេះ ។

អ្នកគ្រូ​ទេ​ព្យ​ខ្ញុំ​សុំ​ផ្តាំ​ទៅ ខ្ញុំ​ស្លាប់​ឮ​ហើយ ការ​និយាយ​គ្នា​នោះ ថា​ម៉ិច​បាន​រន្ទះបាញ់ អ្នក​នៅ​អា​រ៉ែ​ង ព្រោះ​ហ្នឹង​ជា​សមាជិក​បក្ស​ប្រឆាំង​រន្ទះបាញ់ ។ ជួនកាល​រាសី​វា​មិន​ដល់ វា​អ​ញ្ចឹ​ង​ដែរ​ណាស់ ហ៊ឺ​ស​!​ជួនកាល​ជេរ​ៗ ហ៊ុន សែន ស្រាប់តែ​ភ្លូក​ឡាន​ងាប់​បាត់​ទៅ ជួនកាល​រន្ទះបាញ់​ទៅ ជួនកាល​ខ្សែភ្លើង​ឆក់ ជួនកាល​ភ្លើង​ឆេះ​ផ្ទះ​ទៅ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក ប៉ា ច័ន្ទ​រឿ​ន បង្ហាញ​ការ​ខកចិត្ត ទៅ​នឹង​ការ​លើក​ឡើង របស់​មេដឹកនាំ​រដ្ឋាភិបាល នេះ ដោយ​លោក​ថា មនុស្ស​ម្នាក់​ៗ កើតមក តែងតែ​ស្លាប់​ទៅ​វិញ គ្រាន់តែ​ថា​អ្នកខ្លះ​ស្លាប់​ដោយ​បាតុភូត​ធម្មជាតិ ខ្លះ​ស្លាប់​ដោយ​ជំងឺ និង​ខ្លះ​ទៀត​ស្លាប់​ដោយ​ប្រការ​ផ្សេង​ៗ​។ ប៉ុន្តែ​លោក​ថា ករណី​ស្លាប់​សកម្មជន​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង​ជា​រឿង​គួ​ឲ្យ​សោកស្តាយ​។

មនុស្ស​ស្លាប់​ទៅ​ហើយ​ទោះបី​គេ​ធ្វើ​ទ​ង្វើ​អ្វី​ក៏​ដោយ​គួរតែ​អហោសិកម្ម​ឲ្យ​គ្នា​ទៅ ហើយ​គួរតែ​មានចិត្ត​អាណិតអាសូ​ចំពោះ​ពួក​គាត់ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​គេ​។ យើង​មិន​គួរ​ប្រើ​ពាក្យ​អី​ដែល​វា​ប៉ះពាល់​ដល់​អារម្មណ៍ ឬ​ក៏​សេចក្តី​ថ្លៃថ្នូរ​ក៏​ដូច​ជា​តម្លៃ​នៃ​អាយុជីវិត​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ

លោក ប៉ា ច័ន្ទ​រឿ​ន អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម

ទោះជា​យ៉ាងណា​ក្នុង​ពិធី​នោះ មេដឹកនាំ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សំអាង​ថា គណបក្ស​នេះ​បាន​កសាង​ប្រទេស​ចេញពី​ចំណុចសូន្យ រហូត​មានការ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​និង​បាន​វាយបក​ថា បក្ស​ប្រឆាំង​ពេល​នេះ​បាន ក្លាយជា​សាកសព​កប់​ក្នុង​ដី​បាត់​ទៅ​ហើយ មិន​អាច​មក​ចូលរួម​បោះ​ឆ្នោត​បាន​ទៀត​ទេ ហើយ​ថា មាន​តែ​លោក​ម្នាក់​គត់ ដែល​អាច​ការពារ​សន្តិភាព​បាន​។

ប្រភព VOD

Comments

comments