មន្ត្រី​ស​ង្ឈ​ជាន់ខ្ពស់​ចំនួន ៣ ព្រះ​អង្គ​នៃ​គណៈមហានិកាយ​ត្រូវ​បាន​ប្រកាស​តែងតាំង​គោរមងារ​កិត្តិយស​ជា «​សម្ដេច​» បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​ព្រះសង្ឃ​នៅ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​។

សម្តេចព្រះ​កិត្តិយស​ទាំង ៣ អង្គ​ដែល​ត្រូវ​បាន​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែឧសភា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​វត្ត​បទុម​វ​តី​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេចព្រះ​សង្ឃនាយក សម្តេច​ព្រះសង្ឃ​នាយករង ព្រះ​អនុគណ​ក្នុង​រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ពិសេស​លោកនាយក​រដ្ឋមន្ត្រី និង​ភរិយា​របស់​លោក​គឺ​លោកស្រី ប៊ុ​ន រ៉ា​នី​។

មន្ត្រី​សង្ឃ​ដែល​ត្រូវ​បាន​តែងតាំង​រួម​មាន ព្រះ​តេជគុណ ជា សំអាង ព្រះ​មេគណ​ខេត្តកណ្តាល​ត្រូវ​តែងតាំង​ជា «​សម្តេចព្រះ​ឧត្តម​មុនី ជា សំអាង​»​។ ព្រះ​តេជគុណ ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ​ត្រូវ​ទទួល​គោរមងារ​ជា «​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន​» ខណៈ​ព្រះ​តេជគុណ រ័​ត្ន សា​រឿ​ន ព្រះ​អនុគណ​ខណ្ឌ​សែន​សុខ​ទទួល​បាន​គោរមងារ​ជា «​សម្តេចព្រះ​សក្យមុនី រ័​ត្ន សា​រឿ​ន​»​។

នៅ​ក្នុង​ពិធី​នោះ​លោក ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ​ព្រះសង្ឃ​ទាំង ៣ អង្គ​ដែល​ត្រូវ​បាន​ទទួល​ព្រះ​គោរមងារ​ជា «​សម្តេច​» នា​ពេល​នេះ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ព្រះ​អង្គ​ក្នុង​សកម្មភាព​ព្រះពុទ្ធ​សាសនា​កន្លង​មក​។

លោក​ថ្លែង​ថា​៖ «​នេះ​ក៏​បាន​សង្កេត​ឃើញ​ពី​តួនាទី​របស់​ព្រះ​អង្គ​…​ព្រះ​អង្គ​បាន​បំពេញ​តួនាទី​ដ៏​ល្អ​ប្រសើរ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​សមរម្យ​ដើម្បី​ថ្វាយ តាម​រយៈ​សំណើសុំ​ព្រះរាជក្រឹត្យ​សម្រាប់​តែងតាំង​ជាស​ម្ដេច​។ នេះ​រឿង​សំខាន់​ទាក់ទិន​នឹង​គុណសម្បត្តិ​ដែល​ត្រូវ​ផ្តល់​តួនាទី​សម្រាប់​គោរមងារ​ជាស​ម្ដេច​»​។

លោក ហ៊ឹ​ម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ថ្លែង​ក្នុង​ពិធី​កាលពី​ម្សិលមិញ​ថា មក​ទល់​បច្ចុប្បន្ន​នេះ​នៅ​ទូ​ទាំង​ប្រទេស​មាន​វត្ត​សរុប​ទាំងអស់​ចំនួន ៤៩២៥ វត្ត និង​មាន​ព្រះសង្ឃ​សរុប​ចំនួន ៦៦០៥៦ អង្គ​ក្នុង​នោះ​គណមហានិកាយ​មាន​វត្ត ៤៧០០ វត្តមាន​ព្រះសង្ឃ ៦២១៥៦ អង្គ គណធម្មយុត្តិកនិកាយ​មាន​វត្ត ២២៥ វត្ត​មានព្រះអង្គ ៣៩០០ អង្គ​។

លោក​ថា​៖ «​ក្រោយ​ពី​រស់រាន​មានជីវិត​ឡើង​វិញ​ក្នុង​ដំណាក់កាល​តែ​មួយ​គឺ​នៅ​ថ្ងៃ ៧ មក​រា​ឆ្នាំ ១៩៧៩ តាម​រយៈ​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្ដេច [​ហ៊ុន សែន​] នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ខិតខំ​យក​កម្លាំងកាយ កម្លាំងចិត្ត​ប្រាជ្ញា ស្មារតី​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ ជា​ពិសេស​ធ្វើ​ឲ្យ​សាសនា​ទាំងអស់​នៅ​កម្ពុជា​មានការ​បោះ​ជំហាន​ទៅ​មុខជា​លំដាប់​ក្នុង​នោះ​វិស័យ​ព្រះពុទ្ធ​សាសនា​មានកា​រវិ​វត្ត​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​»​។

កាលពី​ខែធ្នូ​ឆ្នាំ​មុន​ក្នុង​ពិធី​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី ២៦ សម្ដេចព្រះសង្ឃរាជ ទេព វង្ស បាន​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​នៅ​ទូ​ទាំង​ប្រទេស ចូលរួម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​ព្រះ​អង្គ​ធ្លាប់​បាន​អំពាវនាវ​កាលពីមុន​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ កុំ​ឲ្យ​ព្រះសង្ឃ​ទៅ​បោះ​ឆ្នោត ឬ​ចូលរួម​ក្នុង​សកម្មភាព​ការ​បោះ​ឆ្នោត​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​ការ​ហាមឃាត់ និង​ចង់​ឲ្យ​មានច្បាប់​ហាម​ព្រះសង្ឃ​ទៅ​បោះ​ឆ្នោត​។

ព្រះ​តេជគុណ បូរ បេ​ត សមាជិក​ជាន់ខ្ពស់​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ដែល​សកម្ម​ក្នុង​ការ​ជួយ​ការងារ​សង្គម និង​បរិស្ថាន​មាន​សង្ឃដីកា​ថា បច្ចុប្បន្ន​សីលធម៌​សង្គម​បាន​ធ្លាក់​ចុះ​ហើយ​ព្រះសង្ឃ គួរតែ​ចូលរួម​ចំណែក​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ស្តារ​សីលធម៌​សង្គម​ដែល​កំពុង​ធ្លាក់​ចុះ​នេះ​។

ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា​៖ «​ព្រះសង្ឃ​យើង​ត្រូវ​តែ​នាំ​គ្នា​ចូលរួម​អប់រំ​សង្គម ព្រោះ​អី​សង្គម​មួយ​នេះ​ដូច​បច្ចុប្បន្ន​មើលទៅ​គឺ​ធ្លាក់​ចុះ​សីលធម៌ ធ្លាក់​ចុះ​ទាំង​ការ​ឲ្យ​តម្លៃ​គ្នា​ជា​មនុស្ស​ខ្សោយ​មែនទែន​។ …​គួរតែ​នាំ​គ្នា​លើក​នូវ​គុណ​តម្លៃ​ព្រះពុទ្ធ​សាសនា ជា​ពិសេស​អប់រំ​ប្រជាជន​ឲ្យ​គាត់​ចូលរួម​ក្នុង​ការ​ការពារ​ព្រៃឈើ​ការពារ​ធនធានធម្មជាតិ វប្បធម៌ ប្រពៃណី​សង្គម​ជាតិ​យើង​នេះ​ឲ្យ​បាន​ប្រសើរ​»​។

ព្រះ​អង្គ​ក៏​បាន​លើក​ឡើង​ដែរ​ថា​បុគ្គល​ដែល​ស្និទ្ធ​នឹង​គណបក្សកាន់អំណាច​តែងតែ​ទទួល​បាន​នូវ​តំណែង​មុខងារ​។ «​យើង​ដឹង​ស្រាប់​ហើយ យើង​ឃើញ​ថា​ឲ្យ​តែ​ព្រះសង្ឃ​ណា​ដែល​កៀក​ជាមួយនឹង​រដ្ឋាភិបាល​…​សេពគប់​រដ្ឋាភិបាល​បាន​តួនាទី​បាន​ឋានៈ​បាន​បុណ្យស័ក្តិ​មាន​ឡាន មានអី​ជិះ តែ​ដូច​ក្រុម​អាត្មា អ្នកតស៊ូ​បញ្ចេញមតិ តស៊ូ​ការពារ​ព្រៃឈើ​…​ក្រុម​អាត្មា​អត់​ឃើញ​មានអី​ទេ មាន​តែ​គេ​ឲ្យ​ទោស​»៕

ប្រភព P Post

 

Comments

comments