លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្សកាន់អំណាច បន្ត​គំរាមកំហែង​ចំពោះ​អ្នក​ដែល​អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​។

ការ​ព្រមាន​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់ ខណៈ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ក្នុងស្រុក កុំឱ្យ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​ចាត់ទុកជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេ​ង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ ហើយ​លោក​ព្រមាន​ថា អ្នក​ដែល​ញុះញង់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត គឺ​ល្មើសច្បាប់ ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​៖ «​ការ​អំពាវនាវ​ឱ្យ​បងប្អូន មន្ត្រីរាជការ ប្រជាពលរដ្ឋ ទៅ​បោះ​ឆ្នោត គឺជា​រឿង​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​អំពាវនាវ ញុះញង់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ គឺជា​អំពើ​ល្មើស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត​»​។

លោក ស ខេ​ង ថ្លែង​ព្រមាន​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី នៃ​សាលាខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា នេះ​។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បាន​ព្រមាន​ម្ដង​រួច​មក​ហើយ​ដែរ​ថា ក្រសួង មហាផ្ទៃ នឹង​ប្ដឹង​អ្នក​ឃោសនា មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ជន​ទាំងនោះ​។ លោក​ថា មូលហេតុ ដែល​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​បែប​នេះ ព្រោះ​ក្រុម​អ្នក​ធ្វើ សកម្មភាព​នេះ​គឺ កំពុង​នៅ​ក្រៅប្រទេស​។

ប៉ុន្តែ ការ​ព្រមាន​បែប​នេះ ត្រូវ​បាន​អ្នក​ច្បាប់ និង​អ្នកធ្វើការ​ងារ ទាក់ទង​ការ​បោះ​ឆ្នោត យល់​ថា គឺជា​ការ​និយាយ​ហួស​ពី​ច្បាប់​ចែង​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក បានឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក​មិន​ព្រួយបារម្ភ​ចំពោះ​ការ​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារ​ការ​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នោះ​ទេ​។

លោក​ចាត់​ទុក​វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ ដែល​របប​លោក ហ៊ុន សែន ព្រមាន​នៅ​ពេល​នេះ គឺ​មិន​ខុស​គ្នា​ទៅ​និង​របប​ខ្មែរក្រហម​ឡើយ​៕

Comments

comments