យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់ និង​ជិត​៣០០​នាក់​ទៀតធ្លាក់ខ្លួន​ឈឺ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​ករណី​ពុល នៅ​ក្នុងភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពីដើម​ខែឧសភា​កន្លង​ទៅ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន បាន​ចេញ​នូវ សេចក្តី​ប្រកាស​ពី​លទ្ធផល​ស្រាវជ្រាវ ជុំវិញ​ករណី​ពុល​នេះ​ផ្សេង​ៗ​គ្នា ។

ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង បាន​អះអាង​ថា ការ​ស្លាប់​របស់​ពួក​គាត់​ព្រោះតែ​ការ​ផឹកស្រា​មាន«​​មេតា​ណុ​ល»​ខ្ពស់ ខណៈ​ក្នុង​ចំណោម​ជន​រង​គ្រោះ​នោះ មាន​ទាំង​ក្មេង​តូច​មិន​ទាន់​ដឹងក្តី និង​ចាស់​សុំ​សីល​ឈប់​ផឹកស្រា​ទៅ​ហើយ​ក៏​មាន​ដែរ ។

នៅ​ថ្ងៃទី​​៨ ខែ​ឧសភា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការពិសោធ​លើ​សំណាក​ស្រាស និង​ទឹក​ដែល​បាន​នាំ​មកពី​តំបន់​រងគ្រោះ​ខាងលើ​នេះ​ក្នុង​នោះ​ស្រាស​ត្រូវ​បាន​គេ​រកឃើញ​មាន​សារធាតុ «​មេតាណុល​» រីឯ​ទឹក​រកឃើញ​មាន​សារធាតុ «​ក្រូម និង​នីទ្រីត​» ​ដែល​សារធាតុ​គីមី​ទាំង​ ២ ​នេះ​មាន​នៅក្នុង​ថ្នាំ​បាញ់​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ ។

កាលពី​ថ្ងៃ​ទី ១៧ ឧសភា លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អះអាង​ថា ក្រៅពី​សារធាតុ​ទាំងនេះ ការ​រង​គ្រោះ​នេះ​ដោយសារ​តែ​ការ​ផឹកទឹក​អូរ ដែល​មាន​ជាតិ​«​ស្យា​នី​ត​»​ខ្ពស់​(Cyanide) ។ ជាតិ​ស្យា​នី​ត​នេះ​កើត​ចេញពី​ក្រុមហ៊ុន​រុករក​រ៉ែ​មាស ប្រើ​សម្រាប់​លាង​មាស ហើយ​ក៏​ហូរ​ចូល​ក្នុង​ទឹក​នាំ​ឲ្យ​ពុល​តែ​ម្តង ។

ក្រោយ​ការ​អះអាង​របស់​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ មិន​ទាន់​ទាំង​បាត់​សើម​មាត់​ផង ស្រាប់តែ​នៅ​ថ្ងៃ​ទី២២ ឧសភា លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​អ្នកគ្រប់គ្រង​លើ​អាជីវកម្ម​រ៉ែ​នោះ បាន​ចេញ​មក​ច្រានចោល​ភ្លាម​ៗ ហើយ​អះអាង​ថា ការ​ពុល​នោះ​មិនមែន​បណ្តាល​មក​ពី​សារធាតុ​ស្យា​នី​ត​ទេ គឺ​បណ្តាល​មក​ពី​«​ក្រូម និង​នី​ទ្រី​ត​» ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត ឬ​បាញ់​ស្មៅ​ឲ្យ​ងាប់​ទៅ​វិញ ។

បន្ទាប់​ពី​លោក ស៊ុ​យ សែ​ម អះអាង​បែប​នេះ គេ​សង្ស័យ​ថា ស្អែក ឬ​ខានស្អែក​ខាង​មុន​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អាច​នឹង​ចេញ​មក​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​ក៏​ថា​បាន ។

បើ​រដ្ឋមន្ត្រី​ចេញ​មក​អះអាង​ផ្ទុយ​គ្នា ជា​បន្តបន្ទាប់​បែប​នេះ តើ​ការ​ពិត​ជុំវិញ​ការ​ស្លាប់ និង​ការ​រង​គ្រោះ​ដោយសារ​ការ​ពុល​របស់​ពលរដ្ឋ​ក្នុង​ខេត្តក្រចេះ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ ?

តាម​រយៈ​កាសែត និង​គេហទំព័រ​ក្នុងស្រុក មើលឃើញ​ថា ការ​ចេញ​មក​អះអាង​របស់​រដ្ឋមន្ត្រី ដើម្បី​រៀបចំ​របាយការណ៍​ដាក់​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ជា​ការ​ព្យាយាម​ច្រាល​ចោល​បញ្ហា អាច​ថា គេច​ពី​ការ​ទទួលខុសត្រូវ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​តំណែង​របស់​ខ្លួន គ្រា​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​រៀបចំ​គណៈរដ្ឋមន្ត្រី​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ។

ប្រសិនបើ​មូលហេតុ​ពិត​រក​មិនឃើញ ហើយ​រដ្ឋមន្ត្រី​ចេះ​ច្រាន​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ យុត្តិធម៌​សម្រាប់​ជីវិត​ពលរដ្ឋ​ក្នុង​ខេត្តក្រចេះ នឹង​ស្លាប់​ទាំង​អសារ​បង់ ទាំង​អយុត្តិធម៌ ទាំង​មិនដឹង​ថា ពួក​គាត់​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះ​ឡើយ ?

យើង​ក៏​មិន​អាច​បន្ទោស​នរណា​បាន​ដែរ អ្វី​ដែល​គួរ​បន្ទោស​នោះ គឺ​ព្រហ្ម​លិខិត បាន​បង្កើត​ពលរដ្ឋ​រង​គ្រោះ​ទាំងនោះ​ឲ្យ​មក​រស់​ក្រោម​រដ្ឋមន្ត្រី​ដែល​ចេះ​តែ​គេច​បញ្ហា ហើយ​ចេះ​តែ​យក​ស្នាដៃ មិន​ចេះ​ដោះស្រាយ​បញ្ហា និង​មិន​ចេះ​ទទួលស្គាល់​បញ្ហា ។

បើ​អស់លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​តម្លៃ​ដល់​ជីវិត​របស់​ពលរដ្ឋ​ដែល​ស្លាប់​តែ​១៣​នាក់​តែ​បន្តិច ពួក​គាត់​នឹង​រួម​គ្នា​ស្វែងរក​បញ្ហា ដោះស្រាយ​បញ្ហា បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​ពេល​ក្រោយ ហើយ​ក៏​មិនមែន​ចេះ​បន្ទោស ទម្លាក់​កំហុស​ឲ្យ​គ្នា ហើយ​ដោះសារ​តាម​ទំព័រ​ព័ត៌មាន​បែប​នេះ​ឡើយ ។

យ៉ាងណា​ក៏​ដោយ បើ​ការ​អះអាង​ផ្ទុយ​គ្នា​បែប​នេះ កំពុង​បង្កើត​ជា​ចំ​ង​ល់​ដល់​មហាជន​ជា​ទូទៅ​ថា តើ​ករណី​ពុល​ស្លាប់​នៅ​ក្នុង​ខេត្តក្រចេះ​នេះ បណ្តាល​មក​ពី​អ្វី​ឲ្យ​ពិតប្រាកដ នោះ​ទេ ?

Comments

comments