ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​សរុប​៧៥​នាក់ បាន​ពុល បន្ទាប់​ពី​ពួក​គេ​បាន​ទទួលទាន​នំប៉័ង ។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​នៅ​លើ​ទឹកដី​សត្វ​ផ្សោត​ទឹកសាប​ដ៍​ល្បីឈ្មោះ​នៅ​ក្នុង​តំបន់ និង ពិភពលោក ។

បើ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​មាន​អាកា​រៈ​ក្អួតចង្អោរ អស់កម្លាំង រាគ​រូស និង​ឈឺពោះ បន្ទាប់​ពី​ពួក​គេ​ទទួលទាន​អាហារ​នេះ បាន​កើតឡើង​នៅ​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​ទ្រាំង ឃុំ​ចង្ក្រង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

តួលេខ​ខាងលើ ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​និង​ជំនាញ​អះអាង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ។

នៅ​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​និង​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​៧៥​នាក់​ពុល​ខាងលើ​នេះ ។

កាលពីដើម​ខែឧសភា​កន្លង​មកនេះ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១៣​នាក់ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​បាន​ស្លាប់ និង​ជិត​៣០០​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​ករណី​ពុល នៅ​ក្នុងភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហាញ​ហេតុផល​តែ​មួយ ជុំវិញ​ករណី​ពុល​នៅ​ឃុំ​ក​ន្តួ​ត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ថា «​ការ​ពុល​នេះ បណ្តាល​មក​ពី​ស្រាស ដែល​មាន​លក់ ឬ​ផលិត​នៅ​ក្នុង​មូលដ្ឋាន ហើយ​ដែល​មាន​សារធាតុ​មេតា​ណុ​ល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេរ និង​អូរ​គគី មាន​សារធាតុ​គីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។ ក្រសួង​ទាំង​បី នឹង​បន្ត​សហការ​គ្នា ដើម្បី​បង្ការ ទប់ស្កាត់ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើតឡើង​ជាយថាហេតុ​» ។

ចាំ​មើល​ការ​ពុល​នៅ​ថ្ងៃ​ទី​២៥ ឧសភា តើ​មន្ត្រី​ជំនាញ​អះអាង​ថា​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ ៕

Comments

comments