រាជធានី​ភ្នំពេញ ៖ មុន​ចាប់ផ្តើម​កិច្ចប្រជុំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តីបន្ទោស​ធ្ងន់​ៗ​ដល់​រដ្ឋមន្ត្រី ៣​រូប ដែល​បាន​ឆ្លើយ​ដាក់​គ្នា ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ពុល​នៅ​ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពីដើម​ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ ។

ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា បាន​ចាត់​ទុក​ការ​ព្យាយាម​សាចទឹក​ដាក់​គ្នា​របស់​រដ្ឋមន្ត្រី​ទាំង​៣​រូប រួម​មាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង​, រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុ​យ សែ​ម និង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺជា​ការ​ខ្វះ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ហេតុការណ៍​នេះ ហើយ​ព្រមាន​ដក​រដ្ឋមន្ត្រី​ណា​ដែល​រំលោភ​បំពាន​អំណាច និង​មិន​គោរព​ឋា​នុ​ក្រម ។

ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ទាំង​មិន​សប្បាយចិត្ត យ៉ាង​ដូច្នេះ​ថា​៖ «​រដ្ឋមន្ត្រី​ខ្លួនឯង បាន​បំពុល​ព័ត៌មាន​ទាក់ទង​នឹង​ការ​ពុល​នៅ​ខេត្តក្រចេះ ហើយ​បាន​បង្កើត​ទៅ​ជា​បញ្ហា ។ យើង​ប្រគល់​ភារកិច្ច​នេះ ឲ្យ​ក្រសួងសុខាភិបាល ធ្វើការ​តាំងពី​ដើម​ទី និង​ផ្សព្វផ្សាយ​រួច​ហើយ ហេតុ​អ្វី​ចាំបាច់​មានការ​អត្ថាធិប្បាយ​បញ្ហា​នេះ​បញ្ហា​នោះ​បន្ថែម​ទៀត ដែល​បង្កើត​ទៅ​ជា​ជម្លោះ​រវាង​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី ។ ខ្ញុំ​សូម​និយាយ​ត្រង់​ៗ ខ្ញុំ​មានការ​ធុញទ្រាន់ ហើយ​ស្ទើ​តែ​ទ្រាំ​មិន​បាន ហើយ​ស្ទើរតែ​សុខចិត្ត​បណ្តេញចេញ​ថ្នាក់​រដ្ឋមន្ត្រី​មួយ​ចំនួន ដែល​ខ្វះ​ការ​ទទួលខុសត្រូវ ក្នុង​ការ​និយាយ​ស្តី​» ។

រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួង​ទាំង​បី បាន​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារ​តែ​លើក​ហេតុផល​ផ្សេង​ៗ​ពី​គ្នា ជុំវិញ​ករណី​ខាងលើ ។ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា រដ្ឋមន្ត្រី​ទាំង​បី ក៏​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ ដើម្បី​បញ្ចប់​ច​ម្ង​ល់​របស់​សាធារណជន ។

សូម​រម្លឹក​ថា ករណី​ពុល​នេះ កើតឡើង​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ដោយ​អ្នក​ភូមិ​ជា​ច្រើន មាន​រោគ​សញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើម ។ រហូត​ដល់​ថ្ងៃ​ទី​៧ ខែឧសភា ករណី​ពុល​នេះ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់ និង​ជិត​៣០០​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។ ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ស្ដី​ពី​ករណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក​នៅ​ខេត្តក្រចេះ ដោយ​រក​ឃើញ​ថា សំណាក​ស្រា​ដែល​ត្រូវ​បាន​ពិសោធ មាន​ផ្ទុក​ជាតិ​មេតា​ណុ​ល​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពុល ៕

Comments

comments