រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រដ្ឋមន្ត្រី​បី​រូប បាន​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារ​តែ​លើក​ហេតុផល​ផ្សេង​ៗ​ពី​គ្នា ជុំវិញ​ករណី​ពុល​នៅ​ខេត្តក្រចេះ​នោះ នៅ​ទីបំផុត រដ្ឋមន្ត្រី​បី​រូប ដែល​រួម​មាន លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ ដើម្បី​បញ្ចប់​ច​ម្ង​ល់​របស់​សាធារណជន ។

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់ និង​ជិត​៣០០​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​ករណី​ពុល នៅ​ក្នុងភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពីដើម​ខែឧសភា​កន្លង​ទៅ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ បាន​បង្ហាញ​ហេតុផល​តែ​មួយ ជុំវិញ​ករណី​ពុល​នេះ​ថា «​ការ​ពុល​នេះ បណ្តាល​មក​ពី​ស្រាស ដែល​មាន​លក់ ឬ​ផលិត​នៅ​ក្នុង​មូលដ្ឋាន ហើយ​ដែល​មាន​សារធាតុ​មេតា​ណុ​ល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេរ និង​អូរ​គគី មាន​សារធាតុ​គីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។ ក្រសួង​ទាំង​បី នឹង​បន្ត​សហការ​គ្នា ដើម្បី​បង្ការ ទប់ស្កាត់ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើតឡើង​ជាយថាហេតុ​» ។

សូម​រម្លឹក​ឡើង​វិញ​ថា ភ្លាម​ៗ​ក្រោយ​ពេល​កើតហេតុ​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង បាន​អះអាង​ថា ការ​ស្លាប់​របស់​ពួក​គាត់​ព្រោះតែ​ការ​ផឹកស្រា​មាន​«​មេតា​ណុ​ល​»​ខ្ពស់ ខណៈ​ក្នុង​ចំណោម​ជន​រង​គ្រោះ​នោះ មាន​ទាំង​ក្មេង​តូច​មិន​ទាន់​ដឹងក្តី និង​ចាស់​សុំ​សីល​ឈប់​ផឹកស្រា​ទៅ​ហើយ​ក៏​មាន​ដែរ ។

នៅ​ថ្ងៃ​ទី​៨ ខែឧសភា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង បាន​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ពិសោធ​លើ​សំណាក​ស្រាស និង​ទឹក​ដែល​បាន​នាំ​មក​ពី​តំបន់​រង​គ្រោះ​ខាងលើ​នេះ​ក្នុង​នោះ​ស្រាស​ត្រូវ​បាន​គេ​រក​ឃើញ​មាន​សារធាតុ «​មេតា​ណុ​ល​» រីឯ​ទឹក​រក​ឃើញ​មាន​សារធាតុ «​ក្រូម និង​នី​ទ្រី​ត​» ដែល​សារធាតុ​គីមី​ទាំង ២ នេះ​មាននៅ​ក្នុង​ថ្នាំ​បាញ់​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត ។

កាលពី​ថ្ងៃ​ទី ១៧ ឧសភា លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អះអាង​ថា ក្រៅពី​សារធាតុ​ទាំងនេះ ការ​រង​គ្រោះ​នេះ​ដោយសារ​តែ​ការ​ផឹកទឹក​អូរ ដែល​មាន​ជាតិ​«​ស្យា​នី​ត​»​ខ្ពស់​(Cyanide) ។ ជាតិ​ស្យា​នី​ត​នេះ​កើត​ចេញពី​ក្រុមហ៊ុន​រុករក​រ៉ែ​មាស ប្រើ​សម្រាប់​លាង​មាស ហើយ​ក៏​ហូរ​ចូល​ក្នុង​ទឹក​នាំ​ឲ្យ​ពុល​តែ​ម្តង ។

ក្រោយ​ការ​អះអាង​របស់​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ មិន​ទាន់​ទាំង​បាត់​សើម​មាត់​ផង ស្រាប់តែ​នៅ​ថ្ងៃ​ទី​២២ ឧសភា លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​អ្នកគ្រប់គ្រង​លើ​អាជីវកម្ម​រ៉ែ​នោះ បាន​ចេញ​មក​ច្រានចោល​ភ្លាម​ៗ ហើយ​អះអាង​ថា ការ​ពុល​នោះ​មិនមែន​បណ្តាល​មក​ពី​សារធាតុ​ស្យា​នី​ត​ទេ គឺ​បណ្តាល​មក​ពី​«​ក្រូម និង​នី​ទ្រី​ត​» ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត ឬ​បាញ់​ស្មៅ​ឲ្យ​ងាប់​ទៅ​វិញ ។

បន្ទាប់​ពី​លោក ស៊ុ​យ សែ​ម អះអាង​បែប​នេះ គេ​សង្ស័យ​ថា ស្អែក ឬ​ខានស្អែក​ខាង​មុន​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អាច​នឹង​ចេញ​មកសេចក្តី​ប្រកាស​ព័ត៌មាន ជុំវិញ​ករណីពុល​បណ្តាល​មក​ពី​«​ក្រូម និង​នី​ទ្រី​ត​» ក្នុងថ្នាំ​បាញ់​សម្លាប់​សត្វល្អិតឬ​បាញ់​ស្មៅ​នោះ​ ក៏​ថា​បាន ៕

Comments

comments