លោកនាយក​រដ្ឋមន្ត្រី ព្រមាន​ដក​តំណែង​លោក ចម ប្រសិទ្ធ បើ​រក​ឃើញ​ថា រដ្ឋមន្ត្រី​រូប​នេះ​ពិតជា​បាន​រំលោភ​ឋា​នា​នុ​ក្រម ជុំវិញ​ការ​និយាយ​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស ជាប់​ពាក់ព័ន្ធ​នឹង​ធ្វើ​ឲ្យ​ទឹក​ព្រែក​ទេរ ខេត្តក្រចេះ មាន​ជាតិពុល សម្លាប់​អ្នក​ភូមិ ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃនេះ បាន​ស្តីបន្ទោស​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ថា​មិន​គោរព​ថា​នា​នុ​ក្រម ដោយ​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មុន​របាយការណ៍​ទៅ​ដល់​ដៃ​លោក ។

លោក ចម ប្រសិទ្ធិ កាលពី​ថ្ងៃ​ទី​១៧​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ទឹក​ក្នុង​ព្រែក​ទេរ មាន​សារធាតុពុល​ម្យ៉ាង​ឈ្មោះ​ស្យា​នី​ដ មាន​ប្រភព​ចេញពី​ក្រុមហ៊ុន​រុករក​រ៉ែ​មាស ហើយ​ថា​ករណី​នេះ​លោក​បាន​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​ចាត់វិធានការ​។

ប៉ុន្តែ​លោក ហ៊ុន សែន ស្តីបន្ទោស លោក ចម ប្រសិទ្ធ ថា ការ​និយាយ​បែប​នេះ ហាក់​បាន​សាចទឹក​ដាក់​ក្រសួង​សុខាភិបាល ដែល​រក​ឃើញ​ថា ករណី​នៅ​ខេត្តក្រចេះ ជន​រង​គ្រោះ​បាន​ផឹក​ស្រាស មាន​ជាតិ​មេតា​ណុ​ល​ខ្ពស់​បណ្តាល​ឲ្យ​ពុល និង​ផឹកទឹក​ព្រែក មាន​ជាតិ​គីមី​ពុល​សម្លាប់​ស្មៅ និង​សត្វល្អិត​។

មេដឹកនាំ​រូប​នេះ​បន្ត​ថា​ការ​និយាយ​របស់​លោក ចម ប្រសិទ្ធ គ្មាន​ការ​ទទួលខុសត្រូវ និង​ថា​មិន​គោរព​ថា​នា​នុ​ក្រម​។

«ខ្ញុំ​មាន​សិទ្ធិ​នឹង​ដេញ​ចេញ នៅ​ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​ណាមួយ រំលោភ​បំពាន​អំណាច ហើយ​មិន​គោរព​សេនា​នុ​ក្រម​។ ហើយ​និយាយ​ពី​របៀប​ធ្វើការ​ទៀត​សោត បើ​របាយការណ៍​នោះ​មិន​ទាន់​ដល់​ដៃ​នាយក​រដ្ឋមន្ត្រី​ហើយ​ក៏​មិន​ទាន់​ទទួល​បានការ​អនុញ្ញាត​ថា​ជា​ចាំបាច់​គឺ​…​ឥឡូវ​និ​យា​អ​ញ្ចេះ តើ​ចំ​បាច់​រាយការណ៍​ឲ្យ​ខ្ញុំ​ធ្វើ​ស្អី បើ​ខ្ញុំ​មើល​ព័ត៌មាន​ហើយ​ហ្នឹង អ​ញ្ចឹ​ង​ចាំបាច់​មើល​ធ្វើ​ស្អី បើ​អស់លោក​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​រួម​ហើយហ្នឹង។»

ទោះជា​យ៉ាងណា​លោក ហ៊ុន សែន ប្រតិកម្ម​បែប​ដាក់​ជា​សំនួ​រថា នៅ​ពេល​នេះ​អស់​ខ្មាំង​វាយ​ហើយ តែ​អស់លោក​ចង់វាយ​គ្នា​ឯង​ឬ​យ៉ាងម៉េច ? ៕

Comments

comments