មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា រយៈពេល​ជាង​២០​ថ្ងៃ​កន្លង​ទៅ​នេះ​ឈ្មួញ​ជា​ច្រើន​នាក់​កំពុង​សម្រុក​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រក​ផ្សេង​ៗ​ទៀត​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ទៅ​តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ​។

ប្រភព​ពី​មន្ត្រី​សាលាខេត្ត​មណ្ឌលគិរី មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គឺជា​ខ្នងបង្អែក​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​ទៅ​ស្រុក​យួន​ហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ហើយ​ទើប​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ក្រុម​ឈ្មួញ​ដែល​បង្កើន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូរ​រាំង យ៉ាង​គគ្រឹកគគ្រេង​ជា​ពិសេស​នៅ​ពេល​យប់​។

ប្រភព​ពី​មន្ត្រី​សាលាខេត្ត​មណ្ឌលគិរី មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​សាច់ញាតិ​របស់​លោក ស្វាយ សំ​អ៊ា​ង គឺជា​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ផង​ដែរ ហេតុនេះ​ហើយ​ទើប​លោក ស្វាយ សំ​អ៊ា​ង មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្រប​ទៅ​តាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី មិន​ហ៊ាន​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ នោះ​ទេ​ព្រោះ​ក្នុង​ចំណោម​ឈ្មួញ​ទាំងនោះ​គឺ​មាន​សាច់ញាតិ​របស់​លោក ស្វាយ សំ​អ៊ា​ង ជា​អភិបាលខេត្ត ដែល​កំពុង​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​។ ជាង​នេះ​ទៅ​ទៀត​គឺ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ា​ប់ ហៅ​ក្របី និង​ឈ្មួញ​ដែល​ជា​សាច់ញាតិ​របស់​លោក ស្វាយ សំ​អ៊ា​ង ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង ហើយ​ពួក​គេ​ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​តំណម ក្នុង​មូលដ្ឋាន​ពួក​គាត់​កំពុង​រង​ការ​បំផ្លាញ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ទន្ទឹម​នឹង​នេះ​លោក យូ សុធា មេ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំ ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ យ៉ាង​រលូន​ហើយ​ការ​ដែល​លោក យូ សុធា ហ៊ាន​ធ្វើ​អ្វី​ៗ​តាម​អំពើ​ចិត្ត​គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ផង​ដែរ​។ និយាយ​ជា​រួម​ករណី​ឈ្មួញ​សម្រុក​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ ជាដើម​គឺ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​មើល​រំលង​បញ្ហា​ខាងលើ​នេះ​ទៀត​ឡើយ ក្នុង​ខណៈ​ដែល​ព្រៃឈើ​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​តែ​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

ប្រភព Moneaksekar

 

 

 

Comments

comments